TNAOT News

· 01-09

អ្នកនាំពាក្យអាកាសចរស៊ីវិល អះអាងថា មិនមានការធ្វើទុក្ខបុកម្មេញ រើសអើងចំពោះជនជាតិថៃដែលចេញចូលកម្ពុជាទេ

#NEW NEWS# #អាកាសចរស៊ីវិល# #សង្គម# #ព័ត៌មានសង្គម# #ការរើសអើង#

2127

ឆ្លើយតបនឹងការចោទប្រកាន់របស់បណ្តាសារព័ត៌មានថៃមួយចំនួន ដែលផ្សាយថា សមត្ថកិច្ចកម្ពុជា នៅតាមអាកាសយានដ្ឋានអន្តរជាតិ ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើទុក្ខបុកម្នេញចំពោះជនជាតិថៃ ដែលចេញចូលកម្ពុជា ដោយសួរសំណួររាប់រយ រាប់ពាន់សំណួរនោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ អ្នកនាំពាក្យអាកាសចរស៉ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានចេញមកអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញ រើសអើងចំពោះអ្នកដំណើរជនជាតិថៃនោះទេ។ 

លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា អ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃវិញ ហើយមានប្រវត្តិធ្វើ ដំណើរច្បាស់លាស់ ដែលកត់ត្រាក្នុងប្រព័ន្ធធ្វើដំណើរ គឺមិនមានការសួរនាំអ្វីនោះទេ។ ចំពោះអ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចូលកម្ពុជា ហើយ មិនមានប្រវត្តិចូលមកកម្ពុជាគឺសមត្ថកិច្ចមានការអនុវត្តវិធានការ រក្សាសុវត្ថិភាព និងសន្ដិសុខមួយចំនួន តាមរយៈសំណួរ-ចម្លើយ និងតម្រូវឱ្យមានការបង្ហាញឯកសារអំណះអំណាង និងគាំទ្របន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ។  ចំពោះជនជាតិបរទេស ដែលមិនមែនជាជនជាតិថៃ ធ្វើដំណើរចេញចូលកម្ពុជាតាមរយៈប្រទេសថៃ មិនមានសួរនាំអ្វីនោះទេ។

គួរឲ្យដឹងដែរថា ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានណែនាំឲ្យស្ថានតំណាងកម្ពុជា នៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន។ ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ និងទង្វើមិនសមរម្យរបស់អាជ្ញាធរថៃនេះ ក្រសួងសូមធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើ ដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

ស្របជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយបកអាក្រាតទង្វើអាក្រក់របស់ថៃ ដែលបង្កការរំខានយ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកដំណើរមកពីអឺរ៉ុប ឆ្លងកាត់ព្រលានយន្តហោះរបស់ថៃ ចូលកម្ពុជាផងដែរ។ អ្នកដំណើរអឺរ៉ុបមួយចំនួន ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖ ការសួរសំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា, រើសអើង, បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល និងនៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបន្ថែមថា ដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា។ មានក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀត ដែលផ្តល់សេវាកម្មល្អប្រសើរ និងការឆ្លងកាត់ (transit) ដោយពុំមានការរើសអើង និងគោរពដល់អ្នកដំណើរ។

បញ្ហាទាំងនេះកើតឡើងនៅក្រៅទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទ ពិសោធន៍នៃការធ្វើដំណើរ។ កម្ពុជានៅតែជាប្រទេសមានសុវត្ថិភាព និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)