TNAOT News

· 02-13

ពិធីបុណ្យកោងកាង គ្រោងនឹងរៀបចំនៅដំណាច់ខែកុម្ភៈខាងមុខ ក្នុងខេត្តកោះកុង

#NEW NEWS# #ពិធីបុណ្យកោងកាង# #សង្គម# #ខេត្តកោះកុង# #ព័ត៌មានសង្គម#

4093

ក្រសួងបរិស្ថានបានផ្តួចផ្តើមឲ្យរៀបចំពិធីបុណ្យកោងកាង នៅខេត្តកោះកុង នាដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខដែលជាផ្នែកមួយនៃយុទ្ធនាការ «ពន្លកបៃតង» ក្រោមការចង្អុលបង្ហាញពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង ថែរក្សាប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងជីវៈចម្រុះ តាមរយៈការដាំស្តារព្រៃកោងកាង និងការពង្រីកវិសាលភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានថ្លែងបែបនេះក្នុងឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីទទួលបានអនុសាសន៍ណែនាំពីឯកឧត្តមរដ្ឋមន្រ្តី ដែលដឹកនាំក្រុមការងារដោយ លោក ម៉េង ហេង ប្រធានអង្គការមេត្តាធម្មជាតិ កាលពីពេលថ្មីៗនេះនាទីស្តីការក្រសួងបរិស្ថាន។

លោក ម៉េង ហេង បានប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកជាមួយយុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួងបរិស្ថាន នឹងបន្តការដាំដុះកូនកោងកាងជាមួយប្រជាសហគមន៍ក្នុងដែនសមុទ្រឱ្យបានកាន់តែច្រើន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលបានដាក់ចេញ គឺការបណ្តុះកូនឈើ ចែកកូនឈើ និងដាំកូនឈើច្រើនជាង ១លានដើមក្នុង១ឆ្នាំ ដែលកូនកោងកាងទាំងនេះ គឺជាចំណែកក្នុងការផ្តល់ជម្រកដល់សត្វមានជីវិតនៅក្នុងទឹកដូចជា ត្រី ក្តាម និងបង្គារជាដើម។ ជីវៈចម្រុះទាំងអស់នេះនឹងក្លាយជាចំណែកនៃប្រាក់ចំណូលរបស់ប្រជាសហគមន៍ក្នុងដែនសមុទ្រផង និងឱ្យពួកគាត់មានត្រី សាច់សម្រាប់បរិភោគផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្រសួងបរិស្ថានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើសកម្មភាពទាំងនេះ ជាពិសេសត្រូវអប់រំ និងពន្យល់ណែនាំដល់ប្រជាសហគមន៍ទាំងអស់ ឱ្យយល់ពីសារៈសំខាន់នៃការរួមចំណែកក្នុងយុទ្ធនាការ «ពន្លកបៃតង» តាមរយៈការចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងដាំដុះកូនកោងកាង ហើយនឹងផ្តល់ឱ្យពួកគាត់ក្លាយជាសហគ្រិនភាព អាចបន្តគ្រប់គ្រងសហគមន៍ដោយនិរន្តភាព និងជាប្រយោជន៍សម្រាប់មនុស្សជាតិ និងអ្នកជំនាន់ក្រោយរបស់កម្ពុជា។  

សូមបញ្ជាក់ជូនថា ព្រៃកោងកាង មិនត្រឹមតែជាជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាខែលការពារធម្មជាតិដ៏រឹងមាំ ពីគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុផងដែរ។ ដូច្នេះការដាំស្តារព្រៃកោងកាងឡើងវិញ គឺជាការវិនិយោគដ៏សំខាន់សម្រាប់អនាគត និងជាការចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស