TNAOT News
· 11-04
ថ្នាក់ដឹកនាំកម្ពុជាទាក់ទាញអ្នកវិនិយោគលំដាប់ពិភពលោក ដើម្បីបង្កើតការងារ និងផ្ទេរចំណេះដឹងបច្ចេកទេសកម្រិតខ្ពស់មកកាន់កម្ពុជា
#NEW NEWS# #ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា# #សង្គម# #អ្នកវិនិយោគ# #ព័ត៌មានសង្គម# #ថ្នាក់ដឹកនាំកម្ពុជា#
1977
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៉ីកូ និងគណៈប្រតិភូ សមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Tate អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Archer Daniels Midland (ADM) ដែលជាក្រុមហ៊ុនកែច្នៃចំណីអាហារ និងជួញដូរទំនិញកសិផលអន្តរជាតិដ៏ធំមួយរបស់អាម៉េរិក និងពិភពលោក។
ជំនួបនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ ADM ស្ថិតក្នុងទីក្រុងឈីកាហ្គោ រដ្ឋអ៊ីលីណយ ដោយមានគោលបំណងចម្បងក្នុងការបង្ហាញជូនពីឱកាសវិនិយោគ ដោយបានជម្រាបជូនថ្នាក់ដឹកនាំ ADM អំពី យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ការកែច្នៃចំណីអាហារ និងការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្មកសិផលប្រកបដោយគុណភាព និងនិរន្តរភាព។
តាមរយៈជំនួបនេះ លោក Joseph Tate បានបង្ហាញអំពីប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងវិស័យកៃច្នៃចំណីអាហារ និងជួញដូរទំនិញកសិផលនៅលើទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសកម្ពុជានិងសហរដ្ឋអាម៉េរិកផងដែរ។ លោកបានបន្ថែមថា ការចុះហត្ថលេខាលើឯកសារនេះនឹងបង្កើនទំនុកចិត្ត ដល់ក្រុមហ៊ុនសហរដ្ឋអាម៉េរិក មួយកម្រិតទៀត។
ក្រៅពីបានលើកឡើងអំពីកំណែទម្រង់ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវកញ្ចប់លើកទឹកចិត្តជាអតិបរមា មានភាពងាយស្រួល តម្លាភាព និងទំនុកចិត្តខ្ពស់ដល់វិនិយោគិនបរទេស ព្រមទាំងសក្តានុពលទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលជាចំនុចតភ្ជាប់នៃអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន ADM ពិចារណាពិនិត្យលទ្ធភាពនាំយកនូវ បច្ចេកវិទ្យាទំនើបនៃការកែច្នៃកសិផលឱ្យមានតម្លៃបន្ថែមខ្ពស់ (Value-added processing) និងប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ (Supply Chain) ប្រកបដោយប្រសិទ្ធភាពទៅកាន់កម្ពុជាផងដែរ។
បេសកកម្មនេះបានសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងទាក់ទាញអ្នកវិនិយោគលំដាប់ពិភពលោក ដើម្បីបង្កើតការងារ និងផ្ទេរចំណេះដឹងបច្ចេកទេសកម្រិតខ្ពស់មកកាន់កម្ពុជា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)