TNAOT News

· 02-03

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥

#ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#

4617

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. រាជរដ្ឋាភិបាល ណែនាំឱ្យក្រសួងវប្បធម៌ រៀបចំឯកសារពាក់ព័ន្ធដើម្បីផ្សព្វផ្សាយពីទិវាវប្បធម៌ជាតិ

ទិវាវប្បធម៌ជាតិ លើកទី២៧ ត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ដើម្បីរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥នេះ ឱ្យបានកាន់តែទូលំទូលាយ និងផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាលបានអំពាវនាវដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវរៀបចំឯកសារពាក់ព័ន្ធដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរពាក់ព័ន្ធនិងគ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗពាក់ព័ន្ធនឹងការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ នៅមូលដ្ឋានរបស់ខ្លួន។

២. ផ្លូវជាតិលេខ១០ តភ្ជាប់រវាងខេត្តបាត់ដំបងនិងខេត្តកោះកុង សម្រេចការសាងសង់បានជាង ៩៦% គ្រោងនឹងដាក់ឲ្យដំណើរការនៅខែមីនា 

បច្ចុបប្បន្នផ្លូវជាតិលេខ១០ ស្ថិតក្នុងស្រុកសំឡូត ស្រុកវាលវែង ក្រុងខេមរភូមិន្ទ សម្រេចបានជាង ៩៦% ដោយស្ថិតក្នុងគម្រោងស្ថាបនាលើផ្លូវតែមួយ ក៏មានស្ពានលេខ២៨ ដែលខ្ពស់ជាងគេនៅកម្ពុជាសម្រេចបាន៩៣% គ្រោងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ 

៣. រំភើបជំនួស! មហាជនពេញចិត្តខ្លាំងបោះឆ្នោតឲ្យ OG GOLDEN កូនក្រុមលោក Ruthko ក្លាយជាម្ចាស់ជ័យលាភី RAPPER FIGHTER 

កាន់តែកក្រើកពិភព Rapper ខ្មែរ ក្រោយពីកម្មវិធី RAPPER FIGHTER វគ្គផ្តាច់ព្រ័ត្តបានបញ្ចប់ទៅយ៉ាងអស្ចារ្យនារាត្រីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយកម្មវិធីបានរកឃើញម្ចាស់ជ័យលាភីរដូវកាលទី១បើកទំព័រថ្មីនៃវិស័យចំរៀងរ៉េបនៅស្រុកខ្មែរបានទៅលើយុវជន OG Golden ដែលជាកូនក្រុមរបស់ លោក RuthKo ដោយលោកទទួលបានប្រាក់រង្វាន់៦០លានរៀល ធ្វើឲ្យមហាជនជាច្រើនសម្ដែងក្ដីរំភើប និងអបអរសាទរទៅកាន់បេក្ខភាព RAPPER រូបនេះ ថាពិតជាស័ក្កិសមបំផុត ក៏ព្រោះតែគ្រប់គ្នាបានមើលឃើញយ៉ាងច្បាស់នូវសមត្ថភាពពីមួយវគ្គទៅមួយវគ្គរបស់ លោក OG តែងតែពង្រឹងនូវភាពខ្លាំងរបស់ខ្លួនជានិច្ច។

៤. សូមចូលរួមសោកស្តាយ! តារាស្រី Barbie Hsu តួរអង្គ “សាន់ឆាយ” បានទទួលមរណភាពលាអ្នកគាំទ្រ ក្នុងវ័យ ៤៨ ឆ្នាំ

មហាជនស្លុតចិត្ត! ក្រោយដឹងដំណឹងថា តារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu ដែលគ្រប់គ្នាស្គាល់ថា “សាន់ឆាយ”ពេលនេះបានទទួលមរណភាពក្នុងអាយុ ៤៨ឆ្នាំ ដោយសារជំងឺផ្ដាសាយ។ ពាក្យចចាមអារ៉ាមអំពីការស្លាប់របស់នាងជាលើកដំបូងបានរីករាលដាលនៅលើអ៊ីនធឺណែតកាលពីថ្ងៃអាទិត្យ (២ ខែកុម្ភៈ) ហើយកាន់តែខ្លាំងឡើងបន្ទាប់ពីអតីតស្វាមីរបស់នាង Wang Xiaofei បានផ្លាស់ប្តូររូបភាពផ្ទាល់ខ្លួនរបស់គាត់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ទៅជាពណ៌ខ្មៅ។

៥. ទឹកជំនន់នៅរដ្ឋ Queensland ភាគឦសានប្រទេសអូស្ត្រាលី មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញ និងរាប់សិបនាក់ត្រូវបានជួយសង្គ្រោះ 

