Nov

· 2019-05-18

ធ្លាប់ទទួលទាន “ទឹកផ្លែត្រប់វែង” ឬអត់? ភេសជ្ជៈនេះប្រសើរណាស់ចំពោះសុខភាព ទប់ស្កាត់សូម្បីមហារីក

0

ត្រប់វែង គឺជាបន្លែមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់សុខភាពដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ដឹង។ ថាតើផ្លែត្រប់វែងអាចផ្ដល់ផលល្អអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាពនឹងបង្ហាញពីរបៀបធ្វើទឹកផ្លែត្រប់វែងស្រស់ រួមជាមួយអត្ថប្រយោជន៍គួរអោយភ្ញាក់ផ្អើលនៃការទទួលទានភេសជ្ជៈនេះចំពោះសុខភាព ៖

១. បង្កើនសុខភាពខួរក្បាល

សំបកនៃផ្លែត្រប់វែង គឺមានផ្ទុកសារធាតុ nasunin និង anthocyanin ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយការពារភ្នាសកោសិកាជាតិខ្លាញ់នៅក្នុងកោសិកាខួរក្បាលមិនអោយទទួលរងការបំផ្លាញណាមួយនៃរ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀតសារធាតុ anthocyanin ក៏មានប្រសិទ្ធិភាពជួយសម្រួលលំហូរឈាមទៅកាន់ខួរក្បាល និងទប់ស្កាត់ការរលាកសសៃប្រសាទផងដែរ។ ជាលទ្ធផលវាជួយក្នុងការទប់ស្កាត់បញ្ហាផ្លូវចិត្តដែលទាក់ទងនឹងអាយុ ហើយបង្កើនការចងចាំ។

២. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ត្រប់វែង មានផ្ទុកនូវជាតិប៉ូតាស្យូម ជាតិសសៃ វីតាមីន B6 វីតាមីន C សារធាតុ phytonutrients សារធាតុ flavonoids និងសារធាតុ anthocyanins ដែលសុទ្ធសឹងតែជាសារធាតុចាំបាច់ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរ កាត់បន្ថយហានិភ័យនៃជំងឺសសៃ
ឈាមបេះដូង។

៣. ទប់ស្កាត់ជំងឺលើសឈាម

នោះក៏ព្រោះតែទឹកផ្លែត្រប់វែងស្រស់មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម ប៉ុន្តែជាតិសូដ្យូមទាបដែលជួយទប់ស្កាត់ជំងឺលើសឈាមបានយ៉ាងប្រសើរ។

៤. កាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ

ទឹកផ្លែត្រប់វែងស្រស់ក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីត Chlorogenic ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ អាស៊ីត Chlorogenic ក៏ដើរតួជាសារធាតុប្រឆាំងវីរុស, សារធាតុប្រឆាំងជំងឺមហារីក និងសារធាតុប្រឆាំងមេរោគអតិសុខុមប្រាណផងដែរ។

៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

ផ្លែត្រប់វែងមានផ្ទុកសម្បូរទៅដោយសារធាតុ polyphenols ដែលប្រឆាំងនឹងជំងឺមហារីក។ ចំណែកសារធាតុ anthocyanins និងអាស៊ីត Chlorogenic នៅក្នុងត្រប់វែងដើរតួនាទីជាសារធាតុប្រឆាំងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាការពារកោសិការាងកាយពីការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរី ហើយជាលទ្ធផលគឺជួយទប់ស្កាត់ការលូតលាស់នៃដុំសាច់ និងការលុកលុយនៃកោសិកាមហារីក។

៦. ទប់ស្កាត់ជំងឺទឹកនោមផ្អែម

ទឹកផ្លែត្រប់វែងមានផ្ទុកជាតិសសៃខ្ពស់ ប៉ុន្តែកាបូអ៊ីដ្រាតទាបដែលធ្វើអោយវាក្លាយជាជម្រើសនៃភេសជ្ជៈដ៏ល្អបំផុតមួយជួយទប់ស្កាត់ជំងឺទឹកនោមផ្អែម។ លើសពីនេះទៅទៀតទឹកផ្លែត្រប់វែងក៏អាច
ជួយរាំងស្ទះអង់ស៊ីមដែលបង្កជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរតាមរយៈការបញ្ចុះសម្ពាធឈាមដែលអាចបង្កជំងឺលើសសម្ពាធឈាម និងគ្រប់គ្រងកម្រិតនៃការស្រូបយកជាតិស្ករគ្លុយកូស។

- របៀបធ្វើទឹកផ្លែត្រប់ស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងផ្លែត្រប់អោយស្អាតសិន សឹមហាន់ជាចំណិតៗក្រាស់ៗ ឬកាត់ជាដុំតូចៗ រួចដាក់ចូលក្នុងម៉ាស៊ីនក្រឡុក។ កិនក្រឡុកអោយម៉ដ្ឋ ហើយចាក់ចូលកែវទទួលទានជាការស្រេច។ អ្នកអាចលាយទឹកត្រប់វែងជាមួយភេសជ្ជៈស្រស់ៗដទៃទៀតបានដើម្បីបង្កើនរសជាតិ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)