TNAOT News

· 2024-12-05

ពិធីសាសនា និងសិល្បៈទស្សនីយភាពបុរាណខ្មែរនានា នឹងរៀបចំឡើងតាមពេលវេលា និងទីតាំងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ

#រំលឹកគុណអង្គរ# #NEW NEWS# #ពិធីសាសនា# #សង្គម# #សិល្បៈទស្សនីយភាពបុរាណខ្មែរ# #ព័ត៌មានសង្គម#

4237

ដើម្បីចូលរួមអបអរសាទរខួប៣២ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំប្រារព្ធពិធីសាសនា ការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដែលនឹងបើកជូនមហាជនចូលរួម និងទស្សនា ដោយសេរី ទៅតាមពេលវេលា និងទីតាំងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។យោងតាមសេចក្តីជូនដំណឹងស្តីពីការប្រារព្ធពិធីសាសនា ការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដើម្បីអបអរសាទរ ពិធី “បុណ្យរំលឹកគុណអង្គរ” លើកទី៤ ឆ្នាំ២០២៤ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៧:០០នាទី៖ ពិធីបើក “បុណ្យរំលឹកគុណអង្គរ” និងការរាប់បាត្រព្រះសង្ឃ ចំនួន១៣២អង្គ នៅបរិវេណ មុខប្រាសាទអង្គរវត្ត វេលាម៉ោង១៤:៣០នាទី៖ ពិធីដង្ហែព្រះពុទ្ធរូប៩អង្គ ពីបរិវេណមុខប្រាសាទអង្គរវត្ត ឆ្ពោះទៅប្រាសាទបាយ័ន និងតម្កល់ព្រះពុទ្ធរូបនៅឧបោសថាគារព្រះអង្គងោក នៃក្រុងអង្គរធំ រយៈពេល២យប់ ៣ថ្ងៃ ជួបជុំព្រះសង្ឃ និងពុទ្ធបរិស័ទ។នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង១៦:០០នាទី នឹងមានពិធីសមាធិ និងផ្សាយមេត្តាចិត្ត ឧទ្ទិសកុសល នៅបរិវេណខាងមុខប្រាសាទភ្នំបាខែង ការសម្តែងសិល្បៈល្ខោនយីកេមហាជន នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ ការសម្តែងសិល្បៈល្ខោនស្បែកធំ ដោយក្រុមសិល្បៈវត្តរាជបូណ៌ នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីស ប្រាសាទអង្គរវត្ត។ហើយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង១៦:០០ នាទី នឹងមានពិធីស្រង់ព្រះសុគន្ធវារីព្រះពុទ្ធរូប៩អង្គ នៅឧបោសថាគារព្រះអង្គងោក នៃក្រុងអង្គរធំ ព្រមទាំងការសម្តែងសិល្បៈល្ខោនខោល នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំផងដែរ។

សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា អាជ្ញាធរជាតិអប្សរាក៏នឹងមានរៀបចំពិព័រណ៍សមិទ្ធផលការងារជូនសាធារណជនទស្សនា និងស្វែងយល់ ចាប់ពីថ្ងៃទី១៤-២១ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណខាងមុខប្រាសាទអង្គរវត្តផងដែរ៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស