TNAOT News

· 02-06

នាវាទេសចរណ៍បរទេស ២គ្រឿង នាំភ្ញៀវទេសចរជាង ២០០០នាក់មកទស្សនាកម្ពុជា

#នាវាទេសចរណ៍បរទេស# #NEW NEWS# #សង្គម# #កំពង់ផែស្វយ័តក្រុងព្រះសីហនុ# #ព័ត៌មានសង្គម#

2898

នាវាទេសចរណ៍បរទេសចំនួន ២គ្រឿងបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ២ ០០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីក្រុមឆៃយ៉ាំផងដែរ។ នេះបើតាមការឲ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។ 

នាវាទេសចរណ៍បរទេសទី១ មានឈ្មោះ Noordam សញ្ជាតិ Netherlands មានបណ្តោយ ២ ៨៥,៤៣ម៉ែត្រ ទទឹង៣២,២៥ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ និងបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ១ ៩០៩នាក់ (ស្រី ៩៨៣នាក់) ស្មើនឹង ៤២សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៨៥នាក់ (ស្រី ១៣៩នាក់) ស្មើនឹង ៣៩សញ្ជាតិ។ នាវាទេសចរណ៍ Noordam បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកមិញនិងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២១ និង០០នាទីយប់ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។

ចំណែកនាវាទី២ មានឈ្មោះ Zhao Shang Yidun សញ្ជាតិ China មានបណ្តោយ ២២៨,៣០ម៉ែត្រ ទទឹង ២៨,៨០ម៉ែត្រ ជម្រៅទឹក ៦,៦៥ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ២៦៣នាក់ (ស្រី១៤៣នាក់) មាន២១សញ្ជាតិ និងមាននាវិកចំនួន ៣៥០នាក់ (ស្រី៩៩នាក់) ស្មើនឹង១សញ្ជាតិ។ នាវា Zhao Shang Yidun បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកមិញនេះដូចគ្នា និងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់ប្រទេសវៀតណាម វេលាម៉ោង២២ និង០០នាទីយប់ថ្ងៃនេះ។ 

សូមបញ្ជាក់ជូនថា ជាមួយនឹងការអញ្ជើញទៅទស្សនានៅតំបន់ទេសចរណ៍សំខាន់ៗក្នុងក្រុងព្រះសីហនុ ភ្ញៀវទេសចរទាំងអស់ក៏មានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពីកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងមានការសម្របសម្រួលពីអាជ្ញាធរក្រុង អាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)