TNAOT News
· 11-29
មន្ទីរធម្មការខេត្តត្បូងឃ្មុំ បំភ្លឺពាក់ព័ន្ធនឹងករណីភិក្ខុសង្ឃ វត្តគិរីទក្ខិណារាម ប្រើអំពើហិង្សាលើ សាមណេរមួយអង្គ
#មន្ទីរធម្មការខេត្តត្បូងឃ្មុំ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
2598
មន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងភិក្ខុសង្ឃមួយអង្គបានប្រើប្រាស់អំពើហិង្សាលើសាមណេរ ដែលគង់នៅវត្តគិរីទក្ខិណារាម ហៅ “វត្តក្បាលបឹងសេះ” កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រោយពីទទួលបានព័ត៌មានភ្លាម មន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានសហការជាមួយ ព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកត្បូងឃ្មុំ ចុះស្រាវជ្រាវនិងស៊ើបអង្កេតដោយរកឃើញថា ភិក្ខុសង្ឃព្រះនាម យាន ធាវី ពិតជាបានប្រើប្រាស់អំពើហិង្សាលើសាមណេរនាម ប៉ាវ សីហា ពិតប្រាកដមែន ហើយមូលហេតុដែលភិក្ខុសង្ឃធ្វើបែបនេះគឺគ្រាន់តែចង់អប់រំទូន្មានតែប៉ុណ្ណោះ មិនបង្កអ្វីធ្ងន់ធ្ងរឡើយ។
ក្នុងនោះព្រះចៅអធិការវត្តគិរីទក្ខិណារាម មានព្រះនាម ស៊ុម ភក្តី បានបញ្ជាក់ថា ការប្រើប្រាស់អំពើហិង្សានេះគឺ គ្រាន់តែចង់អប់រំទូន្មានតែប៉ុណ្ណោះ ដូច្នេះអាត្មាភាព ស្នើសុំបិណ្ឌបាត ដល់ម្ចាស់គណនីហ្វេសបុកឈ្មោះ “ឌីជេខេអេច” និងញាតិញោមអ្នកសារព័ត៌មាន ព្រមទាំងសាធារណជន សូមមេត្តា លុបវីដេអូចេញពីគណនី និងសូមបញ្ឈប់ចែករំលែក ឬបញ្ចេញមតិបន្តទៀត។ ចំណែកភិក្ខុសង្ឃយាន ធាវី បានបំភ្លឺចំពោះសកម្មភាពរបស់ព្រះអង្គ និងបានសុំអភ័យទោស និងសុំទោស ដល់ព្រះមន្ត្រីសង្ឃ ព្រមទាំងញាតិញោមសាធារណជនទាំងអស់ ហើយបានសន្យាថា ចាប់ពីពេលនេះទៅ ឈប់អប់រំភិក្ខុសាមណេតាមរយៈការធ្វើអំពើហិង្សាទៀតហើយ។ ចំពោះមតិក្នុងបណ្ដាញសង្គមដែលលើកឡើងថា ឆាន់ស្រាហើយទៅវាយលោកនោះ មិនពិតនោះទេ បើមានករណីនេះមែន អាត្មាភាព សូមទទួលខុសត្រូវចំពោះមុខច្បាប់។
ជាមួយគ្នានេះសាមណេរ ប៉ាវ សីហា ក៏បានបញ្ជាក់ដែរថា ក្នុងករណីនេះ អាត្មាភាពក៏មានចំណុចខុសឆ្គងដែរ។ ដូច្នេះអាត្មាភាពសូមបញ្ចប់រឿងត្រឹមនេះ និងមិនមានការប្ដឹង ឬទាមទារសំណងអ្វីឡើយ។ តាមសេចក្តីបំភ្លឺព័ត៌មានដដែលបានបញ្ជាក់ទៀតថា មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏បានចុះស្រាវជ្រាវ និងពិនិត្យស្នាមរបួស ព្រមទាំងបានពិនិត្យរកសារធាតុញៀនលើភិក្ខុយាន ធាវី ផងដែរជាលទ្ធផលពុំមានផ្ទុកសារធាតុញៀនដូចជាការលើកឡើងនៅលើបណ្តាញសង្គមឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)