
Cambo-China
· 01-15
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្នើភាគីចិនផ្លាស់ប្តូរព័ត៌មានចារកិច្ច ក្នុងគោលដៅប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយម
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2810
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានស្នើដល់ភាគីចិនបន្តជំរុញលើការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានចារកិច្ច ក្នុងគោលដៅប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយម ទប់ស្កាត់បដិវត្តន៍ពណ៌ ទប់ស្កាត់ឧក្រិដ្ឋកម្មផ្សេងៗ និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ប្រភេទទ័ព។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្នើដូចនេះក្នុងឱកាសអនុញ្ញាតឲ្យលោកវរសេនីយ៍ឯកពិសេស ស៊ឹង តាជឺ (SHENG DAZHI) នាយការិយាល័យអនុព័ន្ធយោធាថ្មី នៃកងទ័ពរំដោះប្រជាជនចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការសាទរចំពោះលោកវរសេនីយ៍ឯកពិសេស ស៊ឹង តាជឺ ដែលទើបតែងតាំងជានាយការិយាល័យអនុព័ន្ធយោធាចិនថ្មីប្រចាំកម្ពុជា ដោយជឿជាក់យ៉ាងមុតមាំថា លោកអនុព័ន្ធយោធាថ្មីពិតជានឹងនាំយកបទពិសោធន៍លើវិស័យការទូតរបស់លោក ដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការជួយឧបត្ថម្ភរបស់មិត្តចិនក្នុងវិស័យការពារជាតិ ទាំងការបណ្តុះបណ្តាល ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថាននាយទាហានចម្រុះ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ប្រព័ន្ធកាពារអាកាស ប្រព័ន្ធកាំជ្រួចស្វ័យប្រវត្តិ អាវុធធុនធ្ងន់គ្រប់ប្រភេទ និងការកសាងទីលានបាញ់គ្រាប់ពិតចម្រុះនៅសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ត (ភ្នំជុំរីករាយ) កម្រិតអន្តរជាតិផងដែរ។
សម្រាប់កិច្ចការដំបូងនិងជាចម្បងនៃអាណត្តិរបស់លោកវរសេនីយ៍ឯកពិសេស ស៊ឹង តាជឺ ឯកឧត្តម អគ្គមេបញ្ជាការ បានស្នើឱ្យអនុព័ន្ធយោធាថ្មីជំរុញបន្ថែមពីកាប្រុងប្រៀបរៀបចំផែនការសមយុទ្ធនាគមាសឆ្នាំ២០២៥ សំដៅពង្រីកវិសាលភាពការធ្វើសមយុទ្ធកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ ចំនួនយោធិន និងយុទ្ធោបករណ៍ចូលរួមកាន់តែច្រើននិងទំនើបជាងឆ្នាំមុនៗ ដើម្បីឱ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯកពិសេស ស៊ឹង តាជី បានបញ្ជាក់ជូនពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ក្នុងគោលដៅការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកកាន់តែសកម្មនិងខ្លាំងក្លាដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបឈានទៅសម្រចបាននូវការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មី ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ៕
សម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
យោបល់ទាំងអស់ (0)