Cambo-China

· 01-10

កម្ពុជា-ចិន លើកទឹកចិត្តឲ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2681

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជូនចំពោះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងបុគ្គលិកស្ថានទូតចិនទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំម្សាញ់។

ឯកឧត្តមបណ្ឌិត លី ធុជ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានជូនពរឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងបុគ្គលិកស្ថានទូតចិនទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំម្សាញ់ និងបានជូនពរឱ្យ ឯកអគ្គរដ្ឋទូត និងបុគ្គលិកស្ថានទូតទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសក្នុងការបំពេញបេសកកម្មការទូតដ៏ថ្លៃថ្លានៅព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើននូវចំណងមិត្តភាពរវាងកម្ពុជា-ចិន ឱ្យកាន់តែមានភាពរឹងមាំល្អប្រសើរ និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ជាមួយគ្នានោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាននឹងកំពុងផ្តល់នូវការគាំទ្រទាំងថវិកា សម្ភារៈ និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីបុគ្គលិកសកម្មភាពមីន ចាប់តាំងពីឆ្នាំ២០១៥។ ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះរួមចំណែករបស់ប្រទេសចិនក្នុងវិស័យសកម្មភាពមីន ពិតជាបានឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាជននៅតាមមូលដ្ឋាន និងកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងបានស្នើសុំឲ្យប្រទេសចិនបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម Wang Wenbin បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ផងដែរ។ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងអំឡុងពេលដែលឯកឧត្តមចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ បានឃើញអំពីការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈអាជ្ញាធរមីន។ ហើយឯកឧត្តមនឹងបន្តជំរុញផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងកាន់តែស៊ីជម្រៅរវាងអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ក្នុងចូលរួមសកម្មភាពមីនមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស