Rafat
· 2019-06-21
ដំណាំស្ពៃចង្កឹះ
#ស្ពៃចង្កឹះ# #កសិកម្ម# #សង្គម#
0
ស្ពៃចង្កឹះជាដំណាំបន្លែមួយប្រភេទ ក្នុងចំណោមបន្លែស្លឹកជាច្រើនដែលកសិករយើង និយមចូលចិត្តដាំព្រោះវាជា បន្លែសាមញ្ញ មួយអាចយកមកប្រើប្រាស់ ក្នុងការធ្វើម្ហូបអាហារបានច្រើនមុខដូចជាៈ ស្ល ឆា ស្ងោរ ជ្រក ។ល។ ដំបូងឡើយគេច្រើនតែដាំវានៅក្នុងសួនបន្លែ លក្ខណៈ គ្រួសារតូចៗ តែបច្ចុប្បន្នស្ពៃចង្កឹះបានក្លាយទៅជាប្រភេទបន្លែ យ៉ាងពេញនិយមធ្វើឲ្យ កសិករយើងផលិតជាច្រើនតំបន់ ហើយដំណាំលាតសន្ធឹងលើផ្ទៃដីកាន់តែច្រើនឡើងៗ ទាំងរដូវប្រាំង និងរដូវវស្សសាជាទូទៅស្ពៃចង្កឹះ អាចលូតលាស់បានស្ទើរគ្រប់រដូវ ប៉ុន្តែ នៅរដូវត្រជាក់វាលូតលាស់បានល្អជាងរដូវក្តៅ ហើយពុំសូវមានសត្វល្អិតចង្រៃស៊ីបំផ្លាញ ទៀតផង។
ប្រភេទបន្លែនេះអាចលូតលាស់បានលើដីគ្រប់ប្រភេទដូចជាៈ ដីខ្មៅដីក្រហម ដីល្បាយ ខ្សាច់ និងដីល្បប់តាមមាត់ទន្លេព្រែក បឹង និងស្ទឹង ។ ជាពិសេសដីដែលសំបូរទៅដោយជាតិ អាសូត ធ្វើឲ្យដំនាំបន្លែដុះលូតលាស់លឿន ទទួលបានទិន្នផលខ្ពស់។ វាសំបូរទៅដោយ ជីវជាតិច្រើនដូចជាៈ ជាតិប្រូតេអ៊ីន វីតាមីនអា បេ សេ ព្រមទាំងជាតិរ៉ែផ្សេងៗទៀតដូចជាៈ ជាតិកាល់ស្យូម ដែក ផូស្វ័រ និងជាតិប៉ូតាស្យូម ។ល។
១.ការជ្រើសរើសពូជ
ពូជជាកត្តាមួយយ៉ាងសំខាន់ ដែលអាចកំណត់ទិន្នផល ។ដូច្នេះយើងត្រូវការស្គាល់ពូជ ឲ្យបានច្បាស់លាស់មុនធ្វើការដាំដុះ។ នៅប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះបច្ចេកវិទ្យានៃការ បង្កាត់ពូជនៅមានកំរិតទាប ដូចនេះកសិករយើងតែងតែ ទុកពូជដោយខ្លួនឯងគឺជាពូជក្នុង ស្រុកពូជនេះពូជទាន់ទទួលបានទិន្នផលខ្ពស់ ដូចពូជបង្កាត់ឡើយ។នៅប្រទេសកម្ពុជាយើង លក្ខខណ្ឌអាចទុកពូជបានគឺ នៅរដូវរំហើយចំពោះរដូវវស្សាការទុកពូជមិនអាចធ្វើទៅបាន ទេព្រោះទឹកភ្លៀង និងអាកាសធាតុមានឥទ្ធិពលអាក្រក់ដល់ការបន្តពូជរបស់ស្ពៃ។ គ្រាប់ពូជ ដែលត្រូវជ្រើសរើសយកមកដាំ ត្រូវមានលក្ខណៈដូចខាងក្រោមៈ
ដុះលូតលាស់សមស្រប នឹងតំបន់ផលិត ហើយមិនប្រកាន់រដូវ
ផ្តល់ទិន្នផលខ្ពស់ រយៈពេលលូតលាស់ខ្លី
ពេញនិយម ក្នុងការប្រើប្រាស់លើទីផ្សារ
ធន់ទ្រាំនឹងជម្ងឺ សត្វល្អិតបំផ្លាញ
គ្រាប់ពូជសុទ្ធគ្មានជម្ងឺ សត្វល្អិតបំផ្លាញ ភាគរយដំណុះខ្ពស់
២.ការរៀបចំដី
ដំណាំបន្លែ ទាមទារការរៀបចំដីឲ្យបានល្អ គឺដីស្ងួតភ្ជួរអោយបានជ្រៅ រាស់បំបែកដី ឲ្យម៉ត់ ធ្វើយ៉ាងណាឲ្យដីធូរ ងាប់ស្មៅចង្រៃ និងសត្វល្អិតរស់នៅក្នុងដី ។ កាលណារៀបចំដី មិនបានត្រឹមត្រូវ បណ្តាលឲ្យកើតជម្ងឺ និងសត្វល្អិតបំផ្លាញច្រើនជានិច្ចជាកាលដំណាំប្រភេទ នេះត្រូវការទឹកជាប្រចាំ ដូចនេះចំការស្ពៃត្រូវមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់ស្រោចស្រព ទោះជាតំបន់ទំនាប់វាលរាប និងខ្ពង់រាបក៏ដោយ។
ក.ការរៀបចំថ្នាលសាបកូន
- ការធ្វើថ្នាលសាបកូនៈរដូវប្រាំង យើងត្រូវជ្រើសរើសដីមានជីជាតិល្អ ឆ្ងាយពីម្លប់ឈើ ស្ថិតនៅក្បែផ្ទះ និងមានរបងការពារត្រឹមត្រូវ។ ដំបូងត្រូវភ្ជួរនិងកាប់ដីឲ្យជ្រៅហាលដីឲ្យស្ងួត រយៈពេលពី ៣ទៅ ៧ថ្ងៃ ក្រោយពីដីស្ងួតហើយត្រូវវាយ ឬរាស់បំបែកដីឲ្យម៉ត់លើកជាថ្នាល ដែលមានទទឹងពី ៦០ទៅ៨០ស.មកម្ពស់ពី១០ទៅ១៥សមបណ្តោយផ្អែកទៅតាមស្ថានភាព ជាក់ស្តែងរបស់ដី ចន្លោះថ្នាលពី ៣០ទៅ៤០សមកៀរពង្រាបដីឲ្យស្មើល្អធានារក្សាសំណើម បានយូរ ធ្វើឲ្យកូនស្ពៃលូតលាស់ស្មើគ្នាល្អ។
- ការធ្វើថ្នាលសាបកូននៅរដូវវស្សា មិនខុសពីរដូវប្រាំងឡើយ តែយើងត្រូវរកទីកន្លែង ទួលខ្ពស់មិនជាំទឹក ក្រោយពេលភ្លៀងត្រូវភ្ជួរ ឬ កាបដីហាលឲ្យបានយូរថ្ងៃ ជាងរដូវប្រាំង ហើយ ត្រូវមានគំរបការពារភ្លៀងគ្របដីឲ្យស្ងួតចន្លោះពី៧ថ្ងៃ ជ្រួយដីហាលឲ្យបានច្រើនសារ បន្ទាប់មកលើកជារងឲ្យបានខ្ពស់ពី១៥ទៅ២០ស.មទទឹងពី៨០ទៅ១០០ស.មចន្លោះពីថ្នាល មួយទៅថ្នាលមួយ ពី៣០ ទៅ ៤០ ស.ម ថ្នាលសាបកូនត្រូវកៀវដីឲ្យបានស្មើរមាន ប្រឡាយបញ្ចេញទឹក។
ខ.ការរៀបចំដីសម្រាប់ស្ទូង
- នៅរដូវវស្សាៈ ការរៀបចំថ្នាលសម្រាប់ស្ទូង គឺត្រូវភ្ជួរដីឲ្យបានជម្រៅពី១៥ទៅ២០សម ហើយហាលដីឲ្យស្ងួតរយៈពេលពី៥ទៅ៧ថ្ងៃទើបរាស់បំបែកដីប្រមូលយកស្មៅចេញបន្ទាប់ មកហាលដីឲ្យបាន២ទៅ៣ថ្ងៃ។ ក្រោយមកទៀតភ្ជួរប្រែដី ហាលឲ្យបានរយៈពេល ៣ទៅ៥ ថ្ងៃទើបរាស់ និងកៀរឲ្យស្មើរល្អ។
- របៀបលើករងៈ គេលើករង ដោយប្រើនង្គ័ល គោភ្ជួរផ្គុំគ្នា។ ម្យ៉ាងទៀតលើកដោយ ប្រើចបឆាយតាមបណ្តោយខ្សែបន្ទត់ ក្រោយពីភ្ជួរផ្គុំ ឬ លើកដោយចបហើយត្រូវកៀររង នីមួយៗឲ្យស្មើរគ្នា ក្បាលរងត្រូវឲ្យត្រឹមគ្នាដែលមានទទឹងពី ៨០ទៅ១០០ស.មបណ្តោយ ជាការេល្អត្រូវមានប្រវែង ១០-២០ ម៉ែត្រ កម្ពស់រងពី១៥ទី២០សម។
- រដូវប្រាំងៈ ការរៀបចំដីស្ទូងនៅរដូវប្រាំង គឺធ្វើឡើងផ្សេងៗពីគ្នាទៅតាមប្រភេទដីនិង តំបន់ដាំដុះ នៅតំបន់ដីល្បប់តាមមាត់ទន្លេ ក្រោយពីទឹកស្រកផុត ដីចាប់ផ្តើមស្ងួត៥០%គេ ត្រូវភ្ជួរហាលដី ដោយនង្គ័លគោរយៈពេល ទៅ៥ថ្ងៃក្រោយមករាស់បំបែកឲ្យម៉ត់និងធ្វើឲ្យ បានច្រើនលើកបន្ទាប់មកហាលដីរយៈពេល២ទៅ ៣ថ្ងៃឲ្យដីស្ងួតងាប់ស្មៅហើយប្រមូលយក ស្មៅនិងសំរាមដុតចោល។ បន្ទាប់មកទៀតទើបភ្ជួរប្រែដីនិងរាស់ជាបន្តបន្ទាប់គឺឲ្យបានចំនួន ២ទៅ៣លើក ឲ្យម៉ត់ល្មម និងធវើឲ្យទឹកជ្រាបបានរហ័ស។ ចំពោះដីមិនលិចទឹកត្រូវរាស់ ប្រមូលយកស្មៅ និងកាកសំណល់ផ្សេងៗចេញ បន្ទាប់មកចាក់ផ្តើមភ្ជួរហាលដីឲ្យបាន៣ទៅ ៤ថ្ងៃ ក្រោយ មកកិនបំបែកដីឲ្យម៉ត់ហើយរាស់ជ្រួយដីឲ្យធូរឡើងវិញទើបភ្ជួរប្រែដីនិងហាលដី ចោលរយៈពេល ៥ទៅ៧ថ្ងៃ។ នៅពេលដីស្ងួតចាប់ផ្តើមភ្ជួររាស់ដីឲ្យស្មើរចំនួន២ទៅ៣លើក បន្ទាប់មកចាប់ផ្តើមលើករង ដែលមានទទឹងនិងបណ្តោយដូចគ្នាទៅនឹងរដូវវស្សាប៉ុន្តែកម្ពស់ រងពី១០ទៅ១៥ស.ម។ រងនីមួយៗត្រូវមានស.មភាពស្មើគ្នា។
៣.បច្ចេកទេសដាំដុះ
ដំនាំស្ពៃចង្កឹះគេអាចដាំបានពី ២វិធីគឺៈ ការសាបកូនហើយដកទៅស្ទូងនិងការព្រួស ដោយគ្រាប់ផ្ទាល់ក៏បាន។
ក.របៀបសាបគ្រាប់ពូជ
មុនពេលសាបគ្រាប់ពុជត្រុវយកជីកំប៉ុស្តឬជីលាមកសត្វចំនួន២បង្កី ឫ៣០គក្រទៅបាច លើថ្នាលដែលមានផ្ទៃដី ១០ទៅ១៥ម២ រួចហើយយកជី១៥.១៥.១៥ចំនួន២០០ក្រាមឬប្រាំ ស្លាបបាយ និងថ្នាំFuradan 3H ចំនួន៥០ក្រាមទៅបាចពីលើថ្នាលហើយរាស់លុបទៅក្នុងដី ក្រោយមកស្រោចទឹកឲ្យជោគគ្រាប់ពូជត្រូវយកមកត្រាំជាំមួយទឹក ដែលបានលាយជាមួយថ្នាំ Captan៥ក្រាមលាយជាំមួយទឹក១លីត្រត្រំារយៈពេល១០នាទី បន្តាប់មកស្រង់ហាលគ្រាប់ឲ្យ ស្រស់ទឹកទើបយកទៅសាប។ ត្រូវប្រើគ្រាប់ពូជចំនួនពី១៥ទៅ១៦ក្រាម ឬ១សា្លបព្រាបាយ ក្នុងផ្ទៃដី ១០ម៉ែតការេ។
ក្រោយសាបរួចហើយព្រាចកំណាត់ចំបើងស្ងួតខ្លីៗ ឲ្យពេញលើថ្នាលហើយស្រោច ទឹកឲ្យជោគ ទើបគ្របស្លឹកចេកពីលើ បន្ទាប់មកស្រោចទឹករាស់ថ្ងៃ គឺមួយថ្ងៃ ២លើក ព្រឹក ល្ងាច។ រយៈពេលក្រោយសាបចំនួន២យប់ត្រូវបកស្លឹកចេកនោះចេញពេលនោះកូនស្ពៃ ចាប់ផ្តើមដុះ។
ខ.របៀបស្ទូង
ក្រោយពីសាបរយៈពេល ១៤ទៅ១៦ថ្ងៃ កូនស្ពៃមានសន្លឹក ៣កម្ពស់ពី ៨ទៅ១០សម កេអាចដកកូនស្ពៃទៅ ស្ទូងបាន ។ នៅមុនពេលដកកូនស្ពៃត្រូវស្រោចទឹកឲ្យជោគរយៈពេល ២០ទៅ៣០នាទី ចំពោះថ្នាលសម្រាប់ស្ទួងដំបូងត្រូវយកជីធម្មជាតិពុកផុយល្អចំនួន២បង្គី ស្មើ នឹង៣០គក្រ ជី១៥-១៥-១៥ចំនួន ២០ឥ ក្រាមស្មើនឹង២ខាំទៅបាចលើរងប្រវែង១០ទៅ១៥ ម ហើយរាស់លុបទៅក្នុងដី បន្ទាប់មកស្រោចទឹកឲ្យជោគទើបស្ទូងតាមក្រោយ។ ជាការល្អ ត្រូវស្ទូងពេលថ្ងៃរសៀលត្រជាក់។ រីឯចន្លោះគុម្ព និងចន្លោះជួរដែលត្រូវស្ទូងគឺ២៥X២៥សម ក្រោយស្ទូង ហើយត្រូវស្រោចទឹកឲ្យជោគ។ ដើម្បីបន្ថយកំដៅដីនិងការពារការហាប់ដីព្រម ទាំងអាចរក្សាសំណើមដីបានយូរ ចំាបាច់ត្រូវព្រាស់ចំបើងស្ងួតឲ្យសព្វល្អពេលើផ្ទៃរងហើយ ស្រោចទឹក៣ ដងក្នុង១ថ្ងៃ ស្រោចក្នុងរយៈពេល៣ ថ្ងៃក្រោយស្ទូង។
គ.របៀបដាំដោយសាបគ្រាប់ផ្ទាល់
ក្រោយពីការរៀបចំរងហើយ ត្រូវយកជីកំប៉ុស្ត និងជី ១៥ ១៥ ១៥ ចំនួនដូចខាងលើ មកព្រាចលើថ្នាល ហើយរោយថ្នាំ Furadan 3H ចំនួន ៣ ស្លាបព្រាបាយហើតរាស់លុបទៅ ក្នុងដី បន្ទាប់មកស្រោចទឹកឲ្យជោគ ។ ចំពោះគ្រាប់ពូជដែលត្រូវយកមកព្រួសត្រូវព្រួសឲ្យ រង្វើលៗ ក្នុងកំរិតកន្លះស្លាបព្រាបាយ ស្មើនឹង ៨ ក្រាមលើផ្ទៃថ្នាល ១០ម២។ ក្រោយពីព្រួស ហើយត្រូវ ព្រាចកំណាត់ចំបើងស្ងួតពីលើទបស្រោចទឹកតាមក្រោយ។ ដើម្បីឲ្យកូនស្ពៃ ដុះស្មើគ្នាល្អ រយៈពេល២តៅ៣ ថ្ងៃដំបូង ត្រូវស្រោចទឹក៣ ដងក្នុង១ថ្ងៃ។ ក្រោយពេល កូនស្ពៃដុះបានរយៈពេល ៧ទៅ១០ ថ្ងៃគេ ត្រូវដក រំលោះកូនស្ពៃចេញខ្លះនៅត្រង់កន្លែង ដែលញឹកពេក គឺត្រូវរក្សាចំនួនដើមស្ពៃត្រឹមតែ ២០ ទៅ ២២ដើម/ម២។
៤.ការថែទាំ
ក.ការស្រោចស្រព
ការស្រោចស្រពអាចធ្វើបានច្រើនរបៀបគឺ ស្រោចដោយប៉ោតមួយថ្ងៃស្រោច២លើក ព្រឹកល្ងាច ដំណាំស្ពៃចង្កឹះមិនត្រូវការទឹកច្រើនពេកទេតែវាត្រូវការជាំប្រចំារៀង រាល់ថ្ងៃ។ បច្ចុប្បន្នកសិករអាចស្រោចស្រពដោយម៉ាស៊ីនគឺ ដាក់ជំពួយផ្កាឈូកបាញ់ឲ្យជោគ១ថ្ងៃម្តង តែវីធីនេះធ្វើឲ្យដីឆាប់ហាប់កាលណាគេស្រោចដោយម៉ាស៊ីនបាញ់ចាំបាច់ ត្រូវគ្របចំបើង ឲ្យក្រាស់។
ខ. កាដាក់ជី
ស្ពៃចង្កឹះជាបន្លែដែលត្រូវការជាចាំបាច់នូវជីជាតិ អាសូត ផូស្វាតនិង ប៉ូតាស្យូមប៉ុន្តែ សេចក្តីត្រូវការនេះត្រូវបែងចែកទៅតាមដំណាក់កាលលូតលាស់របស់វា។ ប្រភេទបន្លែស្លឹក ត្រូវការជាតិអាសូតច្រើនជាងគេដូច្នេះការដាក់ជីត្រូវធ្វើឡើងដោយអនុលោមទៅ តាមប្រភេទ ដីអាយុកាល និងប្រភេទជី។ ក្រោយសាបបានពី១០ទៅ១២ថ្ងៃត្រូវយកជីអ៊ុយរ៉េចំនួន១ស្លាប ព្រាបាយលាយទឹក២០លីត្រស្រោចលើផ្ទៃរង១០ទៅ១៥ម២រយៈពេលមួយសប្តាហ៍ម្តងៗ។
គ. ការសំអាតស្មៅជ្រំដីពួនគល់
ស្មៅជាកត្តាចង្រៃយ៉ាងច្រើនគឺ វាជាជម្រកសត្វល្អិត ដណ្តើមទឹក ពន្លឺ និងជីជាតិពី ដំណាំ។ អ្នកត្រូវដកស្មៅចេញដោយប្រើកូនចបតូចៗ រយៈពេលពី ៧ទៅ ១០ថ្ងៃ ក្រោយ សាប ឬស្ទូង ត្រូវដកស្មៅជ្រំជ្រួយដី ឲ្យធូរ ដើម្បីរក្សាសំណើមបានល្អ។ មួយអាយុកាល របស់ស្ពៃអ្នកអាច ដកស្មៅចំនួន ២ទៅ ៣ លើក ។ ចំពោះការជ្រំជ្រួយដីធ្វើឡើងតែមួយ លើកតែប៉ុណ្ណោះ។
ឃ. អំពីសត្វល្អិត និង វិធានការការពារ
អំពីជម្ងឺសំខាន់ៗ
ជម្ងឺដែលតែងតែកើតលើដំណាំស្ពៃចង្កឹះភាគច្រើនជាជម្ងឺផ្សិត និងជម្ងឺបាក់តេរី។ ជម្ងឺ នេះធ្វើឲ្យស្លឹកស្ពៃមានចំណុចអុចសៗហើយស្ងួតព្រមទាំងរលួយស្លឹកផ្នែកខាងលើក្រោយមក រីករាលពាសពេញផ្ទៃរង កូនស្ពៃជម្ងឺរលួយគល់ ស្ពៃដែលបណ្តាលមកពីបាក់តេរីភាគច្រើន ធ្វើឲ្យរលួយធាងស្ពៃក្បែរដីនិងគល់។ លក្ខខណ្ឌដែលបណ្តាលឲ្យកើតជម្ងឺនេះគឺអាកាសធាតុ ក្តៅខ្លាំង ដីសើម ភ្លៀងធ្លាក់ច្រើន។
* វិធានការការពារ និងកំចាត់
ត្រូវស្ទូងឲ្យរង្វើល ហាលដីឲ្យស្ងួតមុននឹងស្ទូងលាយ ថ្នាំនឹងគ្រាប់ពូជ មុនពេល សាប ដក ចោលហើយបាញ់ថ្នាំផ្សិតប្រភេទ Captan ឬBenomy1 កំរិតប្រើពី ២០ ទៅ ២៥ ក្រាម លាយទឹក ១៥ ទៅ ២០ លិត្រ មួយសប្តាហ៍ បាញ់ ២ដងហើយបន្ថយការ ស្រោចទឹកនិង ដាក់ជី ។
ង. អំពីសត្វល្អិត
ដង្កូវយោលទោង
ដង្កូវប្រភេទនេះជាសត្រូវបំផ្លាញយ៉ាងខ្លាំងចំពោះដំណាំអំបូរស្ពៃជាពិសេសនៅរដូវ ប្រាំចាប់ពីខែធ្នូ ឬខែកុម្ភៈ រហូតដល់ខែមេសា។ វាស៊ីក្លរូភីល ដោយទុកតែភ្នាសសៗពេញ លើផ្ទៃស្លឹក មេអំបៅ វាតែងចេញមកពងនៅពេលយប់ នៅផ្នែកខាងលើស្លឹករយៈពេល២០ ទៅ ២៥ម៉ោង វានឹងញាស់បន្ទាប់មកចាប់ផ្តើមស៊ីបំផ្លាញ។
សត្វចាគូៈ ដំបូងជាមេចំណាស់ ពងដាក់លើដី ក្បែរគល់ដំណាំ ក្រោយពីពងរយៈពេល៣៥ទៅ ៤២ម៉ោងវានឹងញាស់ហើយចាប់ផ្តើមស៊ីឫសស្ពៃនៅក្នុងដីជាដំណាក់កាលដង្កូវរយៈពេល ១សប្តាហ៍ក្រោយមកវាចាប់ផ្តើមញាស់ទៅជាសត្វចាគូហើយហើរជាហ្វូងៗមកចោះជញ្ជក់ ស្លឹកធ្វើឲ្យស្លឹកស្ពៃធ្លុះលែងលូតលាស់។ លក្ខណៈរូបរបស់វាមានមាឌតូចស្លាបពណ៌ស ឬ លឿងអមបណ្តោយស្លាបប្រវែងមិនលើសពី២ម.ម។
ដង្កូវកាត់ដើមៈ មេអំបៅហើរពងដាក់គែមស្លឹក ក្បែរដី ក្រោយពីវាញាស់កូនដង្កូវទម្លាក់ខ្លួនចូលទៅក្នុង ដីនៅពេលយប់ ដង្កូវចេញពីដីហើយកាត់បំផ្លាញគល់ស្ពៃឬស្លឹកស្ពៃ។ ការបំផ្លាញរបស់ដង្កូវ ប្រភេទនេះធ្វើឲ្យបាត់បង់ចំនួនដើមជាច្រើនក្នុងមួយថ្នាលៗ។
ចៃបៃតងៈ ចៃប្រភេទជញ្ជក់យករុក្ខរសពីស្លឹកស្ពៃ ធ្វើឲ្យស្ពៃរួញលែងលូតលាស់។ សញ្ញាសំគាល់ នៅពេលមានចៃនៅក្នុងចំការគឺ មានស្រមោចឡើង។
* វិធានការការពារ និងកំចាត់
វិធានការការពារតាមបែបជីវសាស្រ្តៈ ត្រូវជ្រើសរើសរដូវដំាដុះរៀបចំឲ្យបានល្អកំចាត់ ស្មៅស្រោចទឹកជាប្រចំាស្ទូងតាមចន្លោះគុម្ពតាមការកំណត់ ឆ្លាស់មុខដំណាំប្រើវិធានការចំរុះ ការពារដំណាំ។ វិធានការកំចាត់តាមបែបប្រើថ្នាំគីមីមានថ្នំាពុលជាច្រើនប្រភេទដែលត្រូវយក មកប្រើ ដើម្បីកំចាត់សត្វល្អិតដូចជាថ្នាំ បេតេ (BT), វិតាហ្គ្រូ(Vitagro),ឌីភិល(Dipel), ហ្វូបបាក់ (Florback), សេដាប់បែលយូឌី (Cwd), សង់ដីរ(Zandor)សម្រាប់តែដង្កូវយោលទោង។ ក្រៅពីនេះគេប្រើថ្នាំ ហ្វុយរ៉ាដង់ (Furadan 3H) មកបាចដោយប្រើក្នុងកំរិត ១៥០ ក្រាមលើផ្ទៃដី ១០ទៅ ១៥ ម២ មុននឹងបាចត្រូវស្រោចទឹកឲ្យជោគជាមុន។
៥.ការបន្សុទ្ធពូជ និងទុកពូជ
* ការបន្សុទ្ធពូជ
ដើម្បីឲ្យការផលិតនឹងរក្សាពូជស្ពៃចង្កឹះ នៅតែសុទ្ធល្អ អ្នកដាំដុះត្រូវអនុវត្តន៍ដូចជាៈ
- ស្ទូងស្ពៃចង្កឹះឲ្យរង្វើលចន្លោះគុម្ព ៤០x៤០ សម នៅពេលស្ពៃកំពុងលូតលាស់ត្រូវ ពិនិត្យពណ៌នៃធាង ស្លឹកទ្រង់ទាយធាង ស្លឹកមូល ទ្រវែងធាងពណ៌បៃតងខ្ចីធំផ្នែកខាងគល់ ផ្នែកកធាងស្លឹករលាង ឈរត្រង់ អាយុចេញផ្កាក្រោយស្ទូងបានចំនួនពី៣៧ទៅ៤០ថ្ងៃចំនួន ធាងសរុបពី១៤ទៅ១៦ធាង។បន្ទាប់មកទៀតត្រូវដាក់ផ្លាក់សំគាល់របស់ដើមនីមួយៗដោយ ឡែកពីគ្នា។
- នៅពេលស្ពៃចង្កឹះចាប់ផ្តើចចេញផ្កាដំបូងត្រូវបន្ថែមជី ១៥ ១៥ ១៥ ចំនួន២៥០ទៅ ៣០០ ក្រាមលើផ្ទៃដី ១០ ទៅ ១៥ម២ នៅតាមចន្លោះគុម្ព ហើយស្រោចទឹកអោយជោគ ជារៀងរាល់ថ្ងៃ រហូតដល់ផ្លែស្ពៃចាប់ផ្តើមទុំបានប្រមាណ ៥០% នៃចំនួនផ្លែក្នុងស្មែងទើប ទើបផ្អាកការស្រោចទឹក។
៦-ការប្រមូលផល
ការប្រមូលផលសម្រាប់ធ្វើបន្លែ គេអាចធ្វើការប្រមូលផលបាននៅពេលស្ពៃអាយុក្រោម ១ខែ តែចំពោះការប្រមូលផលសម្រាប់ទុកពូជគឺត្រូវច្រូតយកដើម ស្ពៃមកហាលថ្ងៃឲ្យស្ងួត បន្ទាប់មកធ្វើការបោកបែន សំអាតគ្រាប់ ហើយហាលថ្ងៃអោយស្ងួតរយៈពេល២ទៅ ៣ថ្ងៃ ទើបច្រកចូលដប កញ្ចប់ក្រដាស់ ឬកញ្ចប់ក្រដាស់អាលុយមីញ៉ូម បិតជិតរក្សាទុកនៅកន្លែង ដែលមានអាកាសធាតុត្រជាក់ធម្មតា ហាមត្រូវកំដៅថ្ងៃនិងសើម។ ដប់និងកញ្ចប់នីមួយៗត្រូវ តែដាក់ឈ្មោះអោយបានត្រឹមត្រូវ។
* ការទុកដាក់ពូជ
ដើម្បីអោយគ្រាប់ពូជល្អ រក្សាដំណុះបានយូមិនត្រូវហាលនៅក្រោមកំដៅថ្ងៃផ្ទាល់ឡើយ គឺហាលនៅក្រោមកំដៅដែលមានសំណាញ់ជារបាំងការពារកំដៅ។ ជាពិសេសអ្នកហាលត្រូវ នៅក្រោមខ្យល់ឮស្ងួត។ ឧបករណ៍ទុកដាក់ពូជប្រភេទសម្ភារៈមិនចម្លងសំណើមដូចជាៈ ដប កែវបិទជិត ក្រដាស់អាលុយមីញ៉ូម ក្រោយពីច្រកហើយត្រូវបិទផ្ជិតមាត់ភ្លាមហើយត្រូវយក ទៅរក្សាទុកក្នុងកន្លែដែលមានកំដៅថេរល្អ ស្ងួត ពន្លឺថ្ងៃមិនអាចចាំងចូលបាន ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)