TNAOT News
· 2025-02-04
កម្ពុជាស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ
#NEW NEWS# #សង្គម# #កម្ពុជា# #ក្រសួងកសិកម្ម រុក្ខាប្រមាញ់# #អ្នកវិនិយោគ# #ព័ត៌មានសង្គម#
3597
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានលើកឡើងថា កម្ពុជាស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ថ្លែងបញ្ជាក់ដូចនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍ថ្នាក់ដឹកនាំ និងក្រុមការងារ (ACIAR) ក្នុងការពិនិត្យលទ្ធភាពចូលរួមចំណែកក្នុងវិស័យកសិកម្មកម្ពុជា និងបន្តពង្រឹងកិច្ចការសហប្រតិបត្តិការនេះឱ្យកាន់តែរលូន ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ។
ឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) ក្នុងការសិក្សាបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល និងថាមពលកកើតឡើងវិញ ឥណទានកាបូន និងធ្យូងជីវៈ ជាដើមដោយធ្វើយ៉ាងណាមានទិន្នន័យច្បាស់លាស់ និងអាចអនុវត្តបានពិតប្រាកដ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាចកាត់បន្ថយថ្លៃដើមផលិត ផលិតតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ហើយ (ACIAR) អាចពិនិត្យលទ្ធភាពចូលរួមក្នុងការវិនិយោគលើកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ប្រជាកសិករ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងផ្សាភ្ជាប់គម្រោងនានាជួយដល់សហគមន៍កសិកម្មទំនើបនេះផងដែរ។
បើតាម ឯកឧត្តមរដ្ឋមន្ដ្រី កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ ជាពិសេសការវិនិយោគលើការសិក្សាស្រាវជ្រាវគ្រប់អនុវិស័យដូចជា ផលិតកម្មសត្វ វារីវប្បកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានាចាំបាច់។
ពាក់ព័ន្ធនឹងការងារគម្រោង ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) បន្តកិច្ចសហប្រតិបត្តិការឱ្យតែល្អបន្ថែមទៀតជាមួយក្រសួងកសិកម្ម សំដៅផ្តល់ផលប្រយោជន៍ និងផលចំនេញសេដ្ឋកិច្ចដល់ប្រជាកសិករ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
សម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
CMAC បាននិងកំពុងបន្តរុករកសំណល់ជាតិផ្ទុះ នៅប្រាសាទព្រះវិហារ ដែលបន្សល់ដោយទាហានឈ្លានពានថៃ
វៀតណាមនៅមិនទាន់ធូរស្បើយពីគ្រោះទឹកជំនន់នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់កើនដល់៤១នាក់
ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ច
បារាំង សម្រេចបញ្ជូននាវាផ្ទុកយន្តហោះCharles de Gaulle ទៅកាន់សមុទ្រមេឌីទែរ៉ាណេ ក្រោយវិបត្តិនៅមជ្ឈិមបូព៌ា
យោបល់ទាំងអស់ (0)