TNAOT News

· 02-04

អាជ្ញាធរជាតិអប្សរា ទទូចដល់ភ្ញៀវទេសចរត្រូវនៅឲ្យឆ្ងាយ និងបញ្ឈប់ផ្ដល់ចំណីដល់សត្វស្វាក្នុងឧទ្យានអង្គរ

#NEW NEWS# #សង្គម# #សត្វស្វា# #ព័ត៌មានសង្គម# #អាជ្ញាធរជាតិអប្សរា#

3362

អាជ្ញាធរជាតិអប្សរា បានលើកឡើងអំពីបញ្ហានានាដែលបង្កឡើងដោយសត្វស្វាក្នុងរមណីយដ្ឋានអង្គរ និងបន្តស្នើសុំឲ្យសាធារណជនទាំងអស់នៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្ដល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វាជាដើម។ 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានឲ្យដឹងថា «ក្នុងរយៈកាលថ្មីៗនេះចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្នតាមរយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកាជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្តើមចំណី និងឈានរហូតដល់ការបង្កជារបួសស្នាមទៅលើមនុស្សជាដើម»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នជំនាញពាក់ព័ន្ធនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រជុំពិភាក្សាគ្នាជាបន្តបន្ទាប់ឈានទៅរកការអនុវត្តវិធានការចាំបាច់នានានៅពេលខាងមុខ។ ហើយនាពេលកន្លងមកទាំងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជំនាញខាងលើបានចេញជាសេចក្តីប្រកាសព័ត៌មានអំពីបញ្ហានេះអមដោយការអំពាវនាវជាសាធារណៈ ស្នើសាធារណជនទាំងអស់នៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្ដល់ចំណីចៀសវាងប៉ះពាល់ឬលេងជាមួយសត្វស្វាជាដើម។

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាបានស្នើសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ ទេសចរណ៍ និងប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់ជួយផ្សព្វផ្សាយ ព្រមទាំងណែនាំ និងបញ្ឈប់នូវសកម្មភាពណាមួយដែលអាចនាំមកនូវបញ្ហាបង្កឡើងដោយសត្វស្វាជាយថាហេតុ។ មិនតែប៉ុណ្ណោះ អាជ្ញាធរជាតិអប្សរា នឹងបន្តកិច្ចសហការជាមួយផ្នែកជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងរកដំណោះស្រាយសមរម្យ ក្នុងការបញ្ចៀសនូវបញ្ហាផ្សេងៗក្នុងឧទ្យានអង្គរ ដែលបង្កឡើងដោយសត្វស្វា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស