
sokvon
· 2019-05-01
ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅជុំវិញពិភពលោក
0
ទិវាពលកម្មអន្តរជាតិ១ឧសភា ត្រូវបានធ្វើឡើង នៅប្រទេសជាច្រើន ជុំវិញពិភពលោក ដោយមានសកម្មភាពផ្សេងៗគ្នា។ ប្រទេសខ្លះបានអនុញ្ញាតឲ្យមន្រ្ដីរដ្ឋការ ឬ រាជកា បុគ្គលិក កម្មករ ឈប់សម្រាក់ជាច្រើនថ្ងៃ និងប្រទេសខ្លះទៀត នាំគ្នាដង្ហែក្បួនបាតុកម្ម ទាមទារ សិទ្ធិ និងផលប្រយោជន៍ពលកម្មទៀតផង។
នៅប្រទេសចិន ក្នុងឱកាស នៃទិវាពលកម្មអន្តរជាតិ នាឆ្នាំនេះ គឺជាពេលវេលាដំណើរកម្សាន្ត ជាលក្ខណៈទ្រង់ទ្រាយធំបំផុត ដោយមានការធ្វើដំណើរ នៅទូទាំងប្រទេស រហូតដល់ទៅ១៦០លាន ជើង ទាំងរថយន្តក្រុង និងជើងហោះហើររបស់យន្តហោះ ។
ការធ្វើដំណើរកម្សាន្តច្រើនបែបនេះ ក៏ដោយសារតែ នៅក្នុងឆ្នំនេះបានឈប់សម្រាក នៅក្នុងឱកាសទិវាពលកម្មអន្តរជាតិ មានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ខែឧសភា រហូតដល់ថ្ងៃទី៤ ខែឧសភា។ ក្នុងរយៈពេល១ម៉ោង ក្រោយការប្រកាសឈប់សម្រាក់៤ថ្ងៃ ចំនួនពលរដ្ឋ ស្វែងរក Tour កម្សាន្តនៅលើ CTrip កើនឡើងដល់ទៅ៥០ភាគរយ។ អ្នកទេសចរ មកពីជាង៦១០ទីក្រុង ទាំងក្នុង និងក្រៅប្រទេសបានកក់ Tour កម្សាន្ត តាមរយៈ Ctrip ដោយក្រុមហ៊ុននេះ បាននាំភ្ញៀវធ្វើដំណើរទៅកាន់៩០០កន្លែង នៅក្នុងប្រទេសចំនួន៩០ ជុំវិញពិភពលោក។ ភាគច្រើន នៃអ្នកទេសចរ គឺជាយុវជន មានអាយុចាប់ពី២០ឆ្នាំឡើងទៅ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវដែករបស់ចិន ក៏បានបង្កើនជើងរថភ្លើងបន្ថែមទៀត។ បើតាមគម្រោង អ្នកធ្វើដំណើរតាមផ្លូវដែក អាចនឹងមានរហូតដល់ទៅ៦៩លាននាក់ ចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៤ ខែឧសភា កើន១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨។
ក្នុងពេលដែលប្រទេសចិន ប្រារព្ធទិវាពលកម្មអន្តរជាតិ ក៏ជាថ្ងៃសប្បាយរីករាយ និងជាថ្ងៃធ្វើដំណើរកម្សាន្តជាច្រើនផងដែរ។ ដោយឡែកប្រទេសខ្លះទៀតបានអនុញ្ញាតឲ្យឈប់សម្រាកត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១ ឧសភា នេះតែម្ដង។
នៅប្រទេសអាល្លឺម៉ង់ ឯណោះវិញ នៅយប់ថ្ងៃទី៣០ ខែមេសា ពលរដ្ឋមួយចំនួនធំមិនបានដេកនោះឡើយ ហើយពួកគេបានបង្កើតនូវពិធីជប់លៀង នៅខាងក្រៅ រហូតដល់ថ្ងៃទី១ ខែឧសភា។ ប្រទេសជាច្រើនផ្សេងទៀត នៅតំបន់អឺរ៉ុប ដូចជា បារាំង អ៊ីតាលី អេស្បាញ ស្លូវ៉ាគី... ក៏បង្កើតនូវកម្មពិធីជប់លៀងដូចគ្នានេះដែរ។
អំពីប្រវត្តិសាស្ត្រ ទិវាពលកម្មអន្តរជាតិ កើតឡើងដំបូង នៅអាមេរិក នាឆ្នាំ១៨៨៦ ក្នុងទីក្រុឧស្សាហកម្ម Chicago ។
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៨៦ ដោយសារតែតម្រូវការរបស់ពលករ មិនបានបំពេញគ្រប់គ្រាន់ ក្រុមពលករ កម្មករ នៅទូទាំងសហរដ្ឋអាមេរិក បាននាំគ្នាធ្វើកូដកម្ម នៅទូទំាងអាមេរិក ដើម្បីទាមទារឲ្យម្ចាស់ក្រុមហ៊ុនបំពេញផលប្រយោជន៍របស់ពលករ។ ដំបូង កូដកម្ម បានធ្វើនៅទីក្រុង Chicago ដោយមានកម្មករជាង៤ម៉ឺននាក់ចូលរួម ។ នៅក្នុងថ្ងៃនោះដែរ នៅទូទាំងអាមេរិក ក៏មានការធ្វើកូដកម្មកើនឡើង រហូដល់ទៅ៥ពាន់កន្លែង ក្នុងរយៈពេល៨ម៉ោង នៃថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៨៦។ ក្រៅពីប្រទេសអាមេរិក ក៏នៅមានប្រទេសជាច្រើន បាននាំគ្នាធ្វើកូដកម្មផងដែរ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៨៨៩ គឺ៣ឆ្នាំ ក្រោយមហាកូដកម្មនៅទីក្រុង ជីកាហ្គោ ក៏មានមហាសន្និបាតអន្តរជាតិមួយ បានធ្វើឡើង នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយបានកំណត់យកថ្ងៃទី១ ខែឧសភា នេះ ធ្វើជាទិវាពលកម្មអន្តរជាតិ តែម្ដង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)