RAVIL

· 2019-05-21

អ្នកជំនាញ​៖ ដង្កោ​ជា​ខណ្ឌ​ស័ក្ដិសម​នឹង​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​

0

នំពេញៈ បច្ចុប្បន្ននេះគេមើលឃើញថា ការជួញដូរអលចនវត្ថុនៅក្នុងតំបន់ខណ្ឌដង្កោ ជាពិសេសការអភិវឌ្ឍទៅលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមមានសកម្មភាពផុលផុសគួរឱ្យកត់សម្គាល់ រហូតធ្វើឱ្យអ្នកជំនាញលើវិស័យនេះចាត់ទុកថា ជាតំបន់ដែលជាប់ចំណាត់ថ្នាក់ល្អ បើធៀបជាមួយបណ្តាខណ្ឌដទៃទៀតដែលស្ថិតនៅតំបន់ជាយក្រុង។

អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ប្រាប់ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ដង្កោ គឺជាខណ្ឌដែលមានភាពងាយស្រួលក្នុងការអភិវឌ្ឍ ជាពិសេសលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ដោយសារតែខណ្ឌមួយនេះ មានសណ្ឋានដីល្អច្រើន និងស្ថិតនៅគៀកក្រុង។ លោកឧកញ៉ាបានបញ្ជាក់ថា នៅក្នុងខណ្ឌនេះ មានភាពល្អប្រសើរច្រើនទើបធ្វើឱ្យអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន សម្លឹងមើលឃើញពីសក្ដានុពល និងឱកាសដែលទទួលបានភាពវិជ្ជមានពីការវិនិយោគ។

លោកឧកញ៉ាបន្ដថា “បច្ចុប្បន្ននេះ នៅក្នុងខណ្ឌដង្កោបាននិងកំពុងតែមានការអភិវឌ្ឍវិស័យលំនៅដ្ឋានបែបបុរី តូចធំជាច្រើន ដូចជា បុរី ប៉េងហួត បុរី ជីពម៉ុង បុរីពិភពថ្មី ដែលជាការវិនិយោគ លើវិស័យលំនៅដ្ឋានកម្រិតមធ្យម ហើយក្រៅពីនេះ ក៏មានក្រុមហ៊ុនមួយចំនួនទៀតកំពុងវិនិយោគ លើវិស័យលំនៅដ្ឋានកម្រិតក្រោមមធ្យមផងដែរ”។

លោកឧកញ៉ាបន្តថា អ្វីដែលធ្វើឱ្យតំបន់ភាគខាងត្បូង នៃរាជធានីភ្នំពេញមានសក្ដានុពល ព្រោះតែតំបន់នេះមានការតភ្ជាប់ប្រព័ន្ធទឹក ភ្លើង និងមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដែលអាចតភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់នេះ មានភាពងាយស្រួលធ្វើចរាចរណ៍ នៅជិតផ្លូវសម្ដេចតេជោ៦០ម៉ែត្រ មានផ្លូវចេញទៅកាន់ផ្លូវជាតិលេខ២ និងមួយខ្សែទៀតចេញទៅកាន់ផ្លូវជាតិលេខ៣ ដែលជាចរន្ដមួយធ្វើឱ្យខណ្ឌនេះមានសក្ដានុពលនៃការធ្វើចរាចរណ៍”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ក្រៅពីនេះនៅមានរោងចក្រ ឧស្សាហកម្ម និងផែស្ងួតក៏ត្រូវបានអភិវឌ្ឍនៅទីនោះដែរ ដែលជាមូលហេតុធ្វើឱ្យតម្លៃអចលនវត្ថុនៅក្នុងតំបន់នេះមានការកើនឡើង។ ម្យ៉ាងទៀត ទិសដៅនៃការអភិវឌ្ឍនាពេលអនាគតនឹងឆ្ពោះទៅរកតំបន់ជាយក្រុង ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញចម្ងាយ៣០គីឡូម៉ែត្រ ព្រោះបច្ចុប្បន្នតំបន់កណ្ដាលក្រុងភ្នំពេញស្ទើរតែអស់ដី ក្នុងការអភិវឌ្ឍគម្រោងលំនៅដ្ឋានទៅហើយ។

ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ លោក យ៉ែន សុខលីន នាយកទីផ្សារនៃបុរី VIP ដែលកំពុងមានភាពសកម្ម ក្នុងការវិនិយោគលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមនោះបានឲ្យដឹងតាមទូរស័ព្ទនៅទី២០ ខែឧសភានេះថា ខណ្ឌដង្កោ ពិតជាមានប្រជាប្រិយភាពខ្ពស់លើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមមែន ជាក់ស្ដែងពេលនេះបុរីVIP របស់លោកបានធ្វើការអភិវឌ្ឍលំនៅដ្ឋាន ជូនអតិថិជនរហូតដល់គម្រោងទី៥ហើយ។

លោកបញ្ជាក់ទៀតថា “ដីនៅក្នុងខណ្ឌមួយនេះ នៅមានវិសាលភាពទូលាយច្រើន ហើយតម្លៃក៏មិនសូវខ្ពស់ដូចខណ្ឌមួយចំនួន ដែលស្ថិតនៅជិតកណ្តាលក្រុងដែរ ដូច្នេះវាមានភាពងាយស្រួល ក្នុងការអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃមធ្យម និងក្រោមមធ្យម ដែលស័ក្ដិសមទៅនឹងការចង់បានរបស់អតិថិជនភាគច្រើន”។ លោកបន្តទៀតថា “ លំនៅដ្ឋានដែលក្រុមហ៊ុនបុរី VIP ធ្វើការអភិវឌ្ឍ និងលក់ចេញគឺមានតម្លៃត្រឹមជាង៣ម៉ឺនដុល្លារឡើងទៅក្នុងមួយល្វែង ហើយខ្ពស់បំផុតត្រឹមតែជាង៧ម៉ឺនដុល្លារ “។

លោកសុខលីនបានបន្ថែមថា លំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមទាំងនេះមានតម្រូវខ្ពស់ ជាក់ស្ដែងគ្រាន់តែគម្រោងអភិវឌ្ឍរបស់បុរី VIP ត្រូវបានសាងសង់ និងលក់ជូនអតិថិជនបានរហូតដល់ទៅជាង ២០០០ខ្នង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)