Sovanlaksmy

· 2019-04-23

ប្រារព្វទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ គ្មានជំងឺគ្រុនចាញ់ ផ្តើមចេញពីខ្ញុំ

0

ខេត្តមណ្ឌលគិរីៈ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព នៅក្នុងឱកាសប្រារព្វទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «គ្មានជំងឺគ្រុនចាញ់ ផ្តើមចេញពីខ្ញុំ» ដោយមានការចូលរួមពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោកវេជ្ជបណ្ឌិត តាក់កេស៊ី កាសៃ នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណជា ២ ០០០នាក់។ ពិធីនេះបានធ្វើឡើង នៅក្នុងសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទាំងស្រុង នៅក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «គ្មានជំងឺគ្រុនចាញ់ ផ្ដើមចេញពីខ្ញុំ» ជូនដល់អង្គមីទ្ទិញទាំងមូល។ 


នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅក្នុងសារលិខិតនេះ មានគោលបំណងជំរុញ និងបំផុសនូវការយល់ដឹង និងយកចិត្តទុកដាក់ កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងសំដៅចូលរួមចំណែកដល់ការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្ថែមថា ជំងឺគ្រុនចាញ់ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់ តាមរយៈការចំណាយដោយផ្ទាល់លើការព្យាបាលប៉ុណ្ណោះទេ គឺវាបានខាតបង់ការងារ បាត់បង់ផលិតភាព និងអាយុជីវិត ថែមទៀត។ ជំងឺនេះបង្កផលប៉ះពាល់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរទៀតផង។ បើតាមទស្សនទាននេះ យើងទាំងអស់គ្នាចាំបាច់ ត្រូវតែបន្តយកចិត្តទុកដាក់លើបញ្ហាជំងឺគ្រុនចាញ់នេះ ដោយយើងមិនអាចមើលរំលងបានឡើយ។ ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋមានសុខភាពល្អ នឹងនាំឲ្យមានជីវភាព រស់នៅកាន់ល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវការរីកចម្រើន សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងគ្រួសារថែមទៀតផង។


ជាមួយគ្នានេះដែរ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បានជំរុញបន្ថែមដល់អង្គភាព មន្ទីរជុំវិញខេត្តទាំងអស់ ត្រូវរួមសហការគ្នា ជាពិសេស មន្ទីរសុខាភិបាលខេត្ត និងអង្គការ ដៃគូសុខាភិបាលក្នុងខេត្ត ត្រូវអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅលុបបំបាត់នូវជំងឺគ្រុនចាញ់ទាំងស្រុង នៅក្នុងខេត្តមណ្ឌលគិរីឲ្យបាន នៅឆ្នាំ២០២៥។


ឆ្លៀតក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត តាក់កេស៊ី កាសៃ នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានសំដែងនូវសេចក្តីរីករាយថា ប្រទេសកម្ពុជាសម្រេចបានជាលើកដំបូង គឺគ្មានអ្នកស្លាប់ ដោយសារជំងឺគ្រុនចាញ់ នាឆ្នាំ២០១៨ និងបានកាត់បន្ថយនូវករណីជំងឺគ្រុនចាញ់ សរុប៤២% នៅចន្លោះឆ្នាំ២០១២ និងឆ្នាំ ២០១៦។ តាមរយ:លទ្ធផលទាំងអស់នេះ អង្គការសុខភាពពិភពលោកនឹងបន្តគាំទ្រដល់ប្រទេសកម្ពុជា រួមជាមួយដៃគូសុខាភិបាលទាំងអស់ នៅក្នុងការងារលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ជំហាន នៅលើមាគ៌ាឆ្ពោះទៅកាន់ការសម្រេចគោលដៅ នាពេលខាងមុខនេះ៕ ដោយលោក សាយ បញ្ញា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)