Cambo-China

· 02-23

កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ ពិពណ៌រូបភាព និងអាហារ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2417

កម្ពុជា និងចិន បានសហការរួមគ្នារៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំពិពណ៌រូបភាព និងការភ្លក្សម្ហូបអាហាររបស់ទីក្រុងប៉េកាំង ក្រោមប្រធានបទ”សួស្ដីប៉េកាំង“ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។

ព្រឹត្តិការណ៍នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានការចូលរួមពី ឯកឧត្តម យិន លី សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ និងប្រតិភូប្រទេសទាំង២ ជាច្រើនរូប។ក្នុងឱកាសនោះ ឯកឧត្តម យិន លី បានបង្ហាញនូវក្ដីរីករាយចំពោះការបានមកដល់ប្រទេសកម្ពុជា ជាពិសេសទឹកដីនៃខេត្តសៀមរាប ដែលជាតំបន់បុរាណរបស់កម្ពុជា ដែលមានសម្បត្តិវប្បធម៌ជាច្រើនសម្រាប់ទាក់ទាញដល់វត្តមានភ្ញៀវទេសចរមកពីគ្រប់ទិសទីឲ្យមកទស្សនា ហើយក៏ជាប្រភពសេដ្ឋកិច្ចជាតិមិនចេះរីងស្ងួតរបស់កម្ពុជាផងដែរ។ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រតិភូនាពេលនេះដែរ ឯកឧត្តមជឿជាក់ថានឹងជាចំណែកមួយ ក្នុងការរឹតចំណងមិត្តភាពប្រទេសទាំង២ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ទាំងវិស័យការទូត និងវិស័យនយោបាយ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនេះដែរ នឹងជួយឲ្យសេដ្ឋកិច្ចប្រទេសទាំង២ កាន់តែល្អប្រសើរ ពិសេសខេត្តសៀមរាប ដែលជាខេត្តពឹងផ្អែកធំលើវិស័យទេសចរណ៍ ដែលការណ៍នេះ ប្រទេសចិននឹងជំរុញបន្ថែមទៀត នូវជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ជាមួយនឹងការជំរុញភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។ទន្ទឹមនោះ ឯកឧត្តម វ៉ាង វិនពិន លើកឡើងថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រោមកិច្ចទំនាក់ទំនងល្អរវាងប្រមុខថ្នាក់ដឹកនាំប្រទេសទាំង២ ធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពក៏តែល្អប្រសើរឡើងជាបន្តបន្ទាប់។ ចំពោះការដឹកនាំប្រតិភូការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន មកកាន់កម្ពុជានាពេលនេះ ក៏ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ប្រទេសទាំង២ លើការបង្កើនទំនាក់ទំនង និងពង្រឹងបន្ថែមលើការងារនយោបាយថែមទៀតផង។លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា-ចិន បានមានទំនាក់ទំនងការទូតជាមួយគ្នាមានរយៈពេលជាច្រើនសតវត្សមកហើយ ហើយទំនាក់ទំនងនេះកាន់តែស្អិតរមួតទ្វេរឡើង ជាពិសេសនៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស