TNAOT News

· 01-10

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥

#ខេត្តព្រះសីហនុ# #ប្រទេស​មីយ៉ាន់ម៉ា# #ថង់ប្លាស្ទិក# #Joe Biden# #សង្គម# #ព័ត៌មានសង្គម# #ព្រឹត្តិការណ៍សំខាន់#

3925

 សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. កម្ពុជា-ចិន ប្តេជ្ញាយកចិត្តទុកដាក់ដល់កុមារី និងស្ត្រីឱ្យបង្កើតជីវភាពរស់នៅកាន់តែល្អប្រសើរឡើង

ភាគីចិននឹងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់កុមារី និងស្ត្រីជាមួយភាគីកម្ពុជា ជួយយុវនារី ឱ្យចេះជំនាញវិជ្ជាជីវៈ និងបង្កើតជីវភាពរស់នៅ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ នេះបើតាមអត្ថន័យក្នុងកិច្ចពិភាក្សាការងាររវាង លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីកម្ពុជា និងឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតនៃស្ថាតទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

២. ភ្ញៀវទេសចរបរទេសជិត ៦០០នាក់ មកលេងកម្សាន្តនៅកម្ពុជាតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៦០០នាក់ មាន២២សញ្ជាតិបានធ្វើដំណើរតាមនាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ Sea Bourn Encore ចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។

៣. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ គ្រោងនឹងដាក់ឱ្យដំណើរបណ្តោះអាសន្ន នៅចុងឆ្នាំ២០២៥

គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២% ខណៈដែលគម្រោងទាំងមូលរួមមាន គម្រោងសាងសង់ស្ពានឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ ,ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។

៤. សម្តេចតេជោ ហ៊ុន សែន កោតសរសើរយុវតី ណាត សូលីតា ដែលបានចែករំលែកកតា្តសំខាន់ដើម្បីក្លាយជាសិស្សពូកែ

យោងតាមសំណេរផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដោយសម្តេចតេជោបានកោតសរសើរ និងភ្ជាប់ជាមួយវីដេអូឃ្លីបខ្លីមួយចំពោះការលើកឡើងនូវបទពិសោធន៍របស់យុវតី ណាត សូលីតា ដែលជាសិស្សនិទ្ទេស A មកពីសាលាប៊ែលធីអន្តរជាតិ សាខាទី៥ច្បារអំពៅ ដោយបានចែករំលែកនូវកត្តា៤យ៉ាងសំខាន់ៗដើម្បីក្លាយជាសិស្សពូកែដល់សិស្សានុសិស្សផ្សេងៗទៀត។

៥. ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញទទួលស្គាល់កំហុសដោយអចេតនា ក្រោយបញ្ជាក់ម៉ាករថយន្ត និងស្លាកលេខខុសក្នុងសេចក្ដីប្រកាសព័ត៌មាន

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ទទួលស្គាល់កំហុសដោយអចេតនា ក្រោយបញ្ជាក់ស្លាកលេខ និងម៉ាករថយន្តខុស ក្នុងសេចក្ដីប្រកាសព័ត៌មានពីករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យតារាចម្រៀងរ៉េប Ruthko ស្លាប់។

៦. ពលរដ្ឋជាង ២ម៉ឺននាក់បានចូលរួមចលនាសំអាតថង់ប្លាស្ទិកយ៉ាងសកម្មនៅតាមដងផ្លូវ

តាមរយៈគណនីផេកផ្លូវការនៃក្រសួងបរិស្ថាន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានលើកឡើងឲ្យដឹងថា ចលនាសំអាតថង់ប្លាស្ទិកយ៉ាងសកម្មនៅតាមដងផ្លូវ របស់សកម្មជនបរិស្ថាន ព្រះសង្ឃ សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋជាង ២ម៉ឺននាក់ គឺបានធ្វើឡើងក្នុងបុព្វហេតុការពារសុខភាពពលរដ្ឋជាង ១៧លាននាក់ ឱ្យចាកផុតពីប្រភពបង្ករមេរោគ គឺសំរាមប្លាស្ទិក ដែលហើររប៉ាត់រប៉ាយនៅតាមដងផ្លូវ។  

៧. ភូមិ​ភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា រងការ​វាយ​ប្រហារ​ពីលើអាកាស​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៤០ នាក់

ក្រុមមន្ត្រី និងអង្គការសប្បុរសធម៌ក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារតាមអាកាសរបស់កងទ័ពមីយ៉ាន់ម៉ាទៅលើភូមិមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនជាតិភាគតិចប្រដាប់អាវុធបានសម្លាប់ជនស៊ីវិលប្រហែល ៤០ នាក់ និងយ៉ាងហោចណាស់ ២០ នាក់ផ្សេងទៀតបានរងរបួស ។ អគ្គិភ័យបានវាយប្រហារតាមអាកាសបានរាលដាលពេញភូមិ ដោយបានបំផ្លាញផ្ទះជាង ៥០០ខ្នង ដែល​បង្ក​ឡើង​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក។

៨. មហាជនរំជួលចិត្ត! ក្រោយឃើញទិដ្ឋភាពទីក្រុង Los Angelesធ្លាប់តែស្រស់ស្អាត ត្រូវគ្របដណ្តប់ដោយផេះ

ការថតរូបផ្កាយរណប ដ៏គួរឱ្យភ្ញាក់ផ្អើលបង្ហាញពីការខូចខាត យ៉ាងធំធេងដែលបណ្តាលមកពីភ្លើងឆេះព្រៃ Palisades និង Eaton ក្នុងទីក្រុង Los Angeles។ 

៩. លោកប្រធានាធិបតី Joe Biden បានសន្យាថា រដ្ឋាភិបាលសហព័ន្ធនឹងផ្តល់សំណង ១០០ ភាគរយនៃការស្តារឡើងវិញសម្រាប់រយៈពេល ១៨០ ថ្ងៃបន្ទាប់ ដើម្បីទូទាត់ថ្លៃខូចខាត

ភ្លើងឆេះព្រៃដែលគំរាមកំហែងដល់ទីក្រុង Los Angeles បានសម្លាប់មនុស្សកើនឡើងដល់១០ នាក់ និងលេបត្របាក់អគារជិត ១០,០០០ ដោយភ្លើងឆេះចំនួន ៥ បានឆាបឆេះជាយប់ទី ៣ នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ខណៈដែលខ្យល់បក់បោកអណ្តាតភ្លើងបានប្រមូលផ្តុំម្តងទៀត។

១០. ភ្ញៀវទេសចរបរទេសជិត ៦០០នាក់ មកលេងកម្សាន្តនៅកម្ពុជាតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ


ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៦០០នាក់ មាន២២សញ្ជាតិបានធ្វើដំណើរតាមនាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ Sea Bourn Encore ចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស