TNAOT News

· 11-04

១១ថ្ងៃ ចុងខែតុលា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ ឆក់យកអាយុជីវិតអ្នកដំណើរ ៥០នាក់

#NEW NEWS# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម#

2061

ក្នុងរយៈពេល ១១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បន្តកើតឡើងចំនួន៧៣ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥១នាក់ និងរងរបួសធ្ងន់ស្រាល៨៨នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

តាមលោក ទូច សុឃៈ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងទាំងនោះ មាននៅតាមមូលដ្ឋានរួមមាន រាជធានីភ្នំពេញ ខេត្តកំពត កែប កំពង់ចាម កំពង់ឆ្នាំង ស្វាយរៀង សៀមរាប កណ្តាល កំពង់ស្ពឺ ព្រះសីហនុ តាកែវ ព្រៃវែង កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ កោះកុង មណ្ឌលគិរី កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ក្រចេះ ស្ទឹងត្រែង ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។

នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្ដីអំពាវនាវ ស្ដីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា។ គណៈកម្មាធិការ បានអំពាវនាវអ្នកប្រើប្រាស់ផ្លូវទាំងអស់ ខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបើកបរយានយន្តតាមវិធានការទាំង១០ចំណុចដែលបានណែនាំ។

ភ្ជាប់នឹងសារអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានក្រើនរំលឹកទទូចទៅកាន់អ្នកបញ្ជាយានយន្ត និងអ្នកដំណើរលើដងផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ និងមានស្មារតីបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា ខណៈសកម្មភាពចរាចរណ៍លើដងផ្លូវ នឹងមានភាពមមាញឹកខ្លាំង ងាយប្រឈមនឹងគ្រោះថ្នាក់ មិនថាលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត និងសូម្បីតែផ្លូវតាមសហគមន៍ភូមិ ឃុំ ដែលមកដល់បច្ចុប្បន្ន មានផ្លូវកៅស៊ូ បេតុង និងគ្រួសក្រហមកាន់តែច្រើន៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)