បង្ហោះផ្សាយ

ខ្មែរ

Cambo-China

· 03-29

ឯកឧត្តមទេសរដ្ឋមន្រី្ត លី ធុជ លើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យពិចារណាសិក្សាពីលទ្ធភាពក្នុងការវិនិយោគបន្ថែមនៅកម្ពុជា

#វិនិយោគិន# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA# #ទេសរដ្ឋមន្រ្តី លី ធុជ#

2265

ឯកឧត្តមទេសរដ្ឋមន្រី្ត លី ធុជ ជំរុញលេីកទឹកចិត្តឱ្យវិនិយោគិនតំបន់ក្វាងស៊ី ប្រទេសចិន ពិចារណាពង្រីកការវិនិយោគដោយផ្ទាល់នៅកម្ពុជា ស្របតាមទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នេះបើតាមជំនួបពិភាក្សារបស់ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិតំបន់ក្វាងស៊ី ដែលដឹកនាំដោយ លោក Liu Shuyi អនុប្រធានក្រុមប្រឹក្សា និងមានអមដំណើរដោយវិនិយោគិននានា របស់តំបន់ក្វាងស៊ី នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

នាឱកាសនៃជំនួបពិភាក្សានេះ ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូនៃក្រុមប្រឹក្សាលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិតំបន់ក្វាងស៊ី រួមទាំងវិនិយោគិនផ្សេងទៀត ដែលបានធ្វើទស្សនកិច្ច និងមានចំណាប់អារម្មណ៍ពង្រីកការវិនិយោគមកកាន់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព រួមទាំងផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គីសនី បណ្តាញចែកចាយទឹកស្អាត និងកម្លាំងពលកម្មវ័យក្មេងនិងសកម្ម ព្រមទាំងមានច្បាប់វិនិយោគលើកទឹកចិត្តវិនិយោគិន ដែលផ្តល់អំណោយផលយ៉ាងខ្លាំង ដល់ការវិនិយោគលើកគ្រប់វិស័យនៅកម្ពុជា ជាពិសេស កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនផងដែរ។ 

ជាមួយគ្នានេះ ឯកឧត្តមបណ្តិត បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យពិចារណាសិក្សាពីលទ្ធភាពក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ស្របតាមទស្សនវិស័យដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីជំរុញការវិនិយោគដោយផ្ទាល់នៅកម្ពុជា ជាពិសេសប្រទេសចិន ក្នុងការរួមចំណែកក្នុងការអនុវត្ត “គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ” របស់រដ្ឋាភិបាលចិន និង “កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន”។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងចិន គឺជាបងប្អូនល្អ និងមិត្តភក្តិពិតប្រាកដ ហេតុដូចច្នេះ កម្ពុជាស័ក្តិសមជាដៃគូវិនិយោគដ៏ល្អរបស់វិនិយោគិន របស់តំបន់ក្វាងស៊ី។ 

ជាការឆ្លើយតប លោក Liu Shuyi បានកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់ ឯកឧត្តមបណ្ឌិត លី ធុជ និងបានលើកឡើងថា ទីផ្សារនៅកម្ពុជា មានសក្តានុពលខ្ពស់ និងមានគោលនយោបាយលើកទឹកចិត្តវិយោគល្អប្រសើរ ដែលអំណោយផលដល់ការវិនិយោគ និងបានសន្យា កៀរគរវិនិយោគគិននានាពីតំបន់ក្វាងស៊ី មកវិនិយោគនៅកម្ពុជា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

កូដណែនាំ 91815366

· 03-29

👌👌

  • 1
ទៅកាន់

ការណែនាំពិសេស