
TNAOT News
· 05-22
កម្ពុជា និងសហភាពអារ៉ាប់រួម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម និងនវានុវត្តន៍
#សហភាពអារ៉ាប់រួម# #ឧស្សាហកម្ម និងនវានុវត្តន៍# #NEW NEWS# #សង្គម# #កម្ពុជា# #ព័ត៌មានសង្គម#
2808
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី បានទទួលជួប លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរដ្ឋទូតនៃសហភាពអារ៉ាប់រួមប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយបន្តសន្ទុះនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតនៃសហភាពអារ៉ាប់រួមប្រចាំកម្ពុជា បានលើកឡើងពីគម្រោងរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ច សហភាពអារ៉ាប់រួមមកកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសវិនិយោគ និងបានបញ្ជាក់ដែរថា នឹងមានការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗរវាងប្រទេសទាំងពីរចាប់ពីខែមិថុនាខាងមុខទៅ។
លោក Aldhaheri បានលើកឡើងថា៖«យើងមើលមកប្រទេសកម្ពុជា យើងឃើញសក្តានុពល យើងឃើញការរីកចម្រើន។ សហភាពអារ៉ាប់រួមមានក្រុមហ៊ុនជំនាញ AI និងមជ្ឈមណ្ឌលទិន្នន័យទំនើប ហើយយើងនឹងនាំពួកគេមកកម្ពុជា យ៉ាងហោចណាស់ក៏អាចចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹង AI ការបង្កើត App និង Software ផ្សេងៗ។»
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះវឌ្ឍភាពនៃកិច្ចសហការកន្លងមក និងបានកោតសរសើរសហភាពអារ៉ាប់រួមដែលសន្យាផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សាជំនាញវិទ្យាសាស្ត្រ ដោយលោកបានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្សក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានសារៈសំខាន់ណាស់ ព្រោះរាជរដ្ឋាភិបាលបានកំណត់យកបច្ចេកវិទ្យាជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ។
ឯកឧត្តមគូសបញ្ជាក់ថា កម្ពុជាក៏កំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតលើឧស្សាហូបនីយកម្ម និងបរិវត្តកម្មឌីជីថល ហើយយើងបើកចំហចំពោះកិច្ចសហការជាមួយសហភាពអារ៉ាប់រួម លើការវិនិយោគ នវានុវត្តន៍ និងឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យសហភាពអារ៉ាប់រួម អញ្ជើញក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួន មកចូលរួម និងចែករំលែកបទពិសោធន៍ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា ដែលគ្រោងរៀបចំក្នុងខែមីនា ឆ្នាំ២០២៦ ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)