
TNAOT News
· 03-14
គិតត្រឹមរយៈពេល ១ឆ្នាំ មន្រ្តីពន្លត់អគ្គិភ័យ ៨នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងអំឡុងពេលចុះជួយពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ
#ករណីអគ្គិភ័យ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #លោកឧត្ដមសេនីយ៍ឯក នេត វន្ថា#
2743
តាមរបាយការណ៍ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា មន្ត្រីនគរបាលពន្លត់អគ្គិភ័យ ដែលជួបគ្រោះថ្នាក់បណ្ដាលឱ្យមានរបួសក្នុងពេលចេញប្រតិបត្តិការពន្លត់អគ្គិភ័យឆ្នាំ២០២៤ មានចំនួន៨នាក់ ក្នុងនោះរបួសធ្ងន់៣នាក់ និងស្រាល៥នាក់។
ដោយក្នុងពេលកើតមានគ្រោះអគ្គិភ័យម្ដងៗ មន្រ្តីនគរបាលពន្លត់អគ្គិភ័យ បានចាត់ទុកបេសកកម្មពន្លត់ និងសង្គ្រោះអាយុជីវិតប្រជាជនជាអាទិភាពបំផុត រហូតពេលខ្លះ ពួកគាត់ត្រូវប្រថុយគ្រោះថ្នាក់ដើម្បីប្ដូរមកវិញនូវសុវត្ថិភាពជនរងគ្រោះដែលកំពុងជាប់ខ្លួនក្រោមអំណាចភ្លើងឆេះសន្ធោសន្ធៅ។
ក្នុងពេលចេញប្រតិបត្តិការម្ដង ក្រុមការងារស្ម័គ្រចិត្ត និងកងកម្លាំងនគរបាល ពន្លត់អគ្គិភ័យនៅទូទាំងប្រទេសតែងតែជួបបញ្ហាប្រឈមមួយចំនួនដូចជា សំណង់មិនរៀបរយ ផ្លូវចង្អៀត អ្នកបើករយានយន្តគ្រប់មធ្យោបាយមិនផ្តល់សិទ្ធិអាទិភាពដល់រថយន្តពន្លត់អគ្គិភ័យ និងបង្កឱ្យមានការស្ទះចរាចរណ៍ ទឹកមិនគ្រប់គ្រាន់ ហើយមានចម្ងាយឆ្ងាយពីកន្លែងអគ្គិភ័យ ខណៈការយល់ដឹងរបស់ប្រជាពលរដ្ឋចំពោះវិធានការពន្លត់អគ្គិភ័យបឋមនៅមានកម្រិតនៅឡើយ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថានៅពេលមានកម្លាំងណាម្នាក់រងរបួស ទោះធ្ងន់ ឬស្រាលក៏ដោយ លោកឧត្តមសេនីយ៍ឯក បានឱ្យថ្នាក់ដឹកនាំ និងអង្គភាព គិតគូយ៉ាងគ្រប់ជ្រុងជ្រោយ ទាំងការសង្គ្រោះព្យាបាល និងការឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារ យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាផ្ដល់ភាពកក់ក្ដៅ និងការលើកទឹកចិត្ត ខណៈមន្រ្តីដែលបានលះបង់សុវត្ថិភាពផ្ទាល់ខ្លួនដើម្បីសេចក្ដីសុខប្រជាជន និងមន្រ្តីដែលមានស្នាដៃល្អក្នុងការងារបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក៏ទទួលបានការលើកទឹកចិត្តជាបន្តបន្ទាប់ដូចគ្នាដែរ។
គួររំលឹកផងដែរថា ក្នុងឆ្នាំ២០២៤ មានអគ្គិភ័យកើតឡើង ចំនួន១ ០៣៥លើក បើធៀបនឹងឆ្នាំ២០២៣ មានចំនួន៧៦៦លើក កើនឡើង២៦៩លើក។ ហេតុការណ៍អកុសលនេះ បានបណ្ដាលឱ្យខូចខាតទ្រព្យសម្បតិ្តជាអាទិ៍ ឆេះផ្ទះចំនួន ៦១៥ខ្នង តូបលក់ដូរ៦៥៨តូប ឃ្លាំង ២៤ខ្នង រោងចក្រ១១ខ្នង រថយន្ត៤៦គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។ បើតាមលោកឧត្តមសេនីយ៍ឯក នេត វន្ថា មូលហេតុបង្កឱ្យមានអគ្គិភ័យ រួមមាន ឆ្លងចរន្តអគ្គិសនី មាន៤៤៥លើក ស្មើនឹង៤៥,៥៩% ប្រើប្រាស់ភ្លើង មាន៣១៧លើក ស្មើ៣២,៤៧% និងផ្ទុះឃ្លាំងគ្រាប់ ១លើក ស្មើនឹង០,១០% ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)