Rotha

· 2019-04-21

នាវាចម្បាំងឥណ្ឌា អូស្ត្រាលី ទៅដល់កំពង់ផែ ចិន ចូលរួមព្យុហយាត្រាកម្លាំងជើងទឹក

0

កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ នាវាចម្បាំងឥណ្ឌា និងអូស្រ្តាលី ព្រមទាំងប្រទេសដទៃទៀតបានទៅដល់កំពង់ផែភាគខាងកើតប្រទេសចិន ទីក្រុង Qingdao ដើម្បីចូលរួមព្យុហយាត្រាកម្លាំងទាហានជើងទឹក ។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ចិននឹងប្រារព្ធខួបទី៧០ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន ។ ក្នុងពិធីនេះ មានការដាក់បង្ហាញនាវាចម្បាំងប្រភេទថ្មី នាវាមុជទឹក និងនាវាពិឃាតរាប់សិបគ្រឿងផងដែរ ស្ថិតនៅសមុទ្រតំបន់ Qingdao ។

ចិនបានបញ្ជាក់ថា ប្រទេសមិនក្រោមពី១៣នោះទេ ដែលនឹងបញ្ជូននាវាចម្បាំងមកចូលរួមពិធីនេះ តាមការកោះអញ្ជើញឲ្យចូលរួម ។

ឥណ្ឌាដែលជាប្រទេសមានជម្លោះជាមួយចិនផងនោះ បានបញ្ជូននាវាចម្បាំងបំពាក់ប្រព័ន្ធកាំជ្រួចមីស៊ីលនាំផ្លូវ INS Kolkata ទៅចូលរួមពិធីនេះ ព្រមជាមួយនាវាផ្តល់ជំនួយផងដែរ ទៅដល់កំពង់ផែ Qingdao នោះហើយកាលពីថ្ងៃអាទិត្យ ។ ចិនជាអ្នកគាំទ្រឥណ្ឌា នៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម នៅលើទឹកដីប៉ាគីស្ថាន ។

ដំណាលគ្នានេះដែរ ទាហានជើងទឹកអូស្ត្រាលី សម្ព័ន្ធមិត្តអាមេរិក បានបញ្ជូននាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ HMAS Melbourne ទៅដល់កំពង់ផែ Qingdao ។ ចិន និងអូស្ត្រាលី ដែលមានជម្លោះជាមួយគ្នាយ៉ាងខ្លាំង ពាក់ព័ន្ធការចាប់ខ្លួនពលរដ្ឋគ្នាទៅវិញទៅមក ក្រោយរឿងរ៉ាវក្រុមហ៊ុន Huawei។

សារព័ត៌មានជប៉ុនផ្សាយថា នាវាចម្បាំងជប៉ុន ពីឆ្នាំ២០១១មកទល់ពេលនេះ គឺជាលើកដំបូងហើយ ដែលត្រូវបានបញ្ជូនទៅកាន់កំពង់ផែ ទីក្រុងQingdao ភាគខាងកើតប្រទេសចិនចូលរួមក្បួនព្យុហយាត្រាកម្លាំងទាហានជើងទឹក ។

ប្រទេសដទៃទៀតដូចជារុស្ស៊ី, វៀតណាម, ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ក៏នឹងបញ្ជូននាវាចម្បាំងទៅចូលរួមព្រឹត្តិការនេះជាមួយចិនផងដែរ ។ លើកលែងតែប៉ាគីស្ថាន មិត្តជិតស្និទ្ធរបស់ចិន មិនស្ថិតនៅក្នុងបញ្ជីប្រទេសបញ្ចូននាវាចម្បាំងទៅចូលរួមក្បួនព្យុហយាត្រាទាហានជើងទឹកនេះទេ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)