Cambo-China

· 03-24

កម្ពុជាបើកសម្ពោធជាផ្លូវការ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី៤

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2350

វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី៤ស្តីពី ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ : ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន បន្ថែមទៀត និងពង្រឹងយន្តការផ្លាស់ប្តូរការសិក្សា និងកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន ក្រោមវត្តមានឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា, ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការ និងជាតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Zhen Zhanmin អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា។ 

ជាក់ស្តែង ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ : ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី កម្ពុជា និងចិន ក៏គ្រោងនឹងពិនិត្យមើលការអភិវឌ្ឍ «របៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ដើម្បីគាំទ្រការប្រែក្លាយឆ្នេរសមុទ្រខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណងគំរូដែលដូចគ្នាទៅនឹង«ទីក្រុងShenZhen ទីពីរ»។ 

ឯកឧត្តមបណ្ឌិត គិន ភា បានមានប្រសាសន៍ថា «វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង។ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន បានដើរតួនាទីជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាញាណ និងជំរុញកិច្ចសន្ទនារវាងបញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំគំនិតនៃប្រទេសទាំងពីរ និងទាំងក្នុងនិងក្រៅតំបន់»។ 

លោក បន្តថា ការរៀបចំវេទិកាកម្រិតខ្ពស់ក្រោមប្រធានបទ «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ : ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការប្រែក្លាយគំនិតដែលជាចក្ខុវិស័យទៅជាយុទ្ធសាស្ត្រជាក់ស្តែងដែលអាចអនុវត្តបាន ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមកម្ពុជា និងរួមចំណែកដល់ស្ថិរភាពតំបន់និងពិភពលោក។ 

ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា បានលើកឡើងថា «វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី៤ នាពេលនេះគឺពិតជាមានសារសំខាន់ណាស់ដើម្បីពង្រឹងការបេ្តជ្ញាចិត្តឥតងាកេររវាងកម្ពុជា និងចិន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងដើម្បីពិនិត្យឡើងវិញនូវការវិវត្តយ៉ាងឆាប់រហ័សលើកិច្ចសហប្រតិបត្តិការជាក់ស្តែងនានា»។

គួរបញ្ជាក់ផងដែរថា វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន នេះត្រូវបានប្រារព្ធឡើងដោយជោគជ័យចំនួន ៣ដងរួចមកហើយ រួមមានលើកទី១ នៅឆ្នាំ២០១៩ លើកទី២ នៅឆ្នាំ២០២១ និងលើកទី៣ នៅឆ្នាំ២០២៣។ ខណៈក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ បានព្រមព្រៀងបង្កើតដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានវិស័យអាទិភាពចំនួន៦ រួមមានកិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាព ផលិតកម្ម និងគុណភាពកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស