
TNAOT News
· 04-24
ការស្វែងរកជនរងគ្រោះដែលជាប់គាំងនៅអគារដួលរលំក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងខែនេះ
#ប្រទេសថៃ# #ព័ត៌មាន# #ជនរងគ្រោះ# #អគារដួលរលំ# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#
2812
រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការស្វែងរកជនរងគ្រោះដែលជាប់គាំងនៅកន្លែងដួលរលំនៃអគារការិយាល័យសវនកម្មរដ្ឋ (SAO) ក្នុងសង្កាត់ Chatuchak ទីក្រុងបាងកក ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងខែនេះ ។
អគារ ៣០ជាន់ដែលកំពុងសាងសង់នៅលើផ្លូវ Kamphaeng Phet 2 បានដួលរលំកាលពីថ្ងៃទី២៨ ខែមីនា ដោយសារតែផលប៉ះពាល់នៃការរញ្ជួយដីកម្រិត ៨.២ រិចទ័រ នៅជិតទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ដែលបានជាប់គាំងកម្មករជាងមួយរយនាក់នៅខាងក្នុង។
BMA បានរាយការណ៍ពីជនរងគ្រោះសរុបចំនួន ១០៣នាក់ពីឧបទ្ទវហេតុនេះ។ ក្នុងនោះ ៥៦នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់ ៩នាក់របួស និង ៣៨នាក់នៅបាត់ខ្លួន។
កាលពីថ្ងៃព្រហស្បតិ៍ លោក Suriyachai Rawiwan នាយកការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ BMA បានបង្ហើបថា កម្ពស់កម្ទេចកម្ទីនៅតំបន់ A និង D មានកម្ពស់ ៩.២៥ម៉ែត្រ ខណៈតំបន់ B និង C មានកំទេចកំទីខ្ពស់បំផុតនៅ ៧.៤១ ម៉ែត្រ។ ជាមធ្យម កម្ពស់កំទេចកំទីសរុបត្រូវបានកាត់បន្ថយមកត្រឹម ៧.៨៨ ម៉ែត្រ ប្រហែលស្មើនឹងជាន់ទីប្រាំមួយ។
លោកបានឲ្យដឹងថា ប្រសិនបើការជីករុករកអាចបន្តបានជម្រៅ ២ម៉ែត្រទៀតនោះ ក្រុមសង្រ្គោះនឹងទៅដល់កន្លែងរត់គេច ដែលត្រូវបានស្កែនពីមុនដោយអង្គភាពសង្គ្រោះអន្តរជាតិ ជាកន្លែងដែលត្រូវបានគេជឿថាជនរងគ្រោះដែលជាប់គាំងចំនួន ៣៨នាក់អាចស្ថិតនៅ។
លោក Suriyachai បាននិយាយថា ប្រតិបត្តិការស្វែងរកត្រូវបានគេរំពឹងថានឹងបង្កើនល្បឿន ខណៈដែលដីកាន់តែចោតតិច។ លើសពីនេះ ការកាត់ដែក និងយកកំទេចកំទីបានកាន់តែងាយស្រួល និងលឿនជាងមុន។ បច្ចុប្បន្ននេះ ក្រុមសង្គ្រោះអាចកាត់បន្ថយកម្ពស់កំទេចកំទីបានយ៉ាងហោចណាស់ ១ម៉ែត្រក្នុងមួយថ្ងៃ។ ក្នុងល្បឿននេះ ប្រតិបត្តិការស្វែងរក និងសង្គ្រោះត្រូវបានរំពឹងថានឹងបញ្ចប់នៅចុងខែនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)