Cambo-China
· 12-03
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
1003

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តសកម្មភាពដ៏ជោគជ័យលើការអភិរក្ស និងគ្រប់គ្រងសត្វផ្សោតទឹកសាបនិងជីវចម្រុះ»។
សិក្ខាសាលាដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែធ្នូ ២០២៥ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប រៀបចំដោយនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល គាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេស មេគង្គ-ឡាងឆាង ដោយមានការចូលរួមពី លោកជំទាវ អ៊ឹម រចនា ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក LU Qizhi នាយកការិយាល័យកុលស៊ុលប្រចាំខេត្តសៀមរាប នៃស្ថានទូតចិន លោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន តំណាងមកពីប្រទេសចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី រដ្ឋបាលជលផល សកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និងមន្ទីរកសិកម្ម ខេត្តក្រចេះ និងស្ទឹងត្រែង តំណាងអង្គការដៃគូWWF សរុបអ្នកចូលរួមប្រមាណ៥០នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានគូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាបង្កើនចំនួនសត្វផ្សោតក្នុងដែនទឹកធម្មជាតិឡើងវិញ ព្យាយាមកាត់បន្ថយ អត្រាស្លាប់ឱ្យនៅកំរិតទាបបំផុត។ ជាលទ្ធផល ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះករណីសត្វផ្សោតស្លាប់នៅកម្ពុជាពុំមានកើតឡើយ នេះជាជោគជ័យគួរជាទីមោទនៈ ក្នុងកិច្ចការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ។
សមិទ្ធផលដ៏វិសេសវិសាលនេះ ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេសឆ្មាំទន្លេដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា ថ្វីត្បិតកម្ពុជាទទួលបានជោគជ័យលើការការពារសត្វផ្សោតនេះក៏ពិតមែន ប៉ុន្តែភាពជោគជ័យនេះមានភាពផុយស្រួយនៅឡើយ។ បើតាមឯកឧត្តមរដ្ឋលេខាធិការ សិក្ខាសាលាចែករំលែកពីបណ្តាប្រទេសចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី នាពេលនេះ គឺជាឱកាសដែលកម្ពុជាត្រូវសហការ និងរៀនសូត្រពីបណ្តាប្រទេសក្នុងតំបន់ ដើម្បីធានាបាននូវនិរន្តរភាព នៃភាពជោគជ័យនេះ។ កម្ពុជាក៏ចង់ឃើញភាពជោគជ័យលើការការពារ និងស្តារសត្វផ្សោតនេះនៅបណ្តាប្រទេសក្នុងតំបន់ ក៏ដូចនៅលើសកលលោកផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ការណែនាំពិសេស
សម្តេចធិបតី៖ ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង
ប្រធានព្រឹទ្ធសភា ជូនយោបល់ឲ្យពិចារណាផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងថៃ ឆ្លងកាត់ព្រំដែន
ក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់លើសុខភាពវីរៈកងទ័ព និងជនភៀសសឹក ក្នុងគ្រប់កាលៈទេសៈនេះ
ប្រធានាធិបតីអាម៉េរិក ថាទាហានថៃជាន់មីន ជាឧបទ្ទវហេតុ ប៉ុន្តែថៃបានសងសឹកយ៉ាងធ្ងន់ធ្ងរ
យោបល់ទាំងអស់ (0)