TNAOT News

· 11-05

មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទទ្រមូង ឱ្យរឹងមាំឡើងវិញ

#ប្រាសាទទ្រមូង# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #អាជ្ញាធរជាតិអប្សរា#

3385

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគម្រោងជួសជុលប្រាសាទទ្រមូងឱ្យរឹងមាំឡើងវិញ។ ដែលប្រាសាទនេះធ្លាប់ជាមន្ទីរពេទ្យបុរាណមួយក្នុងចំណោមមន្ទីរពេទ្យបុរាណចំនួន៤ របស់អតីតក្រុងអង្គរធំ មានទីតាំងស្ថិតនៅខាងលិចនៃខ្លោងទ្វារតាកាវ ក្រុងអង្គរធំ។

បើតាមបុរាណវិទូ និងជាប្រធានការងារការដ្ឋាន លោក ជា សារិទ្ធ បានឱ្យដឹងថា ប្រាសាទទ្រមូង រងការខូចខាតខ្លាំងនៅត្រង់តួប៉មកណ្តាល ដោយមានការដួលរលំស្ទើរទាំងស្រុង គឺនៅសល់ទ្រង់ទ្រាយដើមប្រហែល ២០-៣០ភាគរយប៉ុណ្ណោះ។ ចំណែកថ្មចាប់ពីជញ្ជាំងរហូតទៅដល់ផ្នែកដំបូលវិញ បានរលំ និងធ្លាក់ចុះមកលើដីទាំងស្រុង ដោយនៅសេសសល់ តែស៊ុមទ្វារផ្នែកខាងមុខ ខឿនផ្នែកខាងត្បូង និងផ្នែកខាងកើត។

ចំណែករចនាសម្ពន្ធផ្នែកខាងលិច និងខាងជើងក៏បាត់ថ្មអស់ប្រហែល៥០ភាគរយដែរ។ ដោយសារតែប្រាសាទទ្រមូង រងការខូចខាតធ្ងន់ធ្ងរ ទើបបច្ចុប្បន្នក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុល ថែទាំឡើងវិញទៅតាមដំណាក់កាល។ ដំណាក់កាលទី១ គឺក្រុមការងារចាប់ផ្ដើមធ្វើសម្រង់ប្លង់បច្ចុប្បន្នរបស់ប្រាសាទ, វិភាគវិនិច្ឆ័យលក្ខណៈរបស់សំណង់ និងការខូចខាត ដើម្បីឈានដល់ការជួសជុល។ ចំណែកដំណាក់កាលទី២ គឺធ្វើការចុះបញ្ជីថ្មដែលកំពុងរាយប៉ាយ ដើម្បីកំណត់មុខងារ និងទីតាំងរបស់ថ្ម។ លោក ជា សារិទ្ធ បានបញ្ជាក់ថា តាមការចុះបញ្ជីកន្លងមក អាចឱ្យដឹងថា ថ្មដែលនៅរាយប៉ាយលើដី នាផ្នែកខាងលិចនៃប្រាសាទ គឺមានចំនួនរហូតទៅដល់៥០០ដុំ ផ្នែកខាងជើងមានចំនួន៦០០ដុំ។ ថ្មទាំងនោះ បានកំណត់អត្តសញ្ញាណរួចហើយមានដូចជា ថ្មដំបូល ថ្មជញ្ជាំង ថ្មខឿន ផ្តែរ សសរពេជ្រ និងទ្វារបញ្ឆោតរបស់ប្រាសាទជាដើម។

បច្ចុប្បន្ន ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាសាទទ្រមូងនេះ ដោយចាប់ផ្ដើមពីដំណាក់កាលនៃការពង្រឹងខឿន គ្រឹះរបស់តួប៉មកណ្តាល៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស