TNAOT News

· 11-29

ដំណឹងពិសេស! WWF បានរកឃើញសំបុកសត្វត្រយងចង្កំក ស នៅខេត្តមណ្ឌលគិរី

#NEW NEWS# #ខេត្តមណ្ឌលគិរី# #សត្វត្រយងចង្កំក ស# #សង្គម# #ព័ត៌មានសង្គម#

2358

ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់ WWF នៅកម្ពុជា (World Wide Fund for Nature)បានរកឃើញសំបុកសត្វត្រយងចង្កំក ស នៅខេត្តមណ្ឌលគិរី។

WWF បានឲ្យដឹងថា កាលពីសប្តាហ៍មុន ក្រុមការងារបានរាយការណ៍អំពីសំបុកសត្វត្រយងចង្កំក ស នៅជិតដែនជម្រកសត្វព្រៃស្រែពក ដែលនេះ គឺជាសំបុកដំបូងគេដែលបានរកឃើញក្នុងឆ្នាំ២០២៤នេះ ខណៈ ការរកឃើញនេះបានបង្ហាញពីក្តីសង្ឃឹមសម្រាប់ប្រភេទសត្វស្លាបនេះដែលមានវត្តមានរស់នៅតំបន់ដីសើម និងជាប្រភេទជិតផុតពូជ។ 

ក្រុមការងារស្រាវជ្រាវ និងតាមដានជីវៈ បានខិតខំប្រឹងប្រែង និងការពារសំបុកដើម្បីទប់ស្កាត់ពីការរំខានរបស់មនុស្ស ដូច្នេះសំបុករបស់ត្វត្រយងចង្កំក ស អាចមានឱកាសល្អបំផុតសម្រាប់មានកំណើតកូនសត្វថ្មី។ 

គួរឲ្យដឹងដែរថា សត្វត្រយងចង្កំក ស មានឈ្មោះវិទ្យាសាស្ត្រថា Pseudibis davisoni ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជាយើង ច្រើនរស់នៅ និងរកចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង និងតំបន់ទំនាប បឹងទន្លេសាប។

សត្វត្រយងចង្កំក ស មានមាឌតូចជាងត្រយងយក្សបន្តិច មានដងខ្លួនពណ៌ខ្មៅរលោង ចង្កំកស ជើងវែងក្រហម មានដៅសមួយដុំនៅលើស្មា ដែលអាចឃើញច្បាស់នៅពេលវាហើរ៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស