Chivy

· 2019-05-30

អគារសិក្សា១ខ្នង មាន៣បន្ទប់ជាអំណោយសប្បុរសជនអូស្ត្រាលី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

0

ខេត្តសៀមរាប៖ លោកបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានមានប្រសាសន៍ថា សន្តិភាព គឺជាកម្រាលផ្លូវដ៏ធំទូលំទូលាយ ទទួលយកនូវការចូលរួមពីគ្រប់មជ្ឈដ្ឋាន លើវិថីនៃការអភិវឌ្ឍជាតិ។ លើជ្រុងមួយនៅក្នុងកត្តាសន្តិភាពនេះ បណ្តាអង្គការអន្តរជាតិក្រៅរដ្ឋាភិបាលនានាមួយផ្នែក ក្នុងសកម្មភាពមនុស្សធម៌ ក៏មានឱកាសយ៉ាងពេញលេញ ដើម្បីបំពេញបេសកកម្មអន្តរជាតិរបស់ខ្លួន នៅលើទឹកដី នៃមាតុភូមិកម្ពុជា ដែលធ្លាប់ទទួលរងវិនាសកម្ម ដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក សៀង ណាំ បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាមួយខ្នង មាន៣បន្ទប់ ដែលជាអំណោយរបស់សប្បុរសជនអូស្តា្រលី តាមរយៈអង្គការមូលនិធិកសាងអនាគតល្អប្រសើរ ( BBFF ) កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងសាលាបឋមសិក្សាព្រៃធំ សង្កាត់ស្រងែ ក្រុងសៀមរាប ខេត្តសៀមរាប ។

លោក សៀង ណាំ បានបន្ដថា សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត ហើយក៏ជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គមនិងប្រទេសជាតិផងដែរ។ ក្នុងន័យនេះ ការអប់រំ ការកសាងសមត្ថភាពកុមារតូចៗ នៅថ្នាក់មត្តេយ្យ និងថ្នាក់បឋមសិក្សា គឺជាមូលដ្ឋាន នៃការចាប់ផ្តើមមួយដ៏សំខាន់ នៅក្នុងប្រព័ន្ធអប់រំសិក្សា ដើម្បីបង្កើតគ្រឹះដ៏រឹងមាំ និងសមត្ថភាពពេញលេញរបស់សិស្សកុមារតូច ឆ្ពោះទៅរកឱកាស នៃការបន្តការសិក្សាថ្នាក់ខ្ពស់ រហូតទទួលបានជោគជ័យ នៅគ្រប់កម្រិតសិក្សា ប្រកបដោយគុណភាពខ្ពស់ ដើម្បីក្លាយខ្លួនជាយុវជន-យុវនារីល្អ និងជាអ្នកបន្តវេនដ៏ក្លៀវក្លា ក្នុងការដឹកនាំអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត ដែលភាសាសាមញ្ញក្នុងសង្គមខ្មែរនិយាយថា « ទំពាំងស្នងឫស្សី» ។

លោក Glen Winkler ប្រធានអង្គការមូលនិធិកសាងអនាគតល្អប្រសើរ ( BBFF ) ឲ្យដឹងថា  BBFF ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១៣ បន្ទាប់ពីមានដំណើរទស្សនកិច្ចមួយមកកាន់ខេត្តសៀមរាប ដោយនាយកក្រុមហ៊ុន Kris Matzick និង នាយក Junior Cassandra ។  អង្គការ BBFF គឺជាអង្គការសប្បុរសធម៌បំពេញការងារ ដោយស្ម័គ្រចិត្ត ហើយមានចក្ខុវិស័យ ដោយផ្តោតទៅលើការលើកកម្ពស់សុខុមាលភាព និង គាំទ្រលើវិស័យអប់រំ សម្រាប់សហគមន៍ នៃប្រទេសកំពុងអភិវឌ្ឍ ។

បេសកកម្មរបស់ BBFF គឺត្រូវធ្វើការជាមួយសហគមន៍ ដោយផ្ទាល់ ជួយដល់កុមារដែលកំពុងរស់ នៅក្នុងគ្រួសារក្រីក្រ សម្រួលលទ្ធភាពឲ្យពួកគេទទួលបាននូវការអប់រំ បង្កើតចំណេះដឹង និងជំនាញ  ព្រោះវាជាការបង្កើតឱកាសឲ្យពួកគេ អាចកសាងអនាគតដ៏ល្អប្រសើរបាន។

នៅក្នុងមូលដ្ឋានសហគមន៍ព្រៃធំនេះ កម្មវិធីរបស់ BBFF តែងតែផ្តល់អាហារូបករណ៍សម្រាប់សិស្ស ក្នុងគ្រួសារក្រីក្រចំនួន១៥០នាក់ជារៀងរាល់ឆ្នាំ  រួមទាំងឯកសណ្ឋានសិស្ស និងសម្ភារសិក្សា។មិនតែប៉ុណ្ណោះ អង្គការត្រូវបានគិតគូរដល់បញ្ហាម្ហូបអាហារសម្រាប់សិស្សទាំងនោះ។ លើសពីនេះ BBFF បានអនុវត្តកម្មវិធីរបស់ខ្លួន ជួយដល់សហគមន៍លើផ្នែកសុខុមាភាព តាមរយៈការកសាងលទ្ធភាពប្រើប្រាស់ទឹកស្អាត ដោយរួមចំណែកជាមួយអាជ្ញាធរដែនដី កាត់បន្ថយនូវភាពក្រីក្រជូនប្រជាពលរដ្ឋ ក្នុងសហគមន៍។ នេះក៏ជាគោលដៅស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ផងដែរ ៕ ដោយលោក ជា ស្រស់ និងលោក ខេង ឧត្តម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស