TNAOT News

· 04-11

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #Donald Trump# #ឯកឧត្តម ហ៊ុន ម៉ានី# #សង្គម# #អភិបាលខេត្តកំពត# #ព័ត៌មានសង្គម# #ស៊ី ជីនពីង#

3295

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. យុវជនស្ម័គ្រចិត្ត ៥៨៦នាក់ ចាប់ផ្ដើមចេញពីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាបដើម្បីចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ បានអញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីរួមខេត្តសៀមរាប។

២,អភិបាលខេត្តកំពត ស្នើសេវាករឲ្យរួមគ្នាអនុវត្តន៍គោលការណ៍ ៣ចំណុចសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

ឯកឧត្តមអភិបាលខេត្ត ស្នើឲ្យអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ទាំងអស់ត្រូវរួមសហការគ្នាផ្តល់សេវាដោយភាពស្មោះត្រង់ និងរក្សាឱ្យបាននូវកំណើនភ្ញៀវទេសចរ ពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងពិធីសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ សេវាអគ្គិសនី និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពត។

៣. រដ្ឋបាលខេត្តកំពង់ចាមប្រកាសយកម៉ោង១២ថ្ងៃត្រង់វិញ ដើម្បីរៀបចំបង្ហាញលៀសហាល ១,០០០ម៉ែត្រ

រដ្ឋបាលខេត្តកំពង់ចាមនឹងកែសម្រួលពេលវេលារៀបចំលៀសហាលកំពង់ចាម១ ០០០ម៉ែត្រ និងសវា WiFi ដោយឥតគិតថ្លៃ ក្នុងកម្មវិធីសង្ក្រាន្តកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។ 

៤. ការដំឡើងពន្ធរបស់លោក Trump នាំឲ្យអត្រាពន្ធលើការនាំចូលរបស់ចិនកើនដល់ ១៤៥%

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Trump បានការពារគោលនយោបាយពន្ធដាររបស់លោក ដោយនិយាយថា សហរដ្ឋអាមេរិកស្ថិតក្នុង "ស្ថានភាពល្អណាស់" ខណៈសេតវិមាន​ (White House) បាននិយាយថា អត្រាពន្ធលើការនាំចូលរបស់ចិនភាគច្រើនគឺ ១៤៥%។

៥. ប្រធានាធិបតីចិន ស៊ី ជីន ពីង នឹងធ្វើទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៧-១៨ ខែមេសា

តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥។  

៦. មនុស្ស ២នាក់សង្ស័យជាប់គាំងក្នុងផ្លូវរូងក្រោមដីដែលបាក់រលំកំឡុងពេលសាងសង់នៅប្រទេសកូរ៉េខាងត្បូង

ក្រុមមន្ត្រីបាននិយាយថា ផ្លូវរូងក្រោមដីដែលកំពុងសាងសង់នៅជិតទីក្រុងសេអ៊ូលបានដួលរលំនៅថ្ងៃសុក្រ ដែលទំនងជាបណ្តាលឱ្យកម្មករពីរនាក់ជាប់គាំងនៅកន្លែងនោះ។

ទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរកំពុងចល័តបុគ្គលិកសង្គ្រោះចំនួន ៥៥នាក់ និងរថយន្ត ១៨គ្រឿង ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលអាចកើតមាន។

៧. មន្ត្រីជំនាញ រកឃើញស្រាក្លែងក្លាយជាច្រើនប្រភេទ សរុបស្មើ ៩១៦ដប

មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងក្រោមការដឹកនាំ សម្របសម្រួល ដោយលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិតស្រាក្លែងក្លាយ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

៨. ចាក់ឲ្យពេញៗទុកទៅលេងស្រុក! តម្លៃប្រេងឥន្ធនៈចុះ១៥០រៀលក្នុងមួយលីត្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ មេសា

កំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់ នៅថ្ងៃទី១១ ខែមេសានេះក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយតម្លៃប្រេងសាំង និងម៉ាស៊ូត ចុះថ្លៃ ១៥០រៀលក្នុងមួយលីត្រ ដោយសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៣ ៧៥០ រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៣ ៥៥០ រៀលក្នុងមួយលីត្រ។  

៩. រាជរដ្ឋាភិបាលអនុម័តផែនការអភិវឌ្ឍន៍តំបន់ខ្នងផ្សារដើម្បីលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការបង្កើតគោលដៅលំហែបៃតង

រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តផែនការអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ឱ្យក្លាយជាគោលដៅលំហែបៃតងគំរូដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាសហគមន៍ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងទាក់ទាញទេសចរណ៍ ដោយនៅតែរក្សាបាននូវតុល្យភាពនៃបរិស្ថាន និងសោភ័ណភាពធម្មជាតិ។

១០. អស្ចារ្យណាស់! តារាចម្រៀង អ្នកនាង ទេព បូព្រឹក្ស បេ្ដជ្ញានឹងនាំយកការសម្តែងសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ

តារាចម្រៀងឯករាជ្យ អ្នកនាង ទេព បូព្រឹក្ស បានចាប់យកឱកាសធំត្រៀមខ្លួនឡើងទៅសម្ដែងនៅលើឆាកអន្តរជាតិ នៅ​ឯប្រទេសម៉ាឡេស៊ី ក្នុងកម្មវិធីដ៏ធំ «2025 ROUND Festival» ដែលតារាចម្រៀងម្ចាស់បទ«វិរៈនារី»រូបនេះត្រៀមជាស្រេចដើម្បីនាំយកនូវការបង្ហាញទស្សនីយភាពដ៏អស្ចារ្យជាបង្ហាញពីសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោកឲ្យស្គាល់កាន់តែច្បាស់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស