TNAOT News
· 02-05
ប្រធានក្លិបអ្នកកាសែតកម្ពុជា លើកទឹកចិត្តអ្នកសារព័ត៌មានត្រូវមានចំណេះដឹងសង្គ្រោះបឋម
#អ្នកសារព័ត៌មាន# #ក្លិបអ្នកកាសែតកម្ពុជា# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
2204
ភ្នំពេញ៖ ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា ចាត់ទុកវគ្គបណ្ដុះបណ្ដាលពិសេសស្ដីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» ជាកត្តាចាំបាច់ និងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អ្នកសារព័ត៌មាន ដើម្បីអនុវត្តចំណេះដឹងទាំងនេះក្នុងវិជ្ជាជីវៈ និងជួយអាយុះជីវិតប្រជាពលរដ្ឋបានទាន់ពេលវេលា។
ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលពិសេសខាងលើ លោក ពុយ គា បានមានប្រសាសន៍ថា នៅពេលកើតមានគ្រោះថ្នាក់ ឬជំងឺភ្លាមៗ ជនរងគ្រោះតែងត្រូវការការសង្គ្រោះបឋមបន្ទាន់ មុននឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដូច្នេះ ការបណ្ដុះបណ្ដាលឲ្យអ្នកសារព័ត៌មានយល់ដឹងអំពីវិធីសង្គ្រោះបឋម គឺមានសារៈសំខាន់ណាស់ ព្រោះពួកគេអាចជួបប្រទះករណីគ្រោះថ្នាក់ជាញឹកញាប់ រួមទាំងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចគំរាមកំហែងដល់ជីវិតជនរងគ្រោះ។
លោកបានបន្ថែមថា ទោះបីអ្នកសារព័ត៌មានមិនមែនជាគ្រូពេទ្យ ឬអ្នកសង្គ្រោះជំនាញក៏ដោយ ប៉ុន្តែការមានចំណេះដឹងសង្គ្រោះបឋម អាចជួយបន្តអាយុះជីវិតជនរងគ្រោះបានមួយផ្នែក រហូតដល់ក្រុមសង្គ្រោះបន្ទាន់មកដល់។ ដោយហេតុនេះ ការចូលរួមវគ្គបណ្ដុះបណ្ដាលបែបនេះ គឺមានភាពចាំបាច់ខ្លាំង។
លោក ពុយ គា បានគូសបញ្ជាក់យ៉ាងដូច្នេះ៖ “ការជួយសង្គ្រោះបឋមភ្លាមៗ មិនថាករណីអគ្គិភ័យ ឬគ្រោះថ្នាក់ចរាចរណ៍ មិនមែនជាការផ្ទុយនឹងវិជ្ជាជីវៈអ្នកសារព័ត៌មានឡើយ ប៉ុន្តែជាគុណតម្លៃបន្ថែម ដែលបង្ហាញពីការចូលរួមទទួលខុសត្រូវសង្គម និងជួយអាយុះជីវិតជនរងគ្រោះមុនរថយន្តសង្គ្រោះមកដល់” ។
ជាមួយគ្នានេះ លោក វេជ្ជបណ្ឌិត និន ចាន់ថា ប្រធានផ្នែកគ្រប់គ្រងរថយន្តសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា ការសង្គ្រោះបឋម មិនមែនជាការទទួលខុសត្រូវរបស់បុគ្គលិកសុខាភិបាលតែប៉ុណ្ណោះទេ ប្រជាពលរដ្ឋទូទៅក៏អាចរៀន និងអនុវត្តជំនាញនេះ ដើម្បីជួយសង្គ្រោះអ្នកដទៃ ឬសមាជិកគ្រួសាររបស់ខ្លួនបានផងដែរ។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្លិបអ្នកកាសែតកម្ពុជា បានសហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន រៀបចំវគ្គបណ្ដុះបណ្ដាលពិសេសស្ដីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» ដោយមានអ្នកសារព័ត៌មានជាតិចូលរួមជាង ៧០នាក់ ក្រោមការបង្ហាត់បង្ហាញពីក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិត មកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ 





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
The Traditional Chinese Art of Straw Weaving
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
សូមកុំយល់ច្រឡំ! ករណីក្មេងស្រីអាយុ ១២ឆ្នាំត្រូវបងស្រីជីដូនមួយធ្វើបាបជាប្រភពនៅប្រទេសវៀតណាម មិនមែនកើតឡើងនៅកម្ពុជាឡើយ
នៅថ្ងៃទី ២៩ ខែធ្នូ រឿងភាគខ្លីតន្ត្រី "ឆ្លងកាត់ចម្រៀងទំនុកភ្លេង" ត្រូវបានចាក់ផ្សាយ
យោបល់ទាំងអស់ (0)