TNAOT News
· 10-07
ឃាត់ខ្លួនជនសង្ស័យចំនួន ៦៤នាក់ ករណីផ្ដល់កម្ចីប្រាក់ដោយខុសច្បាប់ ក្នុងអត្រាការប្រាក់ខ្ពស់
#ខេត្តព្រៃវែង# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #កម្ចីខុសច្បាប់#
2026
កម្លាំងនគរបាលខេត្តព្រៃវែង បូករួមជាមួយកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះស្រាវជ្រាវករណីផ្ដល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ ក្នុងមូលដ្ឋានស្រុកមួយចំនួនក្នុងខេត្តព្រៃវែង អស់រយៈពេល ០២ សប្តាហ៍ ទីបំផុតបានស្រាវជ្រាវកំណត់ទីតាំងសង្ស័យចំនួន០៥ ដោយឃាត់ខ្លួនបានជនសង្ស័យបានចំនួន ៦៤នាក់ (ស្រី ២៤ នាក់) រួមនិងវត្ថុតាងមួយចំនួនធំទៀត។ 
ក្នុងចំណោមក្រុមផ្តល់ប្រាក់កម្ចីទាំង ០៥ក្រុមនោះ គឺសុទ្ធតែខុសច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដោយក្នុងនោះមាន ០៤ក្រុម គឺពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ឡើយ ដោយឡែក ០១ ក្រុមទៀត មានអាជ្ញាប័ណ្ណ ប៉ុន្តែគឺជាអាជ្ញាប័ណ្ណអាជីវកម្មទទួលបញ្ចាំតែប៉ុណ្ណោះ មិនមែនជាអាជ្ញាប័ណ្ណផ្តល់ប្រាក់កម្ចីនោះទេ។ 
យ៉ាងណាក៏ដោយទីតាំងផ្តល់ប្រាក់កមីទាំងអស់នោះ គឺបានផ្តល់កម្ចីដោយមានអត្រាការប្រាក់ខ្ពស់ហួសកម្រិត ក្នុងរូបភាពក្លែងបន្លំការប្រាក់ពី ១០ ទៅ ១៥ភាគរយ ក្នុងមួយខែ ប៉ុន្តែបើស្រាវជ្រាវលម្អិតគឺអត្រាការប្រាក់ខ្ពស់រហូតដល់ ៨០ ទៅ ៨៥ភាគរយ។ 
ឆ្លងតាមរយៈការស្រាវជ្រាវនេះ កម្លាំងនគរបាលនាំយកជនសង្ស័យ រួមនិងវត្ថុតាងមក កាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីសួរនាំបន្តតាមនីតិវិធី។ បច្ចុប្បន្នជនសង្ស័យជាអ្នកទទួលខុសត្រូវជាន់ខ្ពស់នៅក្នុងក្រុមផ្តល់ប្រាក់កម្ចីទាំង ០៥ ក្រុមនេះ ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តព្រៃវែង ដើម្បីផ្តន្ទាទោសតាមច្បាប់ ដោយឡែកបុគ្គលិកជាភ្នាក់ងារផ្តល់ប្រាក់កម្ចីធម្មតា ត្រូវបានអប់រំ ធ្វើកិច្ចសន្យា និងដាក់ក្នុងការស៊ើបអង្កេតបន្ត ដើម្បីស្រាវជ្រាវរកបណ្តាញទីតាំងផ្តល់ប្រាក់កម្ចីខុសច្បាប់បន្ថែមទៀតផងដែរ៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)