Cambo-China

· 01-13

ក្រុមហ៊ុនចិនកំពុងវិនិយោគនៅវៀតណាមមានបំណងវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនីនៅកម្ពុជា

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2794

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្ដម សាបូ អូហ្សាណូ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pan Yaoda អគ្គនាយក ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ កំពុងដំណើរការរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅប្រទេសវៀតណាម។ ក្នុងឱកាសនោះ លោក Pan Yaoda អគ្គនាយកក្រុមហ៊ុនបានលើកឡើងពីគោលបំណងចង់មកធ្វើការវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី និងវិនិយោគនៅលើផ្នែកផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ លោកអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនមានជំនាញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំរាម ដើម្បីធ្វើជាថាមពលអគ្គិសនីនៅប្រទេសចិន និងវៀតណាម។ 

ក្នុងឱកាសនោះ ឯកឧត្ដម សាបូ អូហ្សាណូ មានប្រសាសន៍ស្វាគមន៍ចំពោះបណ្តាក្រុមហ៊ុននានា ដែលមានបំណងធ្វើការវិនិយោគនៅកម្ពុជា ដែលគិតគូរលើបរិស្ថាន និងជួយលើកម្ពស់ការអភិវឌ្ឍជីវភាពប្រជាជននិងបង្កើនេសដ្ឋកិច្ចជាតិ ព្រមទាំងបានស្នើឲ្យក្រុមហ៊ុនធ្វើផែនការ និងសិក្សាគម្រោងលម្អិត ហើយលើកយកពីគោលបំណងចំពោះការវិនិយោគលើការកែច្នៃសំរាម ដើម្បីផលិតជាថាមពលអគ្គិសនី ដែលអាចជួយដោះស្រាយបញ្ហាសំរាម និងជួយលើកកម្ពស់បរិស្ថាន ដើម្បីរាយការណ៍ជូនឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅពេលបន្ទាប់ពីទស្សនកិច្ច។

បើតាម ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានឲ្យដឹងថា ក្នុងរយៈពេល១ ឆ្នាំ កម្ពុជា បានបង្កើតសំរាមជាង ៤លានតោន ពោលគឺ នៅទូទាំងប្រទេសមានសំរាមចំនួនជាង ១ម៉ឺន តោនត្រូវបានបញ្ចេញចោលក្នុង ១ថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញ សំរាមដែលបង្កើតឡើង មានប្រមាណ ៤ ០០០តោន ក្នុង ១ ថ្ងៃ។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថាសំរាម ទាំងនោះ មានសំណល់ ម្ហូបអាហារ មាន ចំនួន៦០% , សំណល់ប្លាស្ទិកមាន ប្រមាណ២០% , និងសំណល់ផ្សេងៗ។ ក្នុងពេលបច្ចុប្បន្ន សំរាមត្រឹមតែ ៦៤ ភាគរយ ប៉ុណ្ណោះ ដែល បាន យកទៅ ចាក់ នៅ ទីលានទុកដាក់សំរាម នៅទូទាំងប្រទេសមានចំនួន២១០កន្លែង។ ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុង១ថ្ងៃ សំរាម មាន ជាង ១ ម៉ឺនតោន ហើយកម្រិតនៃការកើនឡើងសំណល់ រឹង សំរាមនៅ ប្រទេស កម្ពុជា គឺមាន ចន្លោះ ពី ១០ទៅ១៥%នៅក្នុង ១ឆ្នាំ។ 

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស