
រឿងនិទានខ្មោចពិតOFFICIAL
· 04-29
រឿងដាក់អំពើ(វគ្គ៤)
#រឿងនិទាន និងប្រលោមលោក# #កម្សាន្ត# #រឿងខ្មោច#
1337

បុណ្យចូលឆ្នាំថ្មី មកដល់ ឆ្នាំ២០២៣នេះ វ៉ារី ជាកម្លោះខ្មែរឥស្លាម រស់នៅខេត្តកំពង់ចាម បាន បបួលមិត្តភក្ដិរបស់ខ្លួនឈ្មោះស្យាស៊ី ជិះម៉ូតូដើរលេងកម្សាន្ដក្នុងពិធីចូលឆ្នាំ ក្រែងអាចនឹងបានជួបស្នេហ៍ ពិត។ ដូចជាមាននិស្ស័យចារពីបុព្វេ ថ្ងៃនេះកម្លោះសង្ហារបស់យើងធ្វើដំណើរមកលេងដល់ខេត្តកំពង់ធំ បានចូលក្នុងវត្តមួយ ក៏ប្រទះនឹងនារីរាងស្ដើងម្នាក់ សក់វែងប្រះស្មា សម្បុរសល្មម នោះគឺវរលក្ខណ៍ ជាក្រមុំ អ្នកកំពង់ធំ ប៉ុន្ដែនៅតំបន់មាត់ញកមួយ មានជីវភាពមិនធូរធារទេ រាល់ថ្ងៃពឹងផ្អែកលើការធ្វើស្រែ និងស៊ីឈ្នួលគេខ្លះ អាចជាកត្តាជីវភាពនេះហើយ ទើបធ្វើឲ្យគ្រួសាររបស់នាងត្រូវបានគេមិនប្រាថ្នាចង់បាន ព្រោះតែគេពោលថាគ្រួសារនាងក្រីក្រ ប៉ុន្ដែដោយសារតែអត្តចរិតដ៏ល្អរបស់នាង សម្ដីរាក់ទាក់គួរឲ្យទាក់ ទាញធ្វើឲ្យប្រុសៗជាច្រើនតាមស្រឡាញ់នាង តែនាងបដិសេធ ព្រោះគិតដល់ជីវភាពផង និងដឹងពីចរិត ពិតរបស់ប្រុសៗទាំងនោះផង ។ ថ្ងៃនេះតែញាក់ភ្នែក ហើយមានអារម្មណ៍ថប់ៗក្នុងទ្រូង បេះដូងលោត ខុសពីធម្មតា ហាក់បីដូចជាមាននរណាកំពុងលួចមើលនាង មែន!...នោះគឺកម្លោះវ៉ារីយើង ខ្សែភ្នែកមិន ព្រិចសោះ ប្រៀបដូចជាលង់ស្នេហ៍ក្រមុំដ៏តូចច្រឡឹង ។ ប្រៀបបាននឹងកម្លាំងមកពីណាចូលក្នុងខ្លួន វ៉ារីទុក សម្លាញ់ចោល ដើរសំដៅទៅរកវរលក្ខណ៍ សាសងវាចាភ្លាម ៖
- អត់ទោស! មិនប្រកាន់ ខ្ញុំសុំរាប់អានសួរលេងផងបានទេ?
-បានតើ! (ក្រមុំយើងដល់ជួបអ្នកក្លាហាន ហាក់បីដូចជាចាញ់ច្រាប)
-អាចឲ្យខ្ញុំសុំស្គាល់ឈ្មោះផងបានទេ? ខ្ញុំឈ្មោះវ៉ារី ជាអ្នកនៅខេត្តកំពង់ចាម សព្វថ្ងៃនេះ នៅ កម្លោះទេ ហើយ...(ក្រមុំយើងឆ្លើយកាត់)
-ហើយថីបានជារៀបរាប់ម្លេ៉ះ ! ខ្ញុំជាមិនចង់ដឹងដល់ម្ល៉ឹងទេ ក្រែងមកសួរខ្ញុំ
-ខ្ញុំប្រាប់ឲ្យហើយតែម្ដង (កម្លោះយើងសើចយ៉ាងរីករាយ)
គូនេះគឺនិស្ស័យពីជាតិមុនតែម្ដង និយាយគ្នាបានតែបន្ដិចសោះ ក៏យល់ចិត្តគ្នាទៅវិញទៅមក ហើយវ៉ារីក៏សុំទៅលេងផ្ទះវរលក្ខណ៍ដើម្បីឲ្យស្គាល់តែម្ដង ។ នៅផ្ទះរបស់វរលក្ខណ៍មានយាយតា ឪពុក ម្ដាយ និងបងប្អូនរស់នៅជុំគ្នា សមាជិកសរុប១០នាក់ តាយាយ និងឪពុកម្ដាយ រាងចំណាស់ ទៅហើយ ប្អូនៗក៏តូច សរុបទៅជំហរក្នុងគ្រួសារ ឃើញបែបបនេះ ធ្វើឲ្យវ៉ារី រឹងរិតតែអាណិតនិងស្រលាញ់នាងទ្វេដង ក្នុងពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ គូស្នេហ៍យើងទាំងពីរបានយល់ចិត្តយល់ថ្លើមគ្នា ស្គាល់ពីគ្នាទៅវិញ ទៅមក ។ វ៉ារីគឺជាជាងម៉ាស៊ីនត្រជាក់ ជីវភាពគ្រួសារក៏ធូរធារ ប៉ុន្ដែគិតមកដល់ចំណុចនេះ វ៉ារីមានការពិបាកចិត្តខ្លះដែរ មួយគឺទំនៀមសាសនា ពីរគួរម្ដាយរបស់កម្លោះយើង ខ្លាចតែគាត់មិនព្រមតាម ទេប៉ុន្ដែកម្លោះយើងសន្យានឹងវរលក្ខណ៍ថានឹងស្នើសុំម្ដាយពេលត្រឡប់ទៅវិញ ។
បីថ្ងៃកន្លងផុត កម្លោះយើងមិនដាច់ចិត្តទៅវិញសោះ ទឹកមុខលាវរលក្ខណ៍ស្ទើរតែស្រក់ទឹកភ្នែក ទាំងពីរនាក់ សូម្បីតែអេដមីនក៏អាណិតពួកគាត់ដែរ ។ ពេលទៅដល់ផ្ទះវិញវ៉ារីបានប្រាប់ម្ដាយពីរឿងនេះ ដល់ម្ដាយ ប៉ុន្ដែភ្លាមៗម្ដាយក៏មិនទាន់ប្រកែកអីដែរ ព្រោះគិតថាកម្លោះយើងគ្រាន់តែស្រលាញ់មួយឆាវ ប៉ុណ្ណោះ ។ ឲ្យតែទំនេរពីការងារកម្លោះយើងតែឆ្លៀតជិះម៉ូតូមកលេងម្ចាស់បេះដូងពុំលស់ពេល មានពេលខ្លះ ស្នាក់នៅយូរមិនព្រមត្រឡប់ទៅវិញសោះ ធ្វើឲ្យម្ដាយមិនពេញចិត្ត និងខឹងសម្បារទៀត ផង។ ថ្ងៃមួយម្ដាយរបស់វ៉ារីបានស្កាត់មកជួបវរលក្ខណ៍ ដោយឃើញស្ថានភាពគ្រួសារនាងមិនប្រសើរ គាត់បានស្នើសុំឲ្យវរលក្ខណ៍ឈប់ទាក់ទងនឹងវ៉ារីទៀត ដោយប្រគល់នូវថវិកាចំនួន៥លានរៀល ចាត់ទុកថា ជាថ្លៃជួយគាត់សម្រេចបំណង តែមាណវីយើងបដិសេធ ហើយប្រាប់ថានាងមិនចង់បានប្រាក់ទេ ក្ដីស្រលាញ់ចេញពីបេះដូង សង្ឃឹមតែម្ដាយវ៉ារីយល់ចិត្តអាណិតពួកគេទាំងពីរ ប៉ុន្ដែបែរជាធ្វើឲ្យម្ដាយរបស់ វ៉ារីស្អប់ប្រកាន់ខ្លាំងឡើង មុននឹងត្រលប់ទៅវិញគាត់បានគំរាមថា បើនៅតែហ៊ានទាក់ទងកូនគាត់ទៀត វរលក្ខណ៍នឹងដឹងខ្លួនហើយ ហើយហាមឲ្យសោះប្រាប់រឿងនេះដល់កូនប្រុសគាត់។
ក្ដីសង្ឃឹមទាំងឡាយចាប់ផ្ដើមរលាយបន្ដិចៗម្ដង ពេលដែលវ៉ារីព្យាយាមជួប វរលក្ខណ៍ព្យាយាម គេច ព្រោះតែមិនចង់បំផ្លាញទំនាក់ទំនងម្ដាយកូនរបស់ វ៉ារី ។ គ្រាន់តែដឹងថាកូនប្រុសទៅជួបវរលក្ខណ៍ ម្ដាយវ៉ារីខឹងណាស់ ក៏រៀបចំពិធីក្នុងបន្ទប់អាសនៈរបស់គាត់ (នេះបញ្ជាក់ថាម្ដាយរបស់វ៉ារីក៏ចេះអាគមអូម អាមដែរ) យប់បន្ដិចវរលក្ខណ៍មានអារម្មណ៍ថាមិនស្រួលខ្លួនសោះ ភ្លាមៗមានអារម្មណ៍ថាអស់កម្លាំង វិល មុខធីងធោង ក្ដៅរវើរវាយលែងដឹងខ្លួន បងប្អូននាំគ្នាចាប់ និងនាំទៅពេទ្យប៉ុន្ដែហាក់គ្មានបានផលសោះ បន្ទាប់មកក៏ទៅដើររកគ្រូខ្មែរ គាត់ប្រាប់ថានាងត្រូវអំពើរបស់គេហើយ គេផ្នាយចោលទេ ប៉ុន្ដែគេនឹងដាក់ បន្ថែមបើសិនជាមិនទាន់បានអ្វីដែលគេចង់បាន ហើយគាត់បញ្ជាក់យ៉ាងច្បាស់ថានោះគ្រូចាមជាអ្នកដាក់ គាត់ក៏គ្មានលទ្ធភាពដោះដែរ ទាល់តែរកគ្រូចាមដែលពូកែ ឬក៏ព្រះសង្ឃពូកែទើបបាន ប៉ុន្ដែប្រហែលជា រកមិនទាន់ទេ ព្រោះបំណងគេគឺធ្វើឲ្យនាងស្លាប់តែម្ដង ។ វរលក្ខណ៍ដឹងច្បាស់ណាស់ថាគឺប្រាកដជាម្ដាយ របស់វ៉ារី ។ រំលងបាន ២ថ្ងៃ គ្រួសារនាងទាំងមូលស្រាប់តែចុកពោះ ហើមពោះ មិនដឹងមូលហេតុនេះ ចំណែកខ្លួននាងវិញមួយថ្ងៃរត់ទៅចងកក្រោយផ្ទះមិនក្រោម៤ដងទេ ប៉ុន្ដែត្រូវបានវ៉ារីមកទាន់ជួយដល់ នាង។ វ៉ារីដឹងថារឿងទាំងនេះ គឺម្ដាយនាយជាអ្នកធ្វើ ដើម្បីបំបែកអ្នកទាំងពីរ ប៉ុន្ដែក្ដីស្រលាញ់ជ្រាលជ្រៅ ពេក នាយមិនដាច់ចិត្តសោះ ។
នាយបានប្រាប់ម្ដាយថាបើសិនជាមិនឲ្យជួបគ្នាជាមួយវរលក្ខណ៍ទេ នាយសុខចិត្តលះបង់ជីវិត ព្រោះក្ដីស្រលាញ់មួយនេះ មិនអាចដកបានទេ ប៉ុន្ដែការគំរាម នេះពុំបានផល សោះ ព្រោះម្ដាយរបស់វ៉ារី បានពោលថា៖ បើសិនជានាយហ៊ានយកជីវិតដើម្បីមកគំរាមគាត់ គាត់សុខចិត្ត ចោលកូនម្នាក់នេះ តែវរលក្ខណ៍ និងក្រុមគ្រួសារនាងទាំងអស់ត្រូវតែទៅកំដរវ៉ារីជាក់ជាមិនខាន៕
ពាក្យសម្ដីនេះពិតជាធ្ងន់ណាស់ ព្រោះតែក្ដីស្រលាញ់កូនៗសោះ តែបែរជាត្រូវធ្វើឲ្យអ្នកដទៃដែល មិនដឹងអ្វី ត្រូវរងគ្រោះ ។ ទឹកភ្នែកនាយស្រក់តក់ៗ លើថ្ពាល់សង្សារជាទីស្រលាញ់ ខណៈកំពុងបីនាងនៅ នឹងដៃ មើលទៅទឹកមុខដ៏គួរឲ្យអាណិតរបស់នាង មាណពបាននិយាយទាំងអួលដើមកទៅកាន់វរលក្ខណ៍
-អូនសម្លាញ់! ឲ្យបងសុំទោស បងគិតថាក្ដីមានះរបស់បង នឹងត្រូវបានអ្នកម្ដាយគាត់ យោគ យល់ ប៉ុន្ដែគ្រប់យ៉ាង.... ទីបំផុត បងត្រូវចាកចេញពីអូន តើឲ្យបងត្រូវធ្វើយ៉ាងណាវិញ?
រៀបរាប់បណ្ដើរ ទឹកភ្នែកស្រក់ចុះបណ្ដើរ នាយអង្អែលថ្ពាល់សង្សារ ដែលស្លេកស្លាំង ហើយបន្ដថា បើមិនអាចនៅការពារអូនបានទេ មានតែការចាកចេញរបស់ បង ទើបធ្វើឲ្យអូន និងក្រុមគ្រួសារ បានសុខ បើសិនជាមានជាតិមុខ សូមឲ្យបងជួបអូនកុំបីឃ្លាតគ្រប់ជាតិ ។ ក្រោយពីរៀបចំឲ្យសង្សារសម្រាកហើយ នាយបានចាកចេញត្រលប់ទៅដល់ផ្ទះវិញ ឯវរលក្ខណ៍ និងក្រុមគ្រួសារបានធូរស្រាលលែងធ្វើទុក្ខទៀត អាណិតតែមាណវីយើងទេ ទឹកភ្នែកហូរចុះស្រក់ស្ដាយសង្សារជាទីស្រលាញ់ និងក្ដីស្រលាញ់ទាំងអស់ ។ ចុងក្រោយវ៉ារីបានយកប្រពន្ធតាមការរៀបចំរបស់ម្ដាយ ហើយវរលក្ខណ៍ក៏រៀបការដែរ ព្រោះដើម្បីកុំឲ្យ ម្ដាយរបស់វ៉ារីមិនអស់ចិត្តខ្លាចថាបើវរលក្ខណ៍មិនទាន់រៀបការ កូនប្រុសរបស់គាត់នឹងអាចត្រលប់មកវិញ នៅថ្ងៃក្រោយ ។ ក្រោយពីអេដមីនបានស្ដាប់រឿងរ៉ាវរបស់ពួកគាត់ទាំងពីរ អេដមីនក៏ស្រក់ទឹកភ្នែកអាណិត ប្អូនស្រីដែរ ទើបសរសេររឿងរ៉ាវមួយទុក សុំចិត្តឪពុកម្ដាយគ្រប់រូប សូមលះបង់ខ្លះទៅរឿងវណ្ណៈគ្រួសារ ព្រោះមិនប្រាកដថាគូដែលយើងផ្សំផ្គុំពិតជាមិនខុស គូដែលកូនយើងរើសខ្លួនឯងក៏មិនប្រាកដថាខុស សំខាន់កូនៗមានសុភមង្គលក្នុងជីវិត។
តាមដានអេដមីនបន្ដ៖
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)