TNAOT News

· 2025-02-11

រដ្ឋមន្រ្តីកសិកម្ម កម្ពុជា-ហ្វីលីពីន ជួបពិភាក្សាទ្វេភាគីលើវិស័យកសិកម្ម

#សង្គម# #វិស័យកសិកម្ម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #កម្ពុជា-ឥណ្ឌូណេស៊ី#

3810

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសម្តែងការគួរសម និងកិច្ចជំនួបពិភាក្សាទ្វេភាគីលើវិស័យកសិកម្ម ជាមួយឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន។

នាឱកាសជំនួបនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ថាការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វើឡើងក្នុងគោលបំណងបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមក មិនមែនជាការប្រកួតប្រជែងគ្នានោះទេ ហើយប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែរឹងមាំបន្ថែមទៀត​ ជំរុញការរីកចម្រើនក្នុងវិស័យកសិកម្ម សំដៅចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍឲ្យមានចីរភាព។​

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូនៃក្រសួងកសិកម្មហ្វីលីពីន ទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិនិត្យពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា និងពិភាក្សាលម្អិតបន្ថែមទៀតរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន មានប្រសាសន៍ថាប្រទេសហ្វីលីពីន មានតម្រូវការលើផលិតផលកសិកម្មជាច្រើនពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនប្រជាជនហ្វីលីពីន ដែលកើនជាង១០លាននាក់ក្នុងមួយឆ្នាំ ខណៈសាធារណរដ្ឋហ្វីលីពីនមានតម្រូវការដូចជាអង្ករ សាច់ជ្រូក សាច់គោ មាន់ ត្រី និងបន្លែផ្លែឈើជាច្រើន។

ភាគីហ្វីលីពីនក៏នឹងពិនិត្យមើលលើលទ្ធភាពក្នុងការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងការធ្វេីវារីវប្បកម្មផងដែរ។​ ឯកឧត្តមរដ្ឋមន្រ្តី​ បានឱ្យដឹងទៀតថាក្រសួងកសិកម្មហ្វីលីពីន​ បានទទួលសិទ្ធក្នុងការនាំចូលអង្ករ និងម្ហូបអាហារ ដោយមានថវិកា ​១០០លានដុល្លាសហរដ្ឋអាមេរិក។

គួរឲ្យដឹងដែរថា គោលបំណងនៃកិច្ចជំនួបនេះគឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្មដោយផ្តោតលើចំណុចសំខាន់ចំនួន០២​ រួមមាន​ការធានាសន្តិសុខស្បៀង និងការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។​ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម​ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីនផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស