TNAOT News
· 11-05
កម្ពុជាស្នើក្រុមហ៊ុនផលិតផលថែទាំសុខភាពដ៏ធំរបស់អាម៉េរិក ពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតបរិក្ខាពេទ្យនៅកម្ពុជា
#ក្រុមហ៊ុនផលិតផលថែទាំសុខភាព# #NEW NEWS# #គ្រឿងបរិក្ខាពេទ្យ# #សង្គម# #ព័ត៌មានសង្គម# #ឯកឧត្តម ស៊ុន ចាន់ថុល#
1861
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Rob Calia អនុប្រធានក្រុមហ៊ុន និងជាប្រធានផ្នែកកិច្ចការជាមួយរដ្ឋាភិបាល របស់ក្រុមហ៊ុន Medline ដែលជាក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយរបស់សហរដ្ឋអាម៉េរិក មានឯកទេសក្នុងការផលិត និងចែកចាយបរិក្ខារពេទ្យ និងផលិតផលថែទាំសុខភាពជាង ៣៣៥ពាន់មុខ ព្រមទាំងជាអ្នកផ្តល់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ ជូនស្ថាប័នថែទាំសុខភាពទូទាំងពិភពលោកផងដែរ។
ជំនួបនេះបានផ្តោតសំខាន់ក្នុងការជំរុញវិនិយោគលើវិស័យឧស្សាហកម្មផលិតសម្ភារ និងបរិក្ខារពេទ្យនៅកម្ពុជា ដោយក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីឧត្តមភាពវិនិយោគជូនថ្នាក់ដឹកនាំ Medline រួមមានជាអាទិ៍៖ សក្តានុពលរបស់កម្ពុជាក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ការនាំចេញ ដោយយោងលើច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើកទឹកចិត្តខ្ពស់សម្រាប់វិស័យបច្ចេកវិទ្យាទំនើប និងសុខាភិបាល, ការចូលទៅកាន់ទីផ្សារសំខាន់ៗ ដូចជាសហរដ្ឋអាម៉េរិក(GSP) សហភាពអឺរ៉ុប(EBA) ចិន(FTA) និងកូរ៉េ(FTA), ព្រមទាំងមូលធនមនុស្ស ដែលមានវ័យក្មេងអាចបណ្តុះបណ្តាល ដើម្បីបំពេញតម្រូវការក្នុងវិស័យផលិតកម្មវេជ្ជសាស្ត្របាន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរទៅកាន់ក្រុមហ៊ុន Medline ឱ្យពិចារណាពង្រីកការទិញនូវផលិតផលបរិក្ខាពេទ្យ ដែលផលិតនៅកម្ពុជាបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតបរិក្ខារពេទ្យនៅកម្ពុជាដោយផ្ទាល់ ជាពិសេសផលិតផលដែលមានតម្រូវការខ្ពស់ដូចជា ស្រោមដៃ ឧបករណ៍វះកាត់សម្រាប់ការប្រើតែម្តងគត់ (Non-woven surgical supplies for single use only) និងសម្ភារៈការពារប្រភេទ PPE ដើម្បីជាការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍។ 
ឯកឧត្តម បានបន្ថែមថា ការវិនិយោគរបស់ Medline នឹងមិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា តាមរយៈការផ្ទេរបច្ចេកទេសផលិតគុណភាពខ្ពស់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)