Cambo-China

· 11-30

កម្ពុជា និងចិន បញ្ជាក់ជំហររួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មាន ទេសចរណ៍ និងផ្លាស់ប្តូរវប្បធម៌

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

1251

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងរដ្ឋមន្ត្រីឃោសនាការនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន បញ្ជាក់ពីជំហររួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មាន ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរទៅក្នុងតំបន់ និងអន្តរជាតិ ជាពិសេសដើម្បីអបអរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤។ការពង្រឹងពង្រីកកិច្ចសហការក្នុងការផ្សព្វផ្សាយរវាងក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តក្វាងស៊ី ធ្វើឡើងក្នុងឱកាសនៃជំនួបពិភាក្សាគ្នារវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ជិន អ៊ីយ៉ុន សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីឃោសនាការ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងនូវការអរគុណចំពោះរដ្ឋាភិបាលប្រទេសចិន និងរដ្ឋបាលខេត្តក្វាងស៊ី ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងព័ត៌មានកម្ពុជាទាក់ទងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយកិច្ចសហការនេះគឺក្រសួងព័ត៌មានបានធ្វើកិច្ចការងារច្រើនជាមួយ ស្ថាប័ន អង្គភាពព័ត៌មាន និងប្រពន្ធ័ផ្សព្សាយរបស់រដ្ឋចិន ក្នុងកិច្ចការព័ត៌មាន ហើយបានខិតខំប្រឹងប្រែងផ្សារភ្ជាប់នូវទំនាក់ទំនងលើការងារផ្សព្វផ្សាយព័ត៌មាន វប្បធម៍ ទេសចរណ៍ សំដៅធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន។ ឯកឧត្តម បានគូសបញ្ជាក់ថា ឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនអាស៊ានចិន ដែលផ្តោតលើវប្បធម៌ ទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងក្របខណ្ឌនេះ កម្ពុជាបានរៀបចំសកម្មភាពជាច្រើនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ហើយក្នុងកិច្ចការប្រព័ន្ធផ្សព្វផ្សាយ ក្រសួងព័ត៌មានកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីចិនជាច្រើនលើការផ្សព្វផ្សាយព័ត៌មាន, ការផលិតបទយកការណ៍ និងការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។ក្នុងឱកាសនោះ លោកជំទាវ ជិន អ៊ីយ៉ុន មានប្រសាសន៍លើកឡើង ពីការបង្កើតវេទិកាផ្សព្វផ្សាយព័ត៌មានលើវិស័យ Internet នៃប្រទេសទាំងពីរ ដោយក្នុងនោះកាសែតដេលីក្វាងស៊ី នឹងធ្វើការផ្សព្វផ្សាយពីប្រទេសកម្ពុជា នៅលើវេទិកាក្វាងស៊ី ហើយកម្ពុជាផ្សាយលើវេទិកានៃប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនឲ្យកាន់តែទូលំទូលាយបន្ថែមលើវិស័យផ្សេងៗទៀតដែលរដ្ឋាភិបាលចិន និងកម្ពុជាបានអនុវត្តន៍កន្លងមករួចមកហើយ។លោកជំទាវ លើកឡើងទៀតថា ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ីបានបង្កើតការរិយាល័យនៅ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ដោយក្នុងរយៈពេល ១០ឆ្នាំមកនេះ ខេត្តក្វាងស៊ី ប្រទេសចិន បានធ្វើកិច្ចសហការល្អជាមួយក្រសួងព័ត៌មានកម្ពុជា ជាពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ដោយបានបង្កើតនាទីភាពយន្តភាគចិន និងគំនូរជីវចលចិន ហើយក៏បានផលិតនូវភាពយន្តជាច្រើន ដោយទទួលការគាំទ្រ និងចូលចិត្តទស្សនាពីសំណាក់ប្រជាជនកម្ពុជាយ៉ាងច្រើន។កិច្ចសហការលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយរវាងក្រសួងព័ត៌មាន និង ខេត្តក្វាងស៊ី គឺជាចក្ខុវិស័យដ៏រឹងមាំនៃទំនាក់ទំនងការទូតដ៏យូរលង់អស់រយៈពេល ៦៦ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី» ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ក្នុងទិសដៅពង្រីកការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីការពិតនៅកម្ពុជាទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោកបានយល់ឃើញកាន់តែច្បាស់បន្ថែមទៀត៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស