TNAOT News

· 01-10

តុលាការចោទអ្នកបើករថយន្តបង្កគ្រោះថ្នាក់ឲ្យតារារ៉េប Ruth Ko ស្លាប់ ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ

#Ruth Ko# #តុលាការ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2929

សាលាដំបូងរាជធានីភ្នំពេញបានចាត់ការលើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យតារាចម្រៀងរ៉េប លោក Ruth Ko ស្លាប់ ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ។អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខេមរភូមិន្ទ09 2-4771 បានបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិ យានផ្លូវត្រង់ និងអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ហើយក៏បានបុកជាមួយរថយន្ត បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ហៅ RuthKo ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរតារាចម្រៀងរ៉េប។ ក្នុងករណីនេះមានជនត្រូវចោទឈ្មោះ ណឹម ណាង ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ ប្រព្រឹត្តនៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ណឹម ណាង ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។គួរឲ្យដឹងដែរ មិត្តភក្តិរួមវិស័យ និងជិតស្និទ្ធជាមួយជនរងគ្រោះ ក៏ដូចជាមហាជន បានវែកញែក និងមិនសុខចិត្តចំពោះសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានបញ្ជាក់ពីម៉ាករថយន្ត និងស្លាកលេខរថយន្តខុសពីភិនភាគដែលបង្កហេតុ។ យ៉ាងមិញ រំលងប្រមាណប៉ុន្មានម៉ោងសាលាដំបូងរាជធានីក៏បានចេញសេចក្តីប្រកាសព័ត៌មានថ្មី ដោយបានកែប្រែត្រង់ចំនុចបញ្ជាក់ពីម៉ាករថយន្ត និងស្លាកលេខរថយន្តដែលត្រូវបានចោទនោះត្រឹមត្រូវម្តងទៀតផងដែរ៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស