Torn

· 2019-05-16

តើចិននឹង​កសាង​ម៉ាស៊ីន​ស្រូបពន្លឺ​ព្រះអាទិត្យ នៅទីអវកាស​យ៉ាង​ដូចម្តេច? ចិន​អះអាង​ថាដើម្បី​ការពារ​បរិស្ថាន!

0

(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្រ្តចិនបានអះអាងថា គម្រោងបង្កើតស្ថានីយស្រូបយកថាមពលពន្លឺព្រះអាទិត្យនៅលើទីអវកាស នឹងជួយកាត់បន្ថយកម្រិតការបំពុលនៅលើផែនដី ក៏ដូចជាទប់ទល់នឹងការធ្លាក់ចុះ ឬខ្វះខាតនៃប្រភពធនធានថាមពល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមសារព័ត៌មានចិន China Daily ក្រុមអ្នកវិទ្យាសាស្រ្តចិនបានចាប់ផ្តើមកិច្ចការស្រាវជ្រាវរបស់ពួកគេហើយ នៅឯមូលដ្ឋានធ្វើតេស្តមួយកន្លែង ក្នុងសង្កាត់ Bishan នៃទីក្រុង Chongqing ដើម្បីសាកល្បងទៅលើលទ្ធភាពដែលអាចទៅរួច ក្នុងការបង្កើតស្ថានីយថាមពលព្រះអាទិត្យនៅទីអវកាស។ ទឹកប្រាក់សម្រាប់ការសិក្សាស្រាវជ្រាវជំហានដំបូងនៃគម្រោងនេះ នឹងមានទំហំប្រហែល ១៥លានដុល្លារ ហើយនឹងត្រូវវិនិយោគដោយរដ្ឋបាលគ្រប់គ្រងនៃសង្កាត់ Bishan។

ចំណែកដំណើរការសាងសង់ជាក់ស្តែងនៃស្ថានីយនេះ អាចនឹងត្រូវចំណាយពេលពី ១-២ឆ្នាំ ហើយនៅពេលវាចាប់ផ្តើមធ្វើប្រតិបត្តិការក្រុមអ្នកវិទ្យាសាស្រ្ត និងវិស្វករនឹងបង្កើតបាឡុងមួយមានបំពាក់ផ្ទាំងសូឡា ដែលនឹងស្រូបយកពន្លឺព្រះអាទិត្យហើយបំលែងវាទៅជាទៅរលក Microwave ដើម្បីបាញ់បញ្ជូនមកកាន់ផែនដី។ បន្ទាប់មកស្ថានីយទទួលយកនៅលើដី នឹងធ្វើការបំលែងរលកសញ្ញាទាំងនេះឲ្យទៅជាចរន្តអគ្គិសនី ហើយចែកចាយទៅក្នុងបណ្តាញផ្គត់ផ្គង់អគ្គិសនី។

គួរជម្រាបថា ទំហំនិងទម្ងន់នៃស្ថានីយថាមពលខាងលើ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយសារតែការស្រាវជ្រាវស្ថិតនៅដំណាក់កាលដំបូងពេក។ ប៉ុន្តែប្រសិនបើអ្វីៗដំណើរការទៅយ៉ាងរលូន ស្ថានីយថាមពលព្រះអាទិត្យទីមួយរបស់ចិន នឹងត្រូវបញ្ជូនទៅកាន់គន្លងអវកាសកម្ពស់ ៣៦,០០០គីឡូម៉ែត្រពីផ្ទៃផែនដី ហើយចាប់ផ្តើមផលិតថាមពលនៅមុនឆ្នាំ២០៤០ ខណៈវាត្រូវគេរំពឹងថា នឹងអាចជួយកាត់បន្ថយការបំពុលបរិស្ថាននៅលើផ្ទៃនៃភពរបស់យើង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស