
TNAOT News
· 05-14
ខេត្តកំពតនឹងទទួលបានកញ្ចប់ផលិតផលសេវាទេសចរណ៍ថ្មី «វិថីអាហារ» រំពឹងនឹងទាក់ទាញភ្ញៀវទេសចរណ៍មកលេងខេត្តកំពតកាន់តែច្រើន
#សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ឯកឧត្តម ម៉ៅ ធនិន# #ខេត្តកំពត#
2467
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងកំពត ចុះពិនិត្យបើកការដ្ឋានសាងសង់វិថីអាហារ និងសួរច្បារផ្សារ ចាប់ពីផ្សារក្រណាត់រហូតដល់សួនប្រាសាទដើមពោធិ៍ ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ក្នុងគោលបំណងពន្លឿនក្រុមការងារដើម្បីឈានទៅបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។
បើតាមឯកឧត្តមអភិបាលខេត្តកំពតបានបញ្ជាក់ថា ការបញ្ចប់គម្រោងសាងសង់វិថីអាហារនេះនឹងក្លាយជាកាដូដល់អាជីវករក្នុងខេត្តកំពត ក៏ដូចជាបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះវិថីអាហារនេះនិងរំលេចឡើងនូវរចនាបថខ្មែរ និងការស្លៀកពាក់បែបប្រពៃណីខ្មែរក្នុងន័យដើម្បិបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរទៅកាន់ភ្ញៀវទេសចរ។
ដោយឡែកបើតាមអភិបាលក្រុងកំពត លោក លាង រឿនសុធី បានឱ្យដឹងថា តាមការរំពឹងទុកការលក់ដូររបស់អាជីវករនិងមានលក្ខណៈល្អប្រសើរជាងមុនក្រោយពីវិថីអាហារនេះសាងសង់រួចរាល់ ដោយសារភូមិសាស្ត្រតំបន់នេះជាប់នឹងព្រែកកំពង់បាយ ហើយក៏ជាអតីតផ្សារមួយស្ថិតក្នុងតំបន់បេតិក្ខភណ្ឌក្នុងក្រុងកំពតផងដែរ។ លោកអភិបាលក្រុងបានបន្តថា បច្ចុប្បន្ននេះខេត្តកំពតក៏ដូចជាក្រុងកំពត ពីមួយថ្ងៃទៅមួយថ្ងៃកំណើនភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សំគាល់ ហើយភ្ញៀវទេសចរភាគច្រើនតែងតែចូលមកលេងកម្សាន្តនៅក្នុងតំបន់នេះ ពិសេសភ្ញៀវទេសចរបរទេស ដោយសារតែវិថីអាហារគឺសំបូរទៅដោយអាហារចំរុះ មានទាំងម្ហូបខ្មែរ និងម្ហូបបរទេស។ លោកបានបន្ថែមថា វិថីអាហារនេះក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នឹងត្រូវសាងសង់ឡើងទៅតាមរចនាបថខ្មែរសុទ្ធសាធ ហើយអាជីវករគឺតម្រូវឱ្យមានការស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ដើម្បីឱ្យមានភាពទាក់ទាញកាន់តែខ្លាំង ហើយក៏ដើម្បីបង្ហាញនូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរទៅកាន់កូនក្មួយជំនាន់ក្រោយ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្តផងដែរ។
លោកអភិបាលក្រុងក៏បានស្នើដល់អាជីវករដែលលក់ដូរនៅក្នុងវិថីអាហារទាំងអស់ ត្រូវចូលរួមគោរពតាមការណែនាំរបស់អាជ្ញាធរក្រុង រក្សាអនាម័យបរិស្ថានឱ្យបានស្អាត ពិសេសលក់ដូរដោយភាពស្មោះត្រង់ដើម្បីរក្សាតម្លៃជាជនជាតិខ្មែរ។
សូមបញ្ជាក់ថា អាជីវករទាំងអស់មិនតម្រូវឱ្យបង់ប្រាក់សម្រាប់ការសាងសង់នោះឡើយ ចំណែកការបង់ថ្លៃប្រចាំខែ ក៏ឯកឧត្តមអភិបាលខេត្តមិនតម្រូវឱ្យមាននោះដែរសម្រាប់ម្ចាស់តូបដែលអាជ្ញាធរក្រុងកំពតបានធ្វើបច្ចុប្បន្នភាព។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏លើកទឹកចិត្តឱ្យអាជីវករទាំងអស់រាយការណ៍ជូនអាជ្ញាធរភ្លាមៗប្រសិនបើមានអ្នកដើរទារប្រាក់ ឬតម្រូវឱ្យបង់ថ្លៃតូបប្រចាំខែ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)