ទឹកជំនន់បានហក់ឡើងយ៉ាងលឿននៅថ្ងៃច័ន្ទ (ថ្ងៃទី ៣ ខែកុម្ភៈ) នៅភាគឦសានប្រទេសអូស្ត្រាលី បន្ទាប់ពីបង្ខំឲ្យមនុស្សជាច្រើនភៀសខ្លួនចេញពីផ្ទះ ហើយខ្យល់បានបោកបក់ចេញពីកំណាត់ស្ពានដ៏សំខាន់មួយ។ អាជ្ញាធរបាននិយាយថា ខ្យល់ព្យុះបានទម្លាក់ភ្លៀងជាងមួយម៉ែត្រក្នុងរយៈពេល២ថ្ងៃនៅផ្នែកខ្លះនៃរដ្ឋ Queensland ដោយបានលេបត្របាក់ផ្ទះ អាជីវកម្ម និងផ្លូវថ្នល់ក្នុងទឹកជំនន់។ រូបភាពពីលើអាកាសបានបង្ហាញពីសហគមន៍ជនបទដែលហ៊ុំព័ទ្ធដោយទឹកជំនន់ ដែលកាត់ផ្តាច់ចេញពីផ្លូវនៅក្បែរនោះ។

៦. ទីផ្សារភាគហ៊ុនហុងកុងធ្លាក់ចុះដោយសារភាពភ័យខ្លាចសង្គ្រាមពាណិជ្ជកម្មក្នុងវគ្គដំបូងបន្ទាប់ពីសម្រាកបុណ្យចូលឆ្នាំថ្មី

ភាគហ៊ុនអាស៊ីភាគច្រើនបានធ្លាក់ចុះនៅក្នុងការជួញដូរកាលពីថ្ងៃច័ន្ទ ខណៈដែលការព្រួយបារម្ភកើនឡើងអំពីប្រធានាធិបតីអាមេរិក Donald Trump ការដាក់ពន្ធលើដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក។

៧. រថយន្តប្រណាំងម៉ាក Mercedes Silver Arrow អាចលក់ចេញក្នុងតម្លៃដេញថ្លៃរហូតដល់៥៣លានដុល្លារ នៅទីក្រុង Stuttgart 

រថយន្តប្រណាំងដ៏កម្រ Mercedes-Benz “Silver Arrow” បានឆក់យកចិត្តរបស់កំពូលអ្នកមានទ្រព្យសម្បត្តិឲ្យចំណាយប្រាក់រហូតដល់ជាង ៥១ លានអឺរ៉ូ ឬស្មើ ៥៣លានដុល្លារអាម៉េរិក (គិតទាំងការបង់ថ្លៃសេវា និងពន្ធ) ក្នុងកម្មវិធីដេញថ្លៃរថយន្តប្រណាំងដ៏កម្រមួយនេះ ដែលបានរៀបចំកាលពីពេលថ្មីនេះដោយ RM Sotheby នៅទីស្នាក់ការ Mercedes-Benz ក្នុងទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់។ 

៨. ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលជាង៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ 

សេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ប្រចាំខែមករា ឆ្នាំ២០២៥ ចេញនាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៥ មានភ្ញៀវទេសចរបរទេស ចំនួន ១៤៦,១៤០ នាក់ និងទទួលបានចំណូល ៦ ៩០៣ ៣៨០ ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។

៩. ប្រធានក្រុមការងាររាជរដ្ឋាភិបាល អំពាវនាវពលរដ្ឋចូលរួមអភិរក្សសត្វផ្សោត ដើម្បីបង្កើនចំណូលដល់សហគមន៍ 

រដ្ឋបាលស្រុកទឹកឈូ បានចេញប្រកាសព័ត៌មានបំភ្លឺជូនសាធារណ:ជនបានជ្រាប ពាក់ព័ន្ធការបង្ហោះ ករណីបង្ហូរទឹកកខ្វក់ចូលព្រែកទឹកឈូ បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈហ្វេសបុកផេក (C Plus) ដែលបានបង្ហោះព័ត៌មានពាក់ព័ន្ធការបង្ហូរទឹកកខ្វក់ចូលក្នុងព្រែកទឹកឈូ កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ (នៅទីតាំងរមណីយដ្ឋានទឹកឈូ) ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត រួចមកក្រុមការងាររដ្ឋបាលស្រុក ឃុំ សហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ ចុះពិនិត្យទីតាំងជាក់ស្ដែង ឃើញថាកាកសំណល់រាវ ពិតជាបានហៀរចេញពីអាហារដ្ឋាន ម៉ាក់ឈូឈូ ហើយម្ចាស់ក៏បានលបលួចបង្ហូរទឹកកាកសំណល់រាវទាំងនោះ ចូលទៅក្នុងព្រែកទឹកឈូពិតប្រាកដមែន។

១០. ជប៉ុនបាញ់បង្ហោះផ្កាយរណបរុករកលើរ៉ុក្កែតថ្មីមួយ ដើម្បីមានប្រព័ន្ធកំណត់ទីតាំងសកល 

ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យបានបាញ់បង្ហោះផ្កាយរណបរុករកនៅលើគ្រាប់រ៉ុក្កែត H3 ស៊េរីថ្មីរបស់ខ្លួន ខណៈដែលប្រទេសនេះស្វែងរកប្រព័ន្ធកំណត់ទីតាំងច្បាស់លាស់ជាងមុន។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស