TNAOT News

· 2025-07-31

សម្តេចធិបតី ឆ្លើយតបជុំវិញការមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងកម្ពុជា ដែលកងទ័ពថៃបានចាប់ខ្លួន

#កងទ័ពខ្មែរ# #សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #សង្គម# #កងទ័ពថៃ# #ព័ត៌មានសង្គម# #ប្រមុខរាជរដ្ឋាភិបាលកម្ពុជា#

6268

ក្រោយមានការចោទសួរហេតុអ្វីបានជា រាជរដ្ឋាភិបាលកម្ពុជា មិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់កងទ័ពកម្ពុជាទេឬ? ជុំវិញបញ្ហានេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់ សម្រាប់ការពារអាយុជីវិត និងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន»។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា «នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។ ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឲ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មាន ដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានអោយបានល្អ និងបើកការចរចាទាមទារពួកគេមកវិញឲ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់ឲ្យប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។ ខ្ញុំសូមបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំឲ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ»។

ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាគីថៃ ដើម្បីស្នើឲ្យមានការដោះលែងយោធិនយើងត្រឡប់មកវិញឲ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំការជួយអន្តរាគមន៍ពីអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើទៅអគ្គបញ្ជាការកងទ័ពថៃ អោយជួយជំរុញការដោះលែងឲ្យបានឆាប់។

ជាមួយគ្នានេះ សម្តេចធិបតី ក៏សង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឲ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុតផងដែរ៕  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស