Taufik

· 2019-04-24

អារ៉ាប៊ី សាអ៊ូឌីត ប្រហារជីវិតមនុស្ស៣៧នាក់ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មភេរវកម្ម

0

ភ្នាក់ងារព័ត៌មានផ្លូវការរបស់រាជាណាចក្រ អារ៉ាប៊ី សាអ៊ូឌីត បានផ្សាយ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ថា ប្រទេសនេះ បានកាត់ទោសប្រហារជីវិតមនុស្ស៣៧នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋកម្មភេរវកម្ម ។ ក្នុងចំណោម ជនពាក់ព័ន្ធទាំងនោះ មានម្នាក់ ត្រូវបានអនុវត្តទោសដ៏រន្ធត់ ដោយចងឈើឆ្កាងតែម្តង ។

ក្រសួងមហាផ្ទៃអារ៉ាប៊ី សាអ៊ូឌីត បានចេញសេចក្ដីថ្លែងការណ៍ ហើយត្រូវបានភ្នាក់ងារព័ត៌មាន Saudi Press Agency (SPA) ចុះផ្សាយថា «ទោសប្រហារជីវិត ត្រូវបានអនុវត្តទៅលើឧក្រិដ្ឋជនមួយចំនួន ដែលទទួលយកមនោគមន៍វិជ្ជាពីក្រុមភេរវករជ្រុលនិយម ហើយបង្កើតកោសិកាភេរវជន នាំឲ្យប្រព្រឹត្តអំពើពុករលួយ និងការរំខានដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជា រាលដាលនូវភាពវឹកវរ និងការញុះញង់ជាដើម នាំឲ្យមានជម្លោះនិកាយសាសនា នៅក្នុងប្រទេស» ។

សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃដដែល បានបង្ហាញបញ្ជីឈ្មោះ និងសញ្ជាតិ អារ៉ាប៊ីសាអ៊ូឌីត ទាំង៣៧នាក់ ដែលត្រូវបានប្រហារជីវិត នៅតាមផ្នែកផ្សេងៗគ្នា នៅទូទាំងប្រទេស ។ អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសមួយដែលមានអត្រាទោសប្រហារជីវិតមនុស្សច្រើនជាងគេបំផុត នៅលើពិភពលោក ។

ក្នុងខែមករា ឆ្នាំ២០១៦ មានមនុស្សរហូតដល់៤៧នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ក្នុងនោះ មានមេដឹកនាំសាសនានិកាយ ស៊ីអីត ម្នាក់ផងដែរ ឈ្មោះ Nimr al-Mimr ។ អ្នកទោសដែលត្រូវប្រហារជីវិត ទាល់តែពួកគេរងនូវការចោទប្រកាន់ ពីតុលាការ ក្រោមបទល្មើ «ភេរវកម្ម និងការទទួលយកនូវមនោគមន៍វិជ្ជាជ្រុលនិយម» ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស