TNAOT News

· 06-17

ទេសរដ្ឋមន្រ្តី លី ធុជ៖ ភាពជាដៃគូមិនមែនត្រឹមតែជាផ្តល់ការគាំទ្រនោះទេ ក៏ជាការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវជោគវាសនារួមគ្នា

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2341

ក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា ភាពជាដៃគូ មិនមែនត្រឹមតែជាផ្តល់ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ វាថែមទាំងជាការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាននូវជោគវាសនារួមគ្នា។ 

ឯកឧត្តម លី ធុជ បានបញ្ជាក់ថា ការគាំទ្ររបស់ប្រទេសចិន គឺមិនត្រឹមតែវិសាលភាពនៃជំនួយទេ តែជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តប្រកបដោយយុទ្ធសាស្ត្រ ហើយកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងសកម្មភាពមីន គឺមិនត្រឹមតែជាការបោសសម្អាតមីន និងគាំទ្រការងារមនុស្សធម៌នោះទេតែជាការត្រួសត្រាយផ្លូវសម្រាប់អនាគតនៃវិបុលភាពរួមគ្នា សន្តិភាព និងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងចិន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា គម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងសកម្មភាពមីន» គឺជាដំណើរដ៏អស្ចារ្យក្រោមមិត្តភាពកម្ពុជា-ចិន ជាមិត្តភាពបានចូលរួមប្រែក្លាយកម្ពុជាចេញពីផេះនៃសង្គ្រាម ឆ្ពោះទៅរកពន្លឺនៃក្តីសង្ឃឹម និងវិបុលភាព ឈានដល់ការកសាងជោគវាសនារួមគ្នា។ 

តាមរយៈគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារចំនួន ៧២៣ តាមរយៈរំដោះផ្ទៃដីមានយុទ្ធភណ្ឌគ្រឿងផ្ទុះ និងគ្រួសារចំនួន ៥៥ ១១១ នៅក្នុងស្រុកគោលដៅ តាមរយៈការផ្តល់សុវត្ថិភាព និងឱកាសអភិវឌ្ឍ ហើយនៅពីក្រោយតួរលេខនិងសមិទ្ធផលទាំងនេះ ប្រទេសចិន បានផ្តល់នូវអនាគតថ្មីដល់ប្រជាជនកម្ពុជា តាមរយៈការបោសសម្អាតនិងកម្ទេចគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ 

ជាចុងបញ្ចប់ ឯកឧត្តមបន្ថែមដែរថា ក្រៅពីវិស័យមីន ការវិវត្ត និងរីកចម្រើននៅកម្ពុជា ប្រទេសចិនបានឈរនៅជាមួយកម្ពុជាគ្រប់កាលៈទេសៈ ទាំងពេលឆ្លងកាត់គ្រប់បញ្ហា ពេលទទួលបានជោគជ័យ និងគ្រប់ជំហាននៃដំណើរការអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដែលទាំងនេះ បានកំណត់និយមន័យថ្មីនៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ សម្រាប់ភាពជោគជ័យដែលផ្តល់ដោយមិត្តភាព។ ការគាំទ្ររបស់ប្រទេសចិន គឺមិនមែនត្រឹមតែវិសាលភាពនៃជំនួយទេ តែជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តប្រកបដោយយុទ្ធសាស្ត្រ។

កួរឲ្យដឹងដែរថា គម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» បានទទួលការគាំទ្រពីមូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រោមការសម្របសម្រួលដោយផ្ទាល់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស