TNAOT News

· 02-04

ពិធីឡើងមាឃ ឬឡើងអ្នកតា ជាប្រពៃណីដ៏យូរលង់របស់អ្នកស្រុកអង្គរ

#ឡើងអ្នកតា# #សង្គម# #DEVELOPING NEWS# #អ្នកស្រុកអង្គរ# #ព័ត៌មានសង្គម# #ពិធីឡើងមាឃ#

3647

ពិធីឡើងមាឃឬឡើងអ្នកតា គឺជាប្រពៃណីទំនៀមទម្លាប់ដ៏យូរលង់មកហើយ របស់អ្នករស់នៅជុំវិញតំបន់អង្គរក្នុងខេត្តសៀមរាប។

តាមអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា អ្នកស្រុកតែងនាំគ្នាប្រារព្ធពិធីនេះក្នុងគោលបំណងសុំសេចក្តីសុខសប្បាយ សុំឲ្យមានទឹកភ្លៀងគ្រប់គ្រាន់ ក្នុងការធ្វើកសិកម្មឆ្នាំក្រោយ សុំឱ្យដីមានជីវជាតិទទួលបានភោគផលច្រើន ឲ្យសត្វចៀសផុតពីជំងឺ ជាពិសេសគឺបង្ហាញពីការបិទបញ្ចប់រដូវធ្វើកសិកម្មកាលពីឆ្នាំមុន។ជាទម្លាប់រៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃ៣កើតខែមាឃ រហូតដល់ខែផល្គុន (ខែកុម្ភៈ-មីនា) អ្នកស្រុកក្នុងតំបន់អង្គរតែងនាំគ្នាប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេង ទៅតាមលទ្ធភាពដែលពួកគេមាន មិនដែលខកខានឆ្នាំណាឡើយ។បច្ចុប្បន្ននៅជុំវិញតំបន់អង្គរ គឺភូមិជាច្រើននៅតែប្រារព្ធពិធីនេះ ដូចជា៖ ភូមិរលួស និងភូមិដូននំ(ឃុំបាគង) ភូមិបង្កោង, ភូមិគីរីមានន្ទ និងភូមិត្នោត(ឃុំអំពិល)ស្រុកប្រាសាទបាគង ភូមិនគរក្រៅ ភូមិគោកត្នោត ភូមិគោកបេង (សង្កាត់គោកចក) ភូមិក្រវ៉ាន់(សង្កាត់នគរធំ) ភូមិសាលាក្រវ៉ាន់(ឃុំរំចេក) ភូមិក្រសាំងរលើង(សង្កាត់សៀមរាប) ភូមិភ្នំក្រោម(សង្កាត់ចុងឃ្នៀស)ក្រុងសៀមរាប ភូមិប្រដាកនិងភូមិថ្នល់ត្រង់(ឃុំព្រះដាក់) ភូមិស្រែចង្កូត(ឃុំរុនតាឯក)ស្រុកបន្ទាយស្រី និងភូមិដូនឪ ភូមិតាប្រុក ព្រមទាំងភូមិលាងដៃ(ឃុំលាងដៃ)ស្រុកអង្គរធំជាដើម។ពិធីនេះ ធ្វើឡើងនៅកន្លែងផ្សេងៗគ្នា ដូចជា៖ នៅខ្ទមអ្នកតា នៅសាលាឆទានក្នុងភូមិ នៅកន្លែងទីទួលបុរាណដែលពួកគាត់គោរពបូជា នៅប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។ ទំនៀមបុរាណមួយនេះ មានលក្ខណៈខុសគ្នាខ្លះទៅលើកិច្ចពិធីនិងរៀបចំគ្រឿងរណ្តាប់បូជាសំណែន ដូចជា៖ កន្លែងខ្លះធ្វើម្ហូបអាហារចំណីចម្រុះ ខ្លះធ្វើនំបញ្ចុក ខ្លះពូនភ្នំស្រូវ កន្លែងខ្លះមានលៀងមេមត់ កន្លែងខ្លះក៏មានពិធីចាប់ត្រីរួមគ្នានៅត្រពាំងបុរាណ។ ឯកន្លែងខ្លះទៀត ទោះស្ថានភាពជីវភាពមិនប្រសើ ប៉ុន្តែអ្នកស្រុកនៅតែអនុវត្តប្រពៃណី ទំនៀមទម្លាប់ របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។

តាមទំនៀមជាទូទៅ អ្នកភូមិនៅតំបន់អង្គរ ធ្វើពិធីឡើងមាឃនៅខ្ទមអ្នកតាអាចតែមួយល្ងាច ឬអ្នកភូមិខ្លះទៀតអាចធ្វើរយៈពេលមួយយប់មួយថ្ងៃ។ ដោយអ្នកភូមិ រៀបចំធ្វើនំបញ្ចុកឬម្ហូបអាហារតាមផ្ទះរៀងៗខ្លួន រួចយកទៅផ្តុំគ្នានៅកន្លែងប្រារព្ធពិធី។ ក្នុងកិច្ចពិធីមួយដ៏សំខាន់នៃពិធីឡើងមាឃ ក៏មានការបញ្ជូលរូបអ្នកតា (ឬពិធីស្នងរូប) និងមានពិធីលេងភ្លេងមេមត់យ៉ាងអធិកអធមទៅតាមតំបន់ផ្សេងៗគ្នា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស