TNAOT News

· 06-19

ឯកឧត្តមបណ្ឌិត លី ធុជ បានជំរុញលើកទឹកចិត្តដល់វិនិយោគិនចិន ឱ្យពិចារណាសិក្សាពីលទ្ធភាពនិយោគនៅកម្ពុជា

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2376


ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានជំរុញលើកទឹកចិត្តដល់វិនិយោគិនចិនទាំងអស់ ឱ្យពិចារណាសិក្សាពីលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា ស្របតាមទស្សនវិស័យដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជំរុញការវិនិយោគដោយផ្ទាល់នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងដូចនេះក្នុងឱកាសអនុញ្ញាតឱ្យ លោក Wang Andy ស្ថាបនិក និងជាប្រធានប្រតិបត្តិសកលនៃ President Club (President Speech Union) និងអ្នកវិនិយោគិនចិន ចូលជួបសម្តែងការគួរ និងពិភាក្សាការងារ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ។ 

ក្នុងជំនួបនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ លោក Wang Andy រួមជាមួយគណៈប្រតិភូនៃ President Club និងអ្នកវិនិយោគិនចិនទាំងអស់ ដែលបានអញ្ជើញមកទស្សនកិច្ច និងឈ្វេងយល់ឱកាសវិនិយោគនៅកម្ពុជា។ 

ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះក្លឹប President Club ដែលមានទស្សនវិស័យ គោលបំណង គោលដៅ និងវិសាលភាពការងារច្បាស់លាស់ ក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព ជំរុញវប្បធម៌សុខដុមរមនា និងការរីកចំរើនរបស់ពិភពលោក ក៏ដូចជាសម្របសម្រួលការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកល ដែលទាំងនេះពិតជាមានសារៈសំខាន់ និងបានផ្តល់នូវអត្ថន័យយ៉ាងធំធេងសម្រាប់កម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃ អស់ជាង ៣ទសវត្សរ៍។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព រួមទាំងផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គីសនី បណ្តាញចែកចាយទឹកស្អាត និងកម្លាំងពលកម្មវ័យក្មេងនិងសកម្ម ព្រមទាំងមានច្បាប់វិនិយោគលើកទឹកចិត្តវិនិយោគិន ដែលផ្តល់អំណោយផលយ៉ាងខ្លាំង ដល់ការវិនិយោគលើកគ្រប់វិស័យនៅកម្ពុជា ជាពិសេសកម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ផងដែរ។ 

ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងចិន គឺជាបងប្អូនល្អ និងមិត្តភក្តិពិតប្រាកដ ហេតុដូចច្នេះ កម្ពុជាស័ក្តិសមជាដៃគូវិនិយោគដ៏ល្អរបស់វិនិយោគិនចិន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)