
TNAOT News
· 04-22
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកើនឡើង៥១នាក់ ក្រោយសពជនរងគ្រោះចំនួន ២នាក់ទៀតត្រូវបានរកឃើញ
#ព័ត៌មាន# #គ្រោះរញ្ជួយដី# #ជនរងគ្រោះ# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ# #សាកសព#
2251
មន្ត្រីជួយសង្គ្រោះបានអះអាងនៅថ្ងៃអង្គារនេះថា សពកម្មករ០២នាក់បន្ថែមទៀតត្រូវបានរកឃើញពីកម្ទេចថ្មនៃអគារកម្ពស់ ៣០ ជាន់ដែលដួលរលំនៅក្នុងសង្កាត់ Chatuchak នៃទីក្រុងបាងកក ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៥១ នាក់ ។
គិតត្រឹមព្រឹកថ្ងៃអង្គារនេះ មនុស្សចំនួន ៤៣ នាក់នៅតែបាត់ខ្លួន។ អគារការិយាល័យសវនកម្មរដ្ឋដែលកំពុងសាងសង់ (SAO) នៅលើផ្លូវ Kamphaeng Phet 2 បានដួលរលំកាលពីថ្ងៃទី ២៨ ខែមីនា បន្ទាប់ពីផលប៉ះពាល់នៃការរញ្ជួយដីកម្រិត ៨.២ រ៉ិចទ័រ នៅជិតទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ដែលមានចម្ងាយប្រហែល ៣៩២ គីឡូម៉ែត្រពីខេត្ត Mae Hong Son របស់ប្រទេសថៃ។
បើតាមមន្ត្រីសង្គ្រោះ សពទី១ ត្រូវបានរកឃើញពីក្រោមគំនរបាក់បែក ក្នុងតំបន់ C នៅវេលាម៉ោង ៨៖២០នាទីយប់ តាមរយៈការជីកនិងកាត់បេតុង។ សពទី២ ត្រូវបានរកឃើញនៅក្រោមគំនរបាក់បែក ក្នុងតំបន់ B ហើយត្រូវបានស្រង់ដោយជោគជ័យនៅម៉ោងប្រហែល ៩៖៣៧នាទីយប់។
រដ្ឋបាលក្រុងបាងកក (BMA) បានរាយការណ៍ថា ជនរងគ្រោះសរុបចំនួន១០៣ នាក់ពីឧបទ្ទវហេតុនេះ។ ក្នុងនោះ ៥១នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់ ៩នាក់របួស និង ៤៣នាក់ទៀតបាត់ខ្លួន។ ប្រតិបត្តិការស្វែងរកនៅតែបន្ត ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរកបុគ្គលិកដែលបាត់ខ្លួនចំនួន ៤៣ នាក់នៅតែបន្តដំណើរការ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)