TNAOT News

· 05-20

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ក៏ដូចជាជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម

#NEW NEWS# #សង្គម# #សម្តេចតេជោ ហ៊ុនសែន# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#

2830

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលើកឡើងថា សហគ្រាធុនតូច និងមធ្យម តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី គឺរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ក៏ដូចជាជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ហើយបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះក៏បន្តជ្រោមជ្រែងយកចិត្តទុកដាក់នៅក្នុងការលើកស្ទួយដល់សហគ្រាសធុនតូច និងមធ្យមផងដែរ។

សម្តេចតេជោថ្លែងបញ្ជាក់ដូចនេះក្នុងឱកាសអនុញ្ញាតឱ្យ ប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម ចូលជួបសម្ដែងការគួរសម នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះការចូលរួមក្នុងសង្គម និងសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរដ្ឋាភិបាលតាមរយៈការបង្កើតជាសម្ព័ន្ធសមាគម និងមូលនិធិដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានេះឡើង ដោយសម្ដេចតេជោបានសង្កត់ធ្ងន់ថា គ្រឹះដល់រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងសហគ្រាសធុនតូច និងមធ្យម ហើយរដ្ឋាភិបាលកំពុងតែបន្តភាពជាដៃគូជាមួយនឹងវិស័យឯកជនដើម្បីធានាកំណើនសេដ្ឋកិច្ច និងធ្វើឲ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។

ក្នុងឱកាសនោះ លោកឧកញ៉ា តែ តាំងប៉ បានបង្ហាញនូវរបាយការណ៍ដែលជាសកម្មភាពក៏ដូចជាសមិទ្ធផលដែលសមាគមបានសម្រេចនាពេលកន្លងមក។ លោកឧកញ្ញ៉ាបញ្ជាក់ថា កន្លងមកសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលក្នុងការចូលរួមរៀបចំនូវពិធីបុណ្យសំខាន់ៗ ដូចជាបុណ្យសមុទ្រនិងបុណ្យទន្លេជាដើម។

សហគ្រាសធុនតូច និងមធ្យមកម្ពុជាមានជាង៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយមានប្រមាណ ៧៥៣,៦៧០ សហគ្រាស ដែលផ្ដល់ការងារប្រមាណ ៧០% នៃកម្លាំងពលកម្មសរុប ដែលមានប្រមាណ ២លាន ៩សែននាក់ ដែលបានការងារធ្វើដោយកើតចេញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

បន្ថែមពីលើសនោះ គឺសហគ្រាសធុនតូចនិងមធ្យមទៅកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មជា ពិសេសចូលរួមចំណែកចំនួន៩៣% ក្នុងផលិតផលក្នុងស្រុកសរុប នេះបានបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីក៏ដូចជាការចូលរួមដ៏សំខាន់នៃសហគ្រាសធុនតូច និងមធ្យមដែលបានជ្រោមជ្រែងនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស