TNAOT News

· 04-23

Tripadvisor នឹងសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ជួយអភិវឌ្ឍដល់សហគមន៍ទេសចរណ៍

#ប្រទេសកម្ពុជា# #TripAdvisor# #NEW NEWS# #កិច្ចសហប្រតិបត្តិការ# #សង្គម# #ព័ត៌មានសង្គម# #ក្រសួងទេសចរណ៍#

2613

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជា និង Tripadvisor នឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៏នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើការផ្តល់នូវលទ្ធភាពដល់សហគមន៍ និងម្ចាស់អាជីវកម្មខ្នាតតូចមានលទ្ធភាពចូលរួមផ្តល់សេវាកម្មក្នុងវេទិការ (Platform) របស់ក្រុមហ៊ុនដ៏ធំ និងល្បីល្បាញក្នុងពិភពលោកមួយនេះ រួមទាំងការផ្តល់នូវការបណ្តុះបណ្តាល។ នេះបើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Fabrizio Angelo Orlando នាយកទទួលបន្ទុកសកលផ្នែកកិច្ចការ របស់ក្រុមហ៊ុន Tripadvisor (Global Director, Industry Affairs) ចូលជួបសំដែងការគួរសម កាលពីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

កិច្ចសហប្រតិបត្តិការនេះ គឺគោរពប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំដល់ក្រសួងទេសចរណ៏ "សហការសម្របសម្រួលជាមួយប្រតិបត្តិករទេសចរណ៍ និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ" នាដំណើរទស្សនកិច្ចតំបន់ខ្នងផ្សារកន្លងមក។

សូមបញ្ជាក់ថា TripAdvisor គឺជាវេទិកាធំបំផុតមួយលើលោកសម្រាប់ស្វែងរក ស្វែងយល់ ប្រៀបធៀប និងបញ្ចេញយោបល់អំពីទីកន្លែងទេសចរណ៍ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងទេសចរណ៍ និងសេវាកម្មក្នុងវិស័យទេសចរណ៍ពាសពេញពិភពលោក និងបន្តុំជាង១ពាន់លានមតិយោបល់ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស