TNAOT News
· 12-02
ធនាគារពិភពលោកបើកកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រសួងទេសចរណ៍ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា
#NEW NEWS# #សង្គម# #ធនាគារពិភពលោក# #ព័ត៌មានសង្គម# #ក្រសួងទេសចរណ៍#
1888

ធនាគារពិភពលោក (World Bank) ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាពមួយសម្រាប់សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ដោយបើកកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រសួងទេសចរណ៍ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពការងារនៅកម្ពុជាកន្លងមក និងពិភាក្សាអំពីការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៍ ដែលមានគោលដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ព្រមទាំងការលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍ នៅទីស្តីការក្រសួង។ 
ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្លានេះ លោកស្រីនាយិកាធនាគារពិភពលោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់នូវកិច្ចសម្របសម្រួល និងសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមកដល់ធនាគារ ដែលនាំមកនូវការបញ្ចប់ដោយជោគជ័យនូវគម្រោងធំៗ និងសំខាន់ជាច្រើនក្នុងប្រទេស រួមទាំងលទ្ធផលសិក្សាពីការចូលរួមចំណែករបស់វិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ និងអាជីវកម្មនៅនឹងកន្លែង។ 
តាមរយៈលទ្ធផលកន្លងមក ដោយមានកិច្ចសហការល្អពីរាជរដ្ឋាភិបាល និងការចូលរួមចំណែករបស់វិស័យទេសចរណ៍ដល់ជីវភាពប្រជាពលរដ្ឋ និងសហគមន៍ ធនាគារពិភពលោក បានលើកពីគម្រោងរបស់ធនាគារដែលអាចគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍ និងការបង្កើតភាពជាដៃគូរវាងធនាគារពិភពលោក និងក្រសួងទេសចរណ៍។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រីនាយិកាដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក តាមរយៈការបេ្តជ្ញាចិត្តបង្កើតកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយគ្នា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសលើការចូលរួមជួយសហគមន៍អេកូទេសចរណ៍ ដែលពិតជាផ្តល់នូវអត្តប្រយោជន៍ដ៏ធំធេងដល់សហគមន៍ និងប្រជាជនកម្ពុជា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)