Cambo-China

· 11-12

កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយនឹងសហគមន៏អន្តរជាតិ ដើម្បីសម្រេចបាននូវគោលដៅ របស់មជ្ឈមណ្ឌលកោងកាងអន្តរជាតិ

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

3046

រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ឯកឧត្តម សាន វណ្ណទី បានចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលកោងកាងអន្តរជាតិ (Signing Ceremony for the Establishment Agreement of the International Mangrove Centre) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Shenzhen សាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយរដ្ឋបាលព្រៃឈើ និងវាលស្មៅ និងរដ្ឋបាលក្រុង Shenzhen សាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីព្រឹកថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សាន វណ្ណទី បានលើកឡើងពីយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព ដោយភាពបៃតង ក្រសួងបរិស្ថាន បានផ្តួចផ្តើមយុទ្ធនាការដាំកូនឈើយ៉ាងតិចឱ្យបាន១លានដើមក្នុង១ឆ្នាំ ហើយយើងទទួលបានជោគជ័យតាមរយៈពិព័រណ៌ពន្លកបៃតង ដោយបានចែកកូនឈើ១លាន៣សែន ដើមដល់សាធារណជន។ លើសពីនេះ តាមរយៈភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រសួងបានរួមចំណែកក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកក្នុងសមុទ្រដែលនេះគឺជាបញ្ហាបរិស្ថានចម្បងមួយរបស់សកលលោក។ ឯកឧត្តម ក៏បានលើកឡើងថា ក្រសួងបរិស្ថាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយនឹងសហគមន៏អន្តរជាតិ ដើម្បីសម្រេចបាននូវគោលដៅរបស់មជ្ឈមណ្ឌលកោងកាងអន្តរជាតិនេះ។គួរបញ្ជាក់ផងដែរថា ព្រៃកោងកាង គឺមានអត្ថប្រយោជន៍ដើម្បីការពារព្យុះរលក រក្សាភាពសម្បូរបែបនៃជីវៈចម្រុះ ជាអាងស្តុកកាបូន និងផ្តល់ជាធនធានធម្មជាតិជាច្រើនសម្រាប់គាំទ្រដល់ជីវភាពសហគមន៏មូលដ្ឋាន។ ប្រទេសកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បានយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សព្រៃកោងកាង និងការប្រើប្រាស់តំបន់ព្រៃកោងកាងប្រកបដោយចីរភាព ដោយបានដាក់តំបន់ដែលមានអេកូឡូស៊ីព្រៃកោងកាងសំខាន់ៗជាតំបន់ការពារធម្មជាតិ រួមមាន តំបន់រ៉ាមសារកោះកាពិ ឧទ្យានជាតិបទុមសាគរ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ឧទ្យានជាតិសមុទ្រកោះរ៉ុង និងឧទ្យានជាតិសមុទ្ររាម។មជ្ឈមណ្ឌលកោងកាងអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុង Shenzhen នឹងជាយន្តការ និងវេទិកាដ៏សំខាន់មួយក្នុងការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិក្នុងការអភិរក្សព្រៃកោងកាង លើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមក្នុងការរក្សាប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ដែលជាផ្នែកមួយនៃកាបូនខៀវ ជំរុញការដាំស្តារ និងពង្រីកគម្របបៃតងនៃព្រៃកោងកាង រួមចំណែកក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមកសាងភពផែនដី ដែលមនុស្ស រស់នៅជាមួយនឹងធម្មជាតិប្រកបដោយសុខុមាលភាព៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